កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី គ្រោង​អនុស្សារណៈ​នៅពេល​ខាងមុខ​

កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី គ្រោង​អនុស្សារណៈ​នៅពេល​ខាងមុខ​



ភ្នំពេញ​ ៖ កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី នឹង​ចុះ​អនុស្សរណៈ​ស្តីពី​ការយោគយល់​គ្នា​នៅពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ពង្រីក​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​ជា​ផ្លូវការ​ជាមួយគ្នា​លើ​វិស័យ​សំខាន់ៗ​មួយចំនួន​រវាង​កម្ពុ​ជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី។​

លោក ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​កាលពី​ថ្ងៃទី​៣១ មិនា នៅ​ទីស្ដីការក្រសួង ក្នុងឱកាស​ដែល​លោក​បានទទួល​ជួន​ពិភាក្សា​ការងារ ជាមួយ​តំណាង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ដឹកនាំ​ដោយ​លោកស្រី Tatyana Valovaya សមាជិក​ក្រុមប្រឹក្សា​ការធ្វើសមាហរណកម្ម និង​ម៉ាក្រូសេដ្ឋកិច្ច​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (Eurasian Economic Union) និង​មានការ​ចូលរួម​ពី​លោក​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​ផងដែរ។​

ថ្លែង​នៅក្នុង​ឱ​កា​នោះដែរ​លោកស្រី Tatyana Valovaya បានបញ្ជាក​ឲ្យ​ដឹងថា គោលបំណង​នៃ​ការបំពេញ​ទស្សនកិច្ច​របស់​ប្រតិភូ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប -​អាស៊ី​មកកាន់​កម្ពុ​ជានា​ពេលនេះ គឺ​ដើម្បី​ពង្រីក​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​ជា​ផ្លូវការ​ជាមួយ​កម្ពុជា ទៅលើ​វិស័យ​សំខាន់ៗ​មួយចំនួន រួមមាន វិស័យ​ពាណិជ្ជកម្ម​, ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​, អាជីវកម្ម និង​កិច្ច​សម្រួល​នីតិវិធី​គយ​, ពន្ធ និង​វិធានការ​មិនមែន​ពន្ធ​ផងដែរ​។ លោកស្រី​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា គំនិត​ផ្តួចផ្តើម​នៃ​ការបង្កើត​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​នេះ​គឺ​ចាប់​មាន​តាំងពី​ឆ្នាំ​១៩៩៤ មកម្ល៉េះ ប៉ុន្តែ​ទើបតែ​លេចចេញ​ជា​រូបរាង​ពិតប្រាកដ និង​ពេញលេញ​ក្នុង​ឆ្នាំ ២០១៥ កន្លងទៅ​ថ្មី​នេះ​។

​លោកស្រី បាន​បន្តថា ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមកនេះ សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី មាន​កិច្ចសហការ​ទេ្វ​ភាគី ជាមួយ​ប្រទេស​ជា​ដៃគូ​សេដ្ឋកិច្ច​មួយចំនួន​រួចហើយ ក្រៅពី​ប្រទេស​អតីត​សហភាពសូវៀត ក្នុងនោះ​ក៏មាន​ម៉ុង​ហ្គោ​លី​, ឈី​លី​, សឹង្ហ​បុរី​, ចិន​, រួម​នឹង​វៀតណាម​ផងដែរ​។ ក្រៅពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ក៏មាន​បំណង​ពង្រីក​ចំណង​សេដ្ឋកិច្ច ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​ក៏ដូចជា ជាមួយ​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នាពេល​ឆាប់ៗ​ខាងមុខ​ផងដែរ ។​

រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​មាន​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ដែលមាន​បំណង​ដ៏​ច្បាស់លាស់​នៅក្នុង​ការពង្រឹង​កិច្ច​និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។ ជាមួយនេះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បាន​សម្ដែង​នូវ​ការ​សាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ដ៏​ឆាប់រហ័ស និង គួរ​យ​កត់សម្គាល់​រប​ស់​សហភាព​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​-​អាស៊ី ទោះបី​ស្ថិតក្នុង​រយៈពេល​ដ៏​ខ្លី​ពិតមែន ប៉ុន្តែ​មានលទ្ធភាព​គ្រប់គ្រាន់​នៅ​ក្នុ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់ខ្លួន ជា​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​រួមទាំង​ប្រទេស​កម្ពុជា ផងដែរ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ក៏ដូចជា​ក្នុង​ក្របខ័ណ្ឌ​នៃ​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។ ជាមួយនឹង​លទ្ធ​ផ​ល៏​ល្អប្រសើរ​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​នូវ​សុទិដ្ឋិនិយម និង​បាន​គាំទ្រ​ពេញទំហឹង​ចំពោះ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី និង​ប្រទេស​កម្ពុជា ហើយ​ជឿជាក់ថា​អនុស្សារណៈ​ស្តីពី​ការយោគយល់​គ្នា​រវាង​ភាគី​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី នឹងត្រូវ​ចុះហត្ថលេខា​នៅពេល​ឆាប់ៗ​ខាងមុខ៕