ភោជនីយដ្ឋាន One More ជ្រើសរើស​មុខម្ហូប​”​រយ​គួ​ង​បង្គា​”​មក​ដាក់តាំង​បង្ហាញ នៅក្នុង​ព្រឹ​ត្ដិ្ក​ការណ៍​ពិព័រណ៍​ម្ហូបអាហារ​អាស៊ាន​រាត្រី​ទី ១

ភោជនីយដ្ឋាន One More ជ្រើសរើស​មុខម្ហូប​”​រយ​គួ​ង​បង្គា​”​មក​ដាក់តាំង​បង្ហាញ នៅក្នុង​ព្រឹ​ត្ដិ្ក​ការណ៍​ពិព័រណ៍​ម្ហូបអាហារ​អាស៊ាន​រាត្រី​ទី ១



នៅ​ថ្ងៃទី ១ មេសា ឆ្នាំ ២០១៦ អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ បាន​ប្រារព្ធ​នូវ​ព្រឹ​ត្ដិ​ការណ៍​ពិព័រណ៍​ម្ហូបអាហារ ដែលមាន​ការចូលរួម​ដាក់​បង្ហាញ​នូវ​អាហារ​បែប​ប្រពៃណី ប្រមាណ ៧០​មុខ មកពី​តំបន់​អាស៊ាន​។ ត្រឹ​ត្ដិ​ការណ៍​នេះ មានការ​ចូលរួម​យ៉ាង​ច្រើន​កុះករ ពី​បណ្ដា​ភ្ញៀវ​កិ​ត្ដិ​យស ក្នុង និង​ក្រៅប្រទេស​ដើម្បី​មក​ទស្សនា និង​ភ្លក់​រសជាតិ​អាហារ​ប្លែកៗ ដ៏​មានឱជារស ដែល​អ្នកចូលរួម​ខ្លះ មិន​ធ្លាប់បាន​ទទួលទាន​ពីមុនមក​។

​ក្នុង​កម្មវិធី​នោះដែរ មានការ​ដាក់​ស្តង់​ម្ហូបអាហារ​ជាច្រើន និង​មានមុខ​ម្ហូប​ដ៏​ប្រណីតៗ​បែប​ប្រពៃណី ដែល​អ្នកចូលរួម​អាច​ជ្រើសរើស​តាម​ចំណង់​ចំណូល​ចិ​ត្ដ​បាន​។ ទន្ទឹមនឹង​ការ​ពិសា​អាហារ អ្នកចូលរួម​ទស្សនាការ​ពិព័រណ៍​នេះ អាច​ទស្សនា​ការសម្ដែង​សិល្បៈ នៃ​ប្រទេស​នីមួយៗ ដើម្បី​លំហែ​ចក្ខុ​ន្ទ្រី​យារ​ម្មណ៍ និង​បន្ធូរ​ការនឿយហត់​ពី​ការងារ​។

​បើ​ក្រឡេក​មើលទៅ​ស្ដង់​របស់​ភោជនីយដ្ឋាន One More អ្នករៀបចំ​បានជ្រើសរើស​មុខម្ហូប​មួយបែប ដែល​មើលទៅ​គួរឱ្យ​ចង់​ទទួលទាន​។ សាច់​បង្គា​មើលទៅ​ស្រស់​ល្អ ដែលមាន​ពណ៌​ក្រហមឆ្អិនឆ្អៅ ផ្គួប​ផ្សំ​ជាមួយ​គ្រឿងទេស​ដទៃទៀត​យ៉ាង​សម្បូរបែប ដែល​ធ្វើឱ្យ​មុខម្ហូប​មួយ​មុខ​នេះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងច្រើន​កុះករ​ពី​អ្នកចូលរួម​កម្មវិធី​ពិព័រណ៍​នេះ ឱ្យ​បែរមក​សាក​ភ្លក្ស​រសជាតិ​ម្ហូប​មួយ​មុខ​នេះ​។ ដោយ​ប្រើ​សម្បក​បាញ់​ត្រាង​ហ៊ុំព័ទ្ធ​ពី​ក្រៅ និង​ដាក់​ផ្សំ​ជាមួយ​បង្គា និង​បន្លែស្រស់​នោះ អាហារ​មួយ​មុខ​នេះ ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ឱ្យ​ថា “​រយ​គួ​ង​សាច់​បង្គា​”​។​

​ពេល​សាកសួរ​មូលហេតុ ដែលនាំឱ្យ​ភោជនីយដ្ឋាន One More ជ្រើសរើស​មុខម្ហូប​រយ​គួ​ង​បង្គា​នេះ មក​ដាក់​បង្ហាញ នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​ពិ​ព័​ណ៍​ម្ហូបអាហារ​អាស៊ាន​នេះ លោក ប៉ោ​ប៉េង ហុង​ជំ​នួ​ការ​នាយក​នៃ​ភោ​ជនី​ដ្ឋា​ន​នេះ​បាន​មានប្រសាសន៍ថា ខាង​ភោជនីយដ្ឋាន​របស់លោក​មាន​អាហារ​ជាច្រើន​មុខ​សម្រាប់​ជ្រើសរើស​ពិសា ប៉ុន្ដែ​មូលហេតុ ដែលនាំឱ្យ​លោក ជ្រើសរើស​រយ​គួ​ង​បង្គា​នេះ​មក​ដាក់​បង្ហាញ ដល់​អ្នកចូលរួម​ទស្សនា ក្នុង​ព្រឹ​ត្ដិ​ការណ៍​នេះ គឺ​ដោយសារ​គួ​ង​នេះ​មានឱជារស​ឆ្ងាញ់​ពិសា ហើយ​លោក​មាន​គោលបំណង ចង់ឱ្យ​ភ្ញៀវ​កិ​ត្ដិ​យស​ក្នុង និង​ក្រៅប្រទេស​បាន​ភ្លក់​នូវ​អាហារ​នេះ និង​យល់ឃើញថា អាហារ​មួយ​មុខ​នេះ​ផ្ដល់​ភាព​ងាយ​ស្រួយ ក្នុងការ​កាន់​ទទួលទាន​ជាង​អាហារ​ដទៃទៀត​។​

​លោកស្រី លឹម អាយ​ឡាយ មេ​ចុងភៅ នៃ​ភោជនីយដ្ឋាន One More បាន​រៀបរាប់​ពី​ការ​ផ្សំ​រសជាតិ​រយ​គួ​ង និង​ការធ្វើ​ទឹកជ្រលក់​ថា រយ​គួ​ង​បង្គា នេះ​មាន​រសជាតិ​ប្រៃ ផ្អែម ជូរ ឆ្ងាញ់​ពិសា ដោយ​គួ​ង​ត្រូវ​ប្រើ​បង្គា​ស្រស់ៗ សាច់ជ្រូក ផ្សំ​ជាមួយ​ជីរ​ង្កា​ម សណ្ដែកបណ្ដុះ សាឡាដ និង​នំ​បញ្ចុក ព្រម​ដោយ​ការ​ហ៊ុំ​ព័ន្ធ​សម្បក​បាញ់​ត្រាង​ពី​ខាងក្រៅ​។ រីឯ​ទឹកជ្រលក់​វិញ លោកស្រី​និយាយថា ត្រូវធ្វើឡើង​ពី​ទឹកត្រី ក្រូចឆ្មារ សណ្ដែកដី ម្ទេស ព្រម​ដោយ​គ្រឿងទេស​បន្ថែម​ជាច្រើន​ទៀត ដែល​ធ្វើឱ្យ​មុខម្ហូប​មួយ​មុខ​នេះ ឆ្ងាញ់​ជាប់​ចិ​ត្ដ​ស្ទើរ​មិនអាច​បំភ្លេចបាន​។

​សួរ​ពី​ចំណាប់អារម្មណ៍​ចំពោះ​ព្រឹ​ត្ដិ​ការណ៍​តាំងពិព័រណ៍​ម្ហូបអាហារ​អាស៊ាន​នេះ លោក ប៉ោ​ប៉េង ហុង បាន​មានប្រសាសន៍ថា​៖“​ព្រឹ​ត្ដិ​ការណ៍​នេះ គួរតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​ខ្ញុំ​សប្បាយ​ចិ​ត្ដ​ណាស់ ដែល​កម្មវិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​។ កម្មវិធី​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​យើង​ស្គាល់​ពី​ម្ហូបអាហារ​ប្រចាំ​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​អាច​ប្រមូល​ថវិកា ដែល​បានមកពី​កម្មវិធី​នេះ ទៅ​ឧបត្ថម្ភ​កុមារ​ក្រីក្រ​ទៀតផង​”​។ លោក​បាន​បន្ថែមថា​៖” ដោយមាន​ទឹក​ចិ​ត្ដ​ចូលរួមចំណែក​ជួយ​ដល់​កុមារ​ក្រីក្រ ក្នុងសង្គម​កម្ពុជា​យើង​ផងដែរ​នោះ ទើប​ជា​កម្លាំង​ជំរុញ​ឱ្យ​ខាង​ភោជនីយដ្ឋាន​របស់លោក ចូលរួម​ដាក់​បង្ហាញ​ម្ហូបអាហារ នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​នេះ​”​។ លោកអ្នក អាច​អញ្ជើញ​ទៅ​ពិសា​នូវ​អាហារ​ឆ្ងាញ់ៗ នៅ​ភោជនីយដ្ឋាន One More ដែលមាន​ទីតាំង​ស្ថិតនៅ​ខណ្ឌទួលគោក ជិត​សាលា Zaman​។​

​គួរ​បញ្ជាក់ថា ព្រឹ​ត្ដិ​ការណ៍​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​(PSE) ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់​វប្បធម៌​ប្រពៃណី​នៃ​បណ្ដា​ប្រទេស​អាស៊ាន និង​ប្រមូល​វិភាគទាន​ដើម្បី​ឧបត្ថម្ភ​ដល់​កុមារ​ក្រីក្រ​។ បច្ចុប្បន្ន PSE កំពុងផ្ដល់​ជំនួយ​ដល់​កុមារ​ក្រីក្រ​ប្រមាណ​ជិត ៦.៥០០ នាក់ ក្នុងនោះ​មាន​កុមារ ៣.១០០ នាក់​កំពុង​សិក្សា​នៅ​សាលា​រដ្ឋ កុមារ ១.២០០ នាក់​កំពុង​សិក្សា​នៅក្នុង​កម្មវិធី​អប់រំ​ព​ន្លឿ​ន​សិក្សា កុមារ ១. ៥០០ នាក់​កំពុង​សិក្សា​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កុមារ​ប្រហែល ៧០០ នាក់​ទៀត​កំពុងស្ថិត​នៅក្នុង​កម្មវិធី​អប់រំ​ជាក់លាក់ ដែលមាន​ដូចជា ថ្នាក់​សម្រាប់​កុមារ ដែលមាន​ពិការភាព មណ្ឌល​ថែទាំ​កុមារ សុខមាលភាព​ទារក​ជាដើម​។​ល​៕