នាង​ខុម ចាន់តារាទី​​ត្រូវ​ចូល​បំភ្លឺ​ពី​អំពើ​ពេស្យាចារ​និង​ការ​ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ

នាង​ខុម ចាន់តារាទី​​ត្រូវ​ចូល​បំភ្លឺ​ពី​អំពើ​ពេស្យាចារ​និង​ការ​ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ

កញ្ញា ខំ ចាន់ដារាទី ឬ ឈ្មោះ ស្រីមុំ ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ជំទាស់​​ បាន​បង្ហាញ​ខ្លួន​បំភ្លឺ​ករណី​ចោទ​ប្រកាន់​នេះ នៅ​ឯ​ស្នាក់ការ​អង្គការ​អាដហុក ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៩ ខែមីនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)តាម​ដីកា​កោះ​​របស់​លោក​ព្រះរាជ​អាជ្ញា​រង​ សៀង សុខ​ ​ដែល​​ VOA​ បាន​ទទួល​នា​ថ្ងៃសុក្រ​ បាន​កោះ​អញ្ចើញ​នាង​​​​​ ខុម ចាន់ដារាទី​ ​ចូលបំភ្លឺ​ នា​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញនាថ្ងៃ​អង្គារខាង​មុខ។​
ភ្នំពេញ—

ព្រះ​រាជអាជ្ញា​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ ​បាន​កោះ​ហៅនាង​ខុម ចាន់ដារាទី​ ​ឬ​ «ស្រីមុំ»​ ដែល​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក​ ​កឹម​ សុខា​ ​ប្រធាន​ស្តីទី​នៃ​គណ​បក្ស​ជំទាស់​ឲ្យ​ចូល​បំភ្លឺ​ទាក់​ទិន​នឹង​ករណី​ផ្សេង​មួយ​ទៀត​នា​ថ្ងៃ​អង្គារ​សប្តាហ៍​ខាងមុខ។​ ​នេះ​បើ​យោង​តាម​ដីកា​កោះ​ដែល ​VOA​ បាន​ទទួល​នា​ថ្ងៃ​សុក្រ។

ការ​កោះ​ហៅ​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​គឺ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ ​បន្ទាប់​ពី​នាយកដ្ឋាន​ប្រឆំាង​ភេរវកម្ម​របស់​ក្រសួង​មហា​ផ្ទៃ​បញ្ចប់​សំណុំ​បែប​បទ​របស់​ខ្លួន​ ​ទាក់​ទិន​នឹង​បណ្តឹង​បរិហារ​កេរិ៍្ត​របស់​នាង​ធី សុវណ្ណថា។​

តាម​ដីកា​កោះរបស់​លោក​ព្រះរាជ​អាជ្ញា​រង​ សៀង សុខ​ ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​២២​ខែមីនា​ ហើយ​ VOA​ បាន​ទទួល​នា​ថ្ងៃសុក្រ​ បាន​កោះ​អញ្ចើញ​នាង​ ខុម ចាន់ដារាទី​ ​ចូលបំភ្លឺ​ នា​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញនាថ្ងៃ​អង្គារខាង​មុខ។​ ​លោក​ សៀង សុខ ​ក៏​បាន​សរសេរ​ផង​ដែរ​ថា​ ការ​ចូល​បំភ្លឺ​នេះ​គឺ​ ​«ដើម្បីសាក​សួរ​ពី​ដំណើរ​រឿង​ ​របាយ​ការ​ណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆំាង​ភេវរកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ​បង្ហាញ​ថា​មាន​ករណី​ផ្តល់​សក្ខីកម្ម​ក្លែង​ និង​ ​មាន​អំពើ​ពេស្យា​ចារ»។​

កាល​ពី​ខែ​កន្លង​ទៅ​ ​ខ្សែ​អាត់​សំឡេង​សាសង​ស្នេហា​ដែល​គេ​ចោទ​ថា​ជា​ ​សំឡេង​ពិត​ ​របស់​លោក​កឹម សុខា​និង​ ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​«អាមុំ​»​ ​ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​ ​គណនី​ហ្វេសប៊ុក​ នឹង​ត្រូវ​បាន​គេ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ​។​ ​ដោយ​មាន​ការ​ប្តឹង​ផ្តល់របស់​នាង​ ធី សុវណ្ណថា​ តុលាការ​ក្នុង​ភ្នំពេញ​បាន​បញ្ជូន​ឲ្យ​នាយក​ដ្ឋាន​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ​ធ្វើ​ការ​ស៊ើប​អង្កេត។​ ​កាលពី​ថ្ងៃទី​១១ខែ​មីនា​កន្លង​ទៅ​ ខុម ចាន់ដារាទី​ បាន​ចូល​បំភ្លឺ​នៅ​នាយកដ្ឋាន​ភេរវកម្ម​ ដោយ​មាន​ការ​ចូល​រួម​ពី​មេធាវី​របស់​នាង​ផង​ដែរ។​ ​នាង​ ខុម ចាន់ដារាទី​ ក៏​បាន​បដិសេធ​ថា​រូប​នាង​មិន​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជាមួយ ​នឹង​លោក​កឹម​សុខា​ប្រធាន​ស្តីទី​គណបក្ស​ជំទាស់​ទេ។


VOA​ មិន​អាច​ធ្វើ​ទំនាក់ទំនង​សុំ​ក្តី​អធិប្បាយ​ពី​ ​លោក​ព្រះរាជ​អាជ្ញា​រង​ សៀង សុខ​ ​ដែល​ចេញ​ដីកា​កោះ​លើ​ «ករណី​ផ្តល់​សក្ខីកម្ម​ក្លែង​ និង​ ​មាន​អំពើ​ពេស្យា​ចារ»​ របស់​នាង​ ខុម ចាន់ដារាទី​ នេះ​បាន​ទេ។​

អ្នកស្រី​ទ្រី ឈួន​ មេធាវី​របស់​នាង​ ខុម ចាន់ដារាទី​ ប្រាប់​ VOA​ នា​ថ្ងៃ​សុក្រ​នេះ​ថា​លោក​ស្រី​មិន​មាន​អ្វីធ្វើ​ការ​អធិប្បាយ​លើ ​ករណី​កោះ​ហៅ​ថ្មី​នេះ​ទេ​ ដោយ​វា​ជា​រឿង​ពីរ​ខុស​គ្នា​ពី​ករណី​បណ្តឹង​បរិហារ​កេរិ៍្ត។​

យ៉ាង​ណា​ក៏​ដោយលោក​ នី សុខា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិមនុស្ស​ ​Adhoc ដែល​ផ្តល់​មេធាវី​ការពារ​ដល់​នាង​ ខុម ចាន់ដារាទី​ ឬ ​ស្រីមុំ​ ក្នុង​ករណី​ទី​មួយ​នោះ​ ​បាន​ប្រាប់​ VOA ​ថា សមាគម​របស់​លោក​នឹង​បន្ត​ជួយ​នាង​ ខុម ចាន់ដារាទី​ បន្ត​ទៀត​ ​លើ​ករណី​នោះ។​ ​លោក​ នី សុខា​ បន្ថែម​ថា​ ​ករណី​របស់​នាង​ខុមចាន់​ដារាទី​គឺ​គ្រាន់​តែ​ជា​ជន​រង​គ្រោះ​ក្នុង​ករណីនយោបាយ​ដែល​គេ​ភា្ជប់​ទៅ​ជា​មួយ​លោក​ កឹមសុខា ​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​។​

លោក​ ​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​ បើ​សិន​ជា​អ្នក​នយោបាយ​យក​បញ្ហា​ហ្នឹង​ទៅ​ជា​ល្បែង​ ក្នុង​ការ​រក​ប្រជាប្រិយភាព​រៀងៗ​ខ្លួន​ ​ខ្ញុំ​គិត​ថា​គឺ​ហ្នា​ហ្នឹង​ខុស​ហើយ។​ ​មិន​មាន​អ្វី​ដែល​យើង​គួរ​តែ​យើង​យក​រឿង​ហ្នឹង​ទៅ​ភ្ជាប់​នឹង​បញ្ហា​ហ្នឹង​នោះ​ទេ ​ពី​ព្រោះ​ថា​យើង​យក​អនាគត​របស់​នារី​ម្នាក់​ដែល​គាត់​ ​អត់​មាន​ដឹង​ អី​សោះ​យក​ទៅ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ ​ហើយ​ក៏​ដូច​ជា​គាត់​ ​អត់​មាន​ ​បាន​ប្រព្រឹត្តអ្វី​ទំាង​អស់​ហ្នឹង​ ​ហើយ​យើង​យក​ទៅ​ផ្សារ​ភ្ជាប់ ​នៅ​ក្នុង​បញ្ហា​ដើម្បី​ ​យល់​ទៅ​រុក​គួន​គ្នា​ក្នុង​រឿង​នយោបាយ ខ្ញុំ​យល់​ថា​ហ្អាហ្នឹង​ខុស​ហើយ»។

លោក ​នី សុខា ​បញ្ជាក់​ចំពោះ​ ​ករណី​របស់​នាង ខុម ចាន់ដារាទី​ គឺ​មិន​មាន ​អ្វី​ទាក់​ទិន​នឹង​ការ​ផ្តល់​សក្ខី​កម្ម​ក្លែង​ក្លាយ​នោះ​ទេ​ដោយ​នាង​គឺជា​ចុងចោទ​ ​ហើយ​ទីពីរ​ទៀត​ចំពោះ​អំពើ​ពេស្យាចារ​គឺ​នាង​មិន​បាន​ប្រព្រឹត្ត​អ្វី​នោះ​ដែរ៕