អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល​ សង្ឃឹម​ថា បណ្តាញ​សារព័ត៌មាន​ផ្សព្វផ្សាយ​ព័ត៌មាន​តម្លាភាព ​និង​វិជ្ជាជីវៈ

អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល​ សង្ឃឹម​ថា បណ្តាញ​សារព័ត៌មាន​ផ្សព្វផ្សាយ​ព័ត៌មាន​តម្លាភាព ​និង​វិជ្ជាជីវៈ



កណ្ដាល​ ៖ ​ក្រោយ​ផ្ទុះ​បាតុភាព​មិន​ប្រក្រតី​ក្នុង​ចំណាត់​ការ​របស់​តុលាការ​ខេត្តកណ្ដាល ជុំវិញ​សំណុំរឿង​ហិង្សា​ ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដោយ​ភាគី​ជន​ត្រូវ​ចោទ បាន​ស្រែក​ថា ” មហា​អយុត្តិធម៌ ” នោះ​ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦ អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ដោយមាន​លោក លឹម សុគ​ន្ថា ជា​ព្រះរាជអាជ្ញា​តំណាង​ស្ថាប័ន​នេះ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ បកស្រាយ​ដើម្បី​ជៀសវាង​ការ​ភ័ន្តច្រឡំ​លើ​ចំណាត់​ការ​នីតិវិធី​ និង​ភាព​មិនប្រក្រតី​ផ្សេងៗ​របស់​តុលាការ​ខេត្តកណ្ដាល។

ជាមួយ​គ្នា​នេះ អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល ហាក់​ឌឺដង​ដាក់​សារព័ត៌មាន ដោយ​សង្ឃឹម​ថា បណ្ដា​អង្គភាព ​និង​បណ្ដាញ​សារព័ត៌មាន​គ្រប់​ប្រភេទ នឹង​ទទួលយក​ករណី​នេះ​ជា​បទពិសោធន៍​សម្រាប់​បន្ត​ការ​ស្វែងយល់​ចូលរួម​ចំណែក​សហការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រកបដោយ​តម្លាភាព ​និង​គោរព​តាម​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ។

សេចក្តី​ថ្លែងការណ៍​របស់​អយ្យ​ការ​អម​សាលាដំបូង​ខេត្តកណ្ដាល នាពេលនេះ ធ្វើឡើង​បន្ទាប់ពី​អង្គភាព​សារព័ត៌មាន ហ្វ្រេស​ញូ (Freshnews ) នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ បាន​ចុះផ្សាយ​នូវ​អត្ថបទ​មួយ មាន​ចំណងជើង​ថា «​មហា​អយុត្តិធម៌​! មួយ​គ្រួសារ​ត្រូវ​មនុស្ស​មួយ​ក្រុម ចូល​កាប់​ប្រហារ​ដល់​ក្នុង​ផ្ទះ ទីបំផុត​តុលាការ​ខេត្តកណ្តាល ចេញ​ដីកា​ចោទប្រកាន់ថា ជា​ជនល្មើស​ទៅវិញ​»។

គួររំលឹកថា សម្រែក​អយុត្តិធម៌​របស់​រាស្ត្រ មួយ​គ្រួសារ​រស់នៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​កើតឡើង​ទៀតហើយ តាមរយៈ​ប្រព័ន្ធតុលាការ​ខេត្ត​កណ្តាល នោះ​គឺ​ជនរងគ្រោះ​មួយ​គ្រួសារ​ជិត​១០​នាក់ មាន​ទាំង​កូន​តូច​ផង​នោះ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម ប្រដាប់​កាំបិត ដុំថ្ម​…​ចូលទៅ​ដេញ​កាប់​ប្រហារ ដេញ​គប់​ពេញ​ផ្ទះ​បណ្តាល​ឲ្យ រងរបួស​ធ្ងន់ធ្ងរ​ទាំង​អស់​គ្នា និង​ភ័យ​តក់ស្លុត​ស្ទើរ​ពេញ​មួយ​ជីវិត ប៉ុន្តែ​ទីបំផុត​រងគ្រោះ​មួយ​ជាន់​ទៀត​នោះ គឺ​ជនរងគ្រោះ​ទាំងនេះ មិនទាន់​ទទួល​បាន​សំណង​អ្វី​នៅឡើយ បែរជា​ត្រូវ​ប្រឈមមុខ នឹង​ច្រវាក់​ទៀតផង ក្រោយពី​ចៅក្រម​ខេត្តកណ្តាល លោក អ៊ី សុវណ្ណ បានចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ចំនួន​៧​ដីកា (​សម្រាប់​៧​នាក់​)​ក្រោម​បទចោទប្រកាន់​ពីបទ «​ហិង្សា​ដោយ​ចេតនា (​មាន​ស្ថាន​ទម្ងន់​)»​។​

អ្វីដែល​ជនរងគ្រោះ​ជា​ប្តី (​មេ​គ្រួសារ​)​ឈ្មោះ ហេង ស៊ា​ង​ហន អាយុ​៣៦​ឆ្នាំ បាន​សម្តែង​ការហួសចិត្ត​ទៅទៀត​នោះ​គឺថា នៅ​ថ្ងៃ​ដែល​ក្រុម​ជនល្មើស ចូលទៅ​ដេញ​កាប់​ប្រហារ និង​វាយ​ប្រពន្ធ កូនស្រី និង​ញាតិ​របស់ខ្លួន​ដល់​ក្នុងផ្ទះ​នោះ ខ្លួន​កំពុងតែ​នៅ​កន្លែងធ្វើការ​នោះទេ ប៉ុន្តែ​នៅពេលដែល​សមត្ថកិច្ច​មូលដ្ឋាន យក​ដីកា​មក​ឲ្យ​ស្រាប់តែ មានឈ្មោះ​របស់គាត់​ផងដែរ ហើយ​ចោទប្រកាន់​ពីបទ «​ហិង្សា​ដោយ​ចេតនា​» យ៉ាង​ដូច្នេះ​។ វា​ពិតជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​គ្រួសារ របស់គាត់​ទាំងមូល៕