សមាសភាព​គូប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ សមាសភាព​គូប្រកួត​ប្រដាល់​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​-​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ ទី​៣ មេ​សា ខាង​មុខ​នេះ មាន​ចំនួន​២​គូ​។ កីឡា​ករ​កម្ពុជា​ជ័យ ស៊ី​ណេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​យុគ​ភេ​ត ស​.​ស្រីុ​វី​ឆា ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម និង​អ៊ុំ វណ្ណេ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ប​ល្ល័​ង​ថង ស​.​ច​.​សាយ​បួ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។

អ្នក​ប្រដាល់​ថៃ​ទាំង​២​រូប​នេះ សុទ្ធតែ​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​ជ័យ ស៊ី​ណេ​ត និង​អ៊ុំ វ​ណ្ណេ​ត មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ឡើយ។ ជ័យ ស៊ី​ណេ​ត ឆ្លងកាត់​ការ​ប្រកួត​បាន​១៣៧​ដង ឈ្នះ​៩៥​ដង ចាញ់​៣៧​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៧​ដង ។ ចំណែក​កីឡាករ​ថៃ​ឈ្មោះ​យុគ​ភេ​ត ស​.​ស្រីុ​វី​ឆា វិញ​ឆ្លងកាត់​ការ​ប្រកួត​បាន​៦៤​ដង ឈ្នះ​៤៩​ដង ចាញ់​១៣​ដង ស្មើ​២​ដង ។ សម្រាប់​ការ​ជួប​គ្នា​រវាង​ពួក​គេ​ទាំង​២​លើក​នេះ ទោះបី ជ័យ ស៊ី​ណេ​ត ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​ច្រើន​ជាង​ក៏​មិន​ទាន់​ប្រាកដ​ថា អាច​យកឈ្នះ​យុគ​ភេ​ត ស​.​ស្រីុ​វី​ឆា បាន​ដែរ ព្រោះ​កីឡាករ​ថៃ​រូប​នេះ ក៏​ជា​ជើង​ខ្លាំង​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ចាញ់​ក្រោម​កណ្ដាប់ដៃ​គេ​មិន​តិច​នាក់​ទេ ។ ចាំ​មើល ជ័យ ស៊ី​ណេ​ត ឬ​យុគ​ភេទ ស​.​ស្រីុ​វី​ឆា ជា​អធិរាជ​នៅ​លើ​សង្វៀន ?

សមាសភាព​គូប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​នេះ

អ៊ុំ វ​ណ្ណេ​ត ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​លើក​នេះ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។ អ៊ុំ វ​ណ្ណេ​ត ឆ្លងកាត់​ការ​ប្រកួត​បាន​៦៥​ដង ឈ្នះ​៤៥​ដង ចាញ់​១៩​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​២១​ដង ។ ចំណែក​កីឡាករ​ថៃ​ប​ល្ល័​ង​ថង ស​.​ច​សាយ​បួ ឆ្លងកាត់​ការ​ប្រកួត​បាន​៧០​ដង ឈ្នះ​៥០​ដង ចាញ់​១៥​ដង និង​ស្មើ​៥​ដង  ។ តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក អ៊ុំ វ​ណ្ណេ​ត បើ​ចង់​យកឈ្នះ​កីឡាករ​ថៃ​ប្រហែលជា​មិន​ងាយស្រួល​នោះ​ទេ ។ ជ័យ វ​ណ្ណេ​ត ចិត្ត​តូច​ខ្លាំង​ណាស់​បច្ចេក​ទេស​ក្នុង​ការ​ប្រើ​ស្នៀត​កែង​និង​ជង្គង់ ក៏​មិនសូវ​ស្ទាត់ជំនាញ​ថែម​ទៀត ។ ចំណែក​ប​ល្ល័​ង​ថង ស​.​ច​សាយ​បួ មាន​ជំនាញ​ក្នុង​ការ​ប្រើ​ស្នៀត​ជង្គង់​ល្អ​បំផុត ឯ​កម្លាំង​ក៏​ខ្លាំង​អាច​ប្រកួត​បាន​៥​ទឹក​ពេញ​មិន​ងាយ​ហត់​ឡើយ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ អ៊ុំ វ​ណ្ណេ​ត ហាក់​មិនសូវ​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​ខ្លួនឯង​ប៉ុន្មាន​ទេ ។

ចំណែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​ និង​កម្ពុជា​វិញ​នោះ​មាន ផា​ន់ សារី​ម មក​ពី​ក្លិប​គជសារ​កីឡា ប្រកួត​ជាមួយ​សំអាត រ៉ា​គី​ម មក​ពី​ក្លិប​កុលបុត្រ​កូន​ខ្មែរ ។ ច្រិច កុសល មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​ឆោម ប៊ុ​ន​ឡុ​ង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​សិទ្ធ សីហា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ជាមួយ​ឡុ​ង រ៉ា​វី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ៕