អ៊ុ​ង វិ​រៈ និង សូត្រ ប៊ុ​ន​ធី ប៉ះ​ថៃ​ក្នុង​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ Black Cat

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ ទី​៣ មេ​សា ខាន​ស្អែក​នេះ កីឡាករ​កម្ពុជា​២​រូប ត្រូវ​បាន​គេ​ផ្គូផ្គង​ឲ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​«​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​Black Cat » នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ កីឡាករ​កម្ពុជា​២​រូប​គឺ​អ៊ុ​ង វិ​រៈ និង​សូត្រ ប៊ុ​ន​ធី សុទ្ធតែ​បង្ហាញ​មហិច្ឆតា​មិន​ចង់​ចាញ់​សម្រាប់​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​លទ្ធផល​ល្អ​ឬ​អាក្រក់​ក្រោយ​ចុះ​ពី​រេញ​ឡើយ ។

កីឡាករ​អ៊ុ​ង វិ​រៈ មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ បើ​ទោះជា​ត្រូវ​គេ​មើលឃើញ​ថា យូរ​ៗ​ទើប​មាន​ដៃគូ​ឡើង​វាយ​ម្ដង និង​មិនដឹង​ថា​តើ​គេ​ធ្លាក់ដៃ ឬ​ល្អ​ដូច​មុន​យ៉ាងណា​ក្ដី ក៏​គ្រូបង្វឹក​របស់​គេ​បាន​លើក​ឡើង​ថា កីឡាករ​រូប​នេះ​ប្រឹង​ហ្វឹកហាត់​សម្បើម​ណាស់​មុន​នឹង​ឈាន​ដល់​ឡើង​រេញ​នៅ​យប់​ថ្ងៃខាន​ស្អែក​នោះ ។ ទាំង​សាមីខ្លួន​និង​ក្រុម​គ្រូបង្វឹក​សុទ្ធតែ​អះអាង​ថា គេ​ហ្វឹកហាត់​ម៉ត់ចត់​ដោយសារ​តែ​គេ​ចង់​ឈ្នះ​មិន​ចង់​ចាញ់​បាក់មុខ​ក្នុង​ពេល​បាន​ឡើង​ប្រកួត​យូរ​ៗ​ម្ដង ។ កីឡាករ​អ៊ុ​ង វិ​រៈ នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភេ​ច បូ​ផា ដែល​ឆ្លងកាត់​ការ​ប្រកួត​បាន​ដល់​១១៩​លើក ឈ្នះ​៨៩​លើក ចាញ់​១៨​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​រូបគេ​(​អ៊ុ​ង វិ​រៈ​)​ទើប​ឆ្លងកាត់​ការ​ប្រកួត​បាន ៨២​លើក ឈ្នះ​៧២​លើក ចាញ់​៩​លើក និង​ស្មើ​១​លើក ។ អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​ទោះបី​មាន​ជំនឿ​លើ​កីឡាករ​កម្ពុជា​រូប​នេះ​មែន ប៉ុន្តែ​ក៏​មាន​ជំនឿ​ចិត្ត​ចំពោះ​ភេ​ច បូ​ផា ច្រើន​ដែរ ដោយសារ​តែ​កីឡាករ​ថៃ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង ហើយ​ថ្វីដៃ​របស់​គេ​ក៏​ល្អ​។

អ៊ុ​ង វិ​រៈ និង សូត្រ ប៊ុ​ន​ធី ប៉ះ​ថៃ​ក្នុង​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ Black Cat

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ កីឡាករ សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ដែល​កំពុង​ឡើង​កូដ ក៏​នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​វេលា​យប់​ខាន​ស្អែក​ដូច​គ្នា​ផង​ដែរ ។ កីឡាករ​រូប​នេះ ហាក់​មាន​អ្នក​ទុកចិត្ត​ច្រើន​ជាង បើ​ធៀប​នឹង​អ៊ុ​ង វិ​រៈ ដោយសារ​តែ​គេ​មិន​ដែល​ឃ្លាតឆ្ងាយ​ពី​ការ​ហ្វឹកហាត់ ព្រោះតែ​បាន​ឡើង​ប្រកួត​ញឹកញាប់ ។ កីឡាករ​ថៃ​ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​គេ​ឈ្មោះ ប៉ិន យោគ ដែល​មាន​ប្រវត្តិ​ឆ្លងកាត់​ការ​ប្រកួត​បាន​៦៤​លើក ឈ្នះ​៥៨​លើក និង​ចាញ់​៦​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​បាន​៧១​លើក ឈ្នះ​៦១​លើក ចាញ់​៩​លើក និង​ស្មើ​១​លើក ។ ទោះបី​យ៉ាងណា អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត ក៏​បាន​បង្ហាញ​ពី​ការ​ជឿជាក់​លើ​កីឡាករ​ថៃ​ប៉ិន យោគ ផង​ដែរ​សម្រាប់​ការ​ប្រកួត​គូ​អន្តរជាតិ​មួយ​នេះ ។ អ្នកគាំទ្រ​ភាគច្រើន​បាន​កត់​សម្គាល់ថា ព្រឹត្តិការណ៍​ប្រដាល់​Black Cat បើ​ទោះជា​យប់​បន្តិច​មែន ប៉ុន្តែ​អ្នក​តាមដាន​កម្មវិធី​នេះ​គឺ​មាន​ចំនួន​ច្រើន​ស្ទើរ​រាល់​លើក​ដោយសារ​តែ​កីឡាករ​ទាំង​ថៃ និង​កម្ពុជា​សុទ្ធតែ​មានឈ្មោះ​ល្បី និង​មាន​ស្នាដៃ​ខ្ពស់ ។

សម្រាប់​សង្វៀន​ប៉ុស្តិ៍​លេខ​៥​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ខាន​ស្អែក ក៏​មានការ​ប្រកួត​មិត្តភាព​នៅ​ក្នុង​ព្រឹត្តិការណ៍​Tiffy Super Fight រវាង​កីឡាករ​ល្អ​ៗ​ផង​ដែរ ។ ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៥​ល្ងាច​តទៅ នៅ​សាល​ប្រដាល់​ប៉ុស្ដិ៍​លេខ​៥​ជ្រោយចង្វា ជិត​សាលា​ន័​រ​តុ​ន ៕