បណ្តាំ​ដ៏​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​របស់​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ពាក់ព័ន្ធ​នឹង​ការ​ការពារ​ និង​អភិរក្ស​ដើម​ត្នោត​ ដែល​ជា​និមិត្តរូប​ជាតិ​

​ដើម​ត្នោត​ មានឈ្មោះ​វិទ្យាសាស្ត្រ​ថា​ "Borassus​ flabellifer"​ និង​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ "Sugar​ Palm"​ ដែល​ជា​ប្រភេទ​រុក្ខជាតិ​មាន​សារៈ​ប្រយោជន៍​ពិសេស​ច្រើន​យ៉ាង​ និង​មាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់​ ព្រមទាំង​ផ្សារ​ភ្ជាប់​ជាមួយ​ប្រវត្តិសាស្ត្រ​ និង​វប្បធម៌​ដ៏​យូរលង់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ (​តំណាង​ឲ្យ​វប្បធម៌​ខ្មែរ​ដូច​មាន​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​ជា​សក្ខីភាព​ស្រាប់​)​ ត្រូវ​បាន​ចាត់ទុកជា​រុក្ខជាតិ​សម្រាប់​ជា​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣០៥/១៤៩​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០០៥​ ស្តី​ពី​ការ​កំណត់​ប្រភេទ​សត្វ​ និង​រុក្ខជាតិ​សម្រាប់​ជា​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ដោយសារ​ដើម​ត្នោត​ត្រូវ​បាន​ចាត់ទុកជា​រុក្ខជាតិ​សម្រាប់​ជា​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ ទើប​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ ធ្លាប់​បាន​ចេញ​បទបញ្ជា​​លេខ​០៥​បប​ ចុះ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០០៦​ ស្តី​ពី​វិធានការ​ការពារ​ និង​អភិរក្ស​ដើម​ត្នោត​ មាន​ចំនួន​១២​ចំណុច​ ក្នុង​ន័យ​ដើម្បី​ធានា​បាន​នូវ​ការ​គ្រប់គ្រង​ និង​ការ​ប្រើប្រាស់​ដើម​ត្នោត​ប្រកបដោយ​និរន្តរភាព​ ទោះជា​ក្នុង​រូបភាព​ឯកជន​ គ្រួសារ​ សមូហភាព​ ឬ​សាធារណៈ​ក្តី​ និង​ដើម្បី​រក្សា​បាន​នូវ​ផលប្រយោជន៍​សង្គម​ សេដ្ឋកិច្ច​ បរិស្ថាន​ និង​វប្បធម៌​របស់​ប្រទេស​ជាតិ​ ។​

​ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​លេខ​០៥​បប​ ចុះ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០០៦​ ស្តី​ពី​វិធានការ​ការពារ​ និង​អភិរក្ស​ដើម​ត្នោត​រួច​ហើយ​ក៏​ដោយ​ ការ​កត់សម្គាល់​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ គឺ​សកម្មភាព​នៃ​ការ​កាប់​បំផ្លិចបំផ្លាញ​ដើម​ត្នោត​នៅ​តែ​បន្ត​ប្រព្រឹត្ត​ឡើង​យ៉ាង​អនាធិបតេយ្យ​ ខណៈ​មន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​នា​ពេល​កន្លង​មក​ មិនសូវ​បាន​ចាប់អារម្មណ៍​ទៅ​នឹង​ករណី​វិនាសកម្ម​ដើម​ត្នោត​នេះ​ឡើយ​ ។​

​ដោយឡែក​ ក្នុង​នាម​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​មួយ​រូប​ ដែល​កំពុង​កាន់​តំណែង​នៅឡើយ​នោះ​ ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ បាន​មាន​ប្រសាសន៍​ណែនាំ​ឲ្យ​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ក្រោម​ឱវាទ​ក្រសួង​ បន្ត​កប់​គ្រាប់ត្នោត​នៅ​តាម​ដងផ្លូវ​ជនបទ​ (​យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ Page​ ក្រសួង​អភិវឌ្ឍន៍ជនបទ​ ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នា​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៦)​ ។​

​យោង​តាម​គម្រោង​រុះរើ​គណៈរដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ នឹង​ត្រូវ​តែងតាំង​ជា​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​វិញ​ បន្ទាប់​ពី​ទទួល​បានការ​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៣​កន្លង​មក​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ចការ​សង្គម​ និង​អ្នកប្រវត្តិសាស្ត្រ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការណ៍​ដែល​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ណែនាំ​ឲ្យ​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់​បន្ត​កប់​គ្រាប់ត្នោត​នៅ​តាម​ដងផ្លូវ​ជនបទ​នោះ​ គឺជា​បណ្តាំ​ដ៏​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​របស់​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ក្នុង​ន័យ​ចូលរួម​ចំណែក​ការពារ​ និង​អភិរក្ស​ដើម​ត្នោត​ ដែល​ជា​និមិត្តរូប​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​គង់វង្ស​ ៕​

បណ្តាំ​ដ៏​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​របស់​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ពាក់ព័ន្ធ​នឹង​ការ​ការពារ​ និង​អភិរក្ស​ដើម​ត្នោត​ ដែល​ជា​និមិត្តរូប​ជាតិ​បណ្តាំ​ដ៏​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​របស់​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ពាក់ព័ន្ធ​នឹង​ការ​ការពារ​ និង​អភិរក្ស​ដើម​ត្នោត​ ដែល​ជា​និមិត្តរូប​ជាតិ​ បណ្តាំ​ដ៏​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​របស់​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ពាក់ព័ន្ធ​នឹង​ការ​ការពារ​ និង​អភិរក្ស​ដើម​ត្នោត​ ដែល​ជា​និមិត្តរូប​ជាតិ​

Related