លោក ឡាំ ប៊ុនថន ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន ល្បី​ប្រើ​ជំនាញ​កើប​លុយ​យ៉ាង​សុខ​ស្រួល​ពី​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ដែល​ហូរ​ចូល​ពី​ប្រទេស​ថៃ​ដូច​ភ្លៀងរលឹម​

​ខេត្តបន្ទាយមានជ័យ​៖ មាន​សេចក្តីរាយការណ៍​ពី​តំបន់​ច្រក​បឹង​ត្រកួន​ថា សព្វថ្ងៃនេះ​សកម្មភាព ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ការ​លួច​នាំចូល​រថយន្ត​គេចពន្ធ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​យ៉ាង​អនាធិបតេយ្យ ដែល​គេ​សង្ស័យថា លោក ឡាំ ប៊ុនថន ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន និង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ចែកគ្នា​ឆៅៗ​បិទបាំង​ថ្នាក់លើ​យ៉ាង​សុខ​ស្រួល ប៉ុន្តែ​ប្រសិនបើ​លោក​មេ​គយ ឡាំ ប៊ុនថន ដឹកនាំ​កូនចៅ​ថ្នាក់ក្រោម​រឹតបន្តឹង​បង្ក្រាប​ប្រមូល​ពន្ធ​ចូល​រដ្ឋ​វិញ​មិនដឹង​ជា លើស​ផែនការ​ប៉ុន្មាន​នោះទេ ព្រោះ​អត្ថិភាព​នៃ​ប្រភព​ប្រមូល​ពន្ធ​នៅ​ទូលំទូលាយ​នៅឡើយ តែ​ប​ច្ចប្ប​ន្ន​វា​ត្រឹមតែ​ប្រភព​ចំណូល​ហោប៉ៅ​លោក​មេ​គយ ឡាំ ប៊ុនថន និង​បក្ខពួក​មួយ​ក្តាប់​តូច​តែប៉ុណ្ណោះ​ទៅវិញ ។

មាន​ក្រុម គយ​ចល័ត​២​ក្រុម​ក្រោម​ការគ្រប់គ្រង របស់លោក ឡាំ ប៊ុនថន ប្រធានការិយាល័យ​គយ ច្រក ទ្វារ​ព្រំដែន​តំបន់​បឹង​ត្រកួន តែងតែ​ធ្វើ​សកម្មភាព​ជាប្រចាំ​សម្រាប់​ដេញ​ទប់ស្កាត់ បង្ក្រាប និង​ត្រួតពិនិត្យ​ទំនិញ ព្រោះ​តាម​គោលការណ៍​ទំនិញ​ទាំងឡាយ​ត្រូវ​នាំចេញ​ចូល​ឆ្លង​ព្រំដែន​គឺធ្វើឡើង​តាម​ច្រកទ្វារ​ស្របច្បាប់​។ ជាមួយគ្នានេះ​ក្រុម​ឈ្មួញ និង​អាជីវករ​រកស៊ី​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម​តាម​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​បាន​ឲ្យ​ដឹងថា ក្រុមការងារ​ចល័ត​២​ក្រុម នោះ​ហើយ គឺជា​ក្រុម​ដែល​ចាំ​កាក់​រថយន្ត​យកលុយ​ឆៅៗ គ្មាន​វិក្កយបត្រ​ទេ​។ ពួកគាត់​ជួប​ការលំបាក​យ៉ាងខ្លាំង ព្រោះ​គយ​ចល័ត​២​ក្រុម​នោះ​តែង​កោសរូស​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត បើទោះបី​ពួកគាត់​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ​។​

​គេ​កត់សម្គាល់​ឃើញថា តំបន់​ព្រំដែន​កម្ពុជា​ថៃ ព្រំប្រទល់​ស្រុក​ថ្មពួក ក្នុង​មួយថ្ងៃៗ​មាន​ទំនិញ នាំចូល​ពី ប្រទេស​ថៃ ស្ទើរ​គ្រប់​ប្រភេទ និង​មាន​លួច​នាំចូល​រថយន្ត ដោយសារ​មានការ​ត្រូវរ៉ូវ​គ្នា​យ៉ាង​រលូន រវាង​សមត្ថកិច្ច ឈរជើង​តាម​ព្រំដែន សមត្ថកិច្ច​តាម​ដងផ្លូវ មានការ​ឃុបឃិត ជាមួយ​ក្រុម​ឈ្មួញ ជាពិសេស​ជំនាញ​គយ របស់លោក ឡាំ ប៊ុនថន ជា​អ្នក​បើកភ្លើង​ខៀវ​សម្របសម្រួល​ជូន​យ៉ាង​សុវត្ថិភាព ដែល​ធ្វើ​ឲ្យ​សកម្មភាព​រត់ពន្ធ​ឡាន និង​ទំនិញ​ល្បីល្បាញ​ពេញ​ខេត្តបន្ទាយមានជ័យ​។ ហើយ​ករណីនេះ​គួរតែ លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ធ្វើការ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៅមាន​ចន្លោះប្រហោង​ក្នុង​អនុវត្ត​ការប្រមូល​ពន្ធ​របស់ លោក ឡាំ ប៊ុនថន ឡើងវិញ​ព្រោះ​ផែនការ​ប្រមូលប្រាក់​ពន្ធ​អាច​ទាប​នៅឡើយ ទើប​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​នៅតែ​ហូរ​ចូល ដោយ​គ្មាន​ការបង្ក្រាប​៕

KA-01-04-2016-01

លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា

KA-01-04-2016-02 KA-01-04-2016-03