ទំនាស់​ព្រំ​ដី,​ ​បុរស​ម្នាក់​​ត្រូវ​ដេក​ពេទ្យ ​បុរស​ម្នាក់​ទៀត​ត្រូវ​ដេក​គុក

ទំនាស់​ព្រំ​ដី,​ ​បុរស​ម្នាក់​​ត្រូវ​ដេក​ពេទ្យ ​បុរស​ម្នាក់​ទៀត​ត្រូវ​ដេក​គុក



ពោធិ៍សាត់ ​៖ ​បុរស​ម្នាក់ ​បាន​រង​របួស​បាក់​ដៃ​ម្ខាង​​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​បុរស​ម្នាក់​ទៀត​ត្រូវ​នគរបាល​មូលដ្ឋាន​ចាប់​ខ្លួន​ចាត់ការ​តាម​នីតិ​វិធី​ ​ក្រោយ​ពី​​មាន​អំពើ​ហិង្សា ដោយ​បុរស​ម្នាក់​បាន​​​ប្រើ​ដែក​ថ្នាំង​​​អំពៅ​វាយ​ទៅ​លើ​គូ​ទំនាស់​រឿង​​ក្នុង​​ជម្លោះ​រឿង​ព្រំ​ដី​រួច​មក។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ ថ្ងៃ​ទី​៣១ ខែ​មីនា​ ឆ្នាំ​២០១៦ ​ត្រង់​ចំណុច​ឃ្លាំង​ពោត​ ក្នុង​ភូមិ​ព្រែក​មួយ ​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

មន្ត្រី​រដ្ឋបាល​ នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ឃុំ​សំរោង ​បាន​ឲ្យ​ដឹង​ថា ​៖​ ជនសង្ស័យ​ចាប់ខ្លួន​ពី​បទ​ហិង្សា​ ដោយ​ចេតនា​ ឈ្មោះ​ មួយ ច​យ អាយុ​២៧​ឆ្នាំ ភេទ​ប្រុស​ ឯ​ជនរងគ្រោះ​ឈ្មោះ​ ភោគ រុន ​អាយុ​៤១​ឆ្នាំ​ ភេទ​ប្រុស ​រង​បួស​បាក់​ដៃ​ខាង​ឆ្វេង។ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ ដោយ​ផ្ទះ​ជាប់​ដី​ព្រំ​គ្នា។

មន្ត្រី​ដដែល​បាន​បន្ត​ថា ​៖ ​មុន​ពេល​កើតហេតុ​ ភាគី​ទាំង​២ ​បាន​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង ​ផ្ដើម​ចេញ​ពី​រឿង​ការ​រំលោភបំពាន​ចោទ​គ្នា​ទៅ​វិញ​មក ​ថា​​​បាន​ធ្វើ​របង​ចូល​ដី​ព្រំ​គេ​ ហើយ​ភាគី​ម្ខាង​ទៀត​ថា​មិន​បាន​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។ បន្ទាប់ពី​តឹង​សរសៃ.​ក ​ដាក់គ្នា​ ក៏​ចាប់ផ្ដើម​ឌឺ​ដាក់គ្នា​កាន់តែ​ខ្លាំង​ថែម​ទៀត។ ភ្លាម​នោះ​ក៏បាន​ក្លាយ​ជា​ហិង្សា​ ​ ​ដោយ​បុរស​សង្ស័យ​អាយុ​២៧​ឆ្នាំ ​​បាន​ទាញ​ដែក​ទីប​ថ្នាំង​អំពៅ​វាយ​ទៅលើ​បុរស​រងគ្រោះ​អាយុ​៤១​ឆ្នាំ​ ត្រូវ​ដៃ​ខាងឆ្វេង(បាក់​ដៃ​)​​របួស​យ៉ាង​ធ្ងន់ធ្ងរ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ​ និង​អ្នក​ភូមិ​ប្ដឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចាប់ខ្លួន​ជន​បង្ក​តែម្ដង។ ដោយឡែក​ ជនរងគ្រោះ ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​រថយន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង៕