CAMFEBA បើក​មហាសន្និបាត​ប្រចាំឆ្នាំ និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាភិបាល​អាណ​តិ្ត​ថ្មី​

CAMFEBA បើក​មហាសន្និបាត​ប្រចាំឆ្នាំ និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាភិបាល​អាណ​តិ្ត​ថ្មី​



ភ្នំពេញ​ ៖ សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ បាន​បើក​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​១៦ និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាភិបាល​អាណ​តិ្ត​ថ្មី (២០១៦-២០១៨) ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​

មហាសន្និបាត​លើក​តី​១៦ និង​ពិធី​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាភិបាល​សម្រាប់​អាណត្តិ​ថ្មី​ឆ្នាំ​២០១៦-២០១៨ រៀបចំឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​យ៉ាង​អធិកអធម​ពី​សំណាក់​ក្រុមប្រឹក្សាភិបាល លេខាធិការដ្ឋាន​របស់​សហព័ន្ធ លោក លោកស្រី ដែលជា​ថ្នាក់ដឹកនាំ និង​តំណាង​នៃ​បណ្តា​សហគ្រាស ក្រុមហ៊ុន អង្គការ​ក្រោ​រដ្ឋាភិបាល និង​សមាគម​ពាណិជ្ជកម្ម​នានា​នៅក្នុង​ប្រទេស​ប្រមាណ​ជាជាង​២០០​នាក់​។

ថ្លែង​នៅក្នុង​ពិធី​នេះ លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) បាន​ថ្លែង​មតិ​ស្វាគមន៍​ចំពោះ​វត្តមាន​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​បណ្តា​សហគ្រាស ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និង​សមាគម​នានា​ដែលជា​សមាជិក​របស់​ស​ហ​ព័ន្ធ​ក្នុងការ​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស និង​ជាស​ក្សី​សម្រាប់​ការជ្រើសរើស​ក្រុមប្រឹក្សាភិបាល​ថ្មី​សម្រាប់​អាណត្តិ​២០១៦-២០១៨ របស់​សហព័ន្ធ​នៅក្នុង​ថ្ងៃនេះ​។​
​ចំណែក​លោក អ៊ិត សំហេង បាន​ថ្លែង​ចំណាប់អារម្មណ៍ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ទៅកាន់​អង្គពិធី​ទាំងមូល ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ CAMFEBA ក្នុងការ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ជាពិសេស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងការ​លើកកម្ពស់​ភាព​សុខដុមរមនា​រវាង​និយោជក និង​និយោជិត ដើម្បី​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​ភាព​ទាក់ទាញ​ខាង​ផ្នែក​វិនិយោគ និង​មានការ​ប្រកួតប្រជែង​ខ្លាំង​បំផុត​នៅក្នុង​តំបន់​។
​សូមបញ្ជាក់ថា នៅក្នុង​ពិធី​នោះ សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​របស់ CAMFEBA បានធ្វើ​បទ​បង្ហាញ​ស្តីពី​ចំណុច​សំខាន់ៗ​មួយចំនួន​រួមមាន​សមិទ្ធផល​ការងារ ដែល CAMFEBA សម្រេចបាន​ក្នុង​ឆ្នាំ​២០១៥ របាយការណ៍​ហិរញ្ញវត្ថុ ផែនការ​សកម្មភាព និង​ការងារ​ជា​អាទិភាព​របស់​សហព័ន្ធ​សម្រាប់​ឆ្នាំ​២០១៦ ហើយ​ក្រុមប្រឹក្សាភិបាល​ថ្មី​មាន​សមាជិក​ចំនួន​១១ រូប ដែល​មកពី​គ្រប់ផ្នែក​នៃ​វិស័យ​ឯកជន​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​បំពេញ​តួនាទី​ជា​ក្រុមប្រឹក្សាភិបាល​សម្រាប់ CAMFEBA អាណត្តិ​ថ្មី​នេះ​។ បេក្ខជន​ដែល​ត្រូវបាន​ជ្រើសរើស ត្រូវខិតខំ​ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អាទិភាព​ដែល​ស្របទៅតាម​ទស្សនវិស័យ និង​ចក្ខុវិស័យ​របស់​សហព័ន្ធ​។

គួរ​រំលឹក​ផងដែរ​ថា CAMFEBA ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០០ និង​បានទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា សហជីព កម្មករ និយោជិត ព្រមទាំង​ស្ថាប័ន​នានា ក្នុង និង​ក្រៅប្រទេស​ថា​ជា​អង្គការ​តែមួយគត់ ដែល​តំណាង​ឲ្យ​និយោជក​គ្រប់​វិស័យ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។

CAMFEBA បាន​ផ្តល់នូវ​សេវាកម្ម​យ៉ាង​ទូលំទូលាយ​ទៅ​ឲ្យ​សមាជិក​ជាង​២០០០ សហគ្រាស តាមរយៈ ទី​១-​សេវា​ប្រឹក្សា​យោបល់​បញ្ហា​ការងារ និង​ពាណិជ្ជកម្ម ទី​២-​ការចែក​ចាយ និង​ផ្សព្វផ្សាយ​ព័ត៌មាន ទី​៣-​ការបណ្តុះបណ្តាល និង​ការអភិវឌ្ឍ ទី​៤-​ការតស៊ូ​មតិ ការផ្តល់សេវា​ឯកសារ​គតិ​យុ​តិ្ត ទី​៥-​ការស្រាវជ្រាវ និង​បោះពុម្ពផ្សាយ​។ លើសពីនេះទៅទៀត CAMFEBA គឺជា​សមាជិក​របស់​អង្គការ​និយោជក​អន្តរជាតិ (IOE) សម្ព័ន្ធ​និយោជក​អាស៊ី​-​ប៉ាស៊ីហ្វិក (CAPE) និង​ជា​ប្រធាន​សម្ព័ន្ធ​និយោជក​អាស៊ាន (ACE)៕