ក្រុមបឹង​កេត និង​ទ័ព ហាក់​ខ្លាច​គ្នា ខណៈ​ណាហ្គាវើល បារម្ភ​ពេល​ទៅ​ជួប​ព្រះខ័នរាជ​

ក្រុម​ណាហ្គាវើល កំពុង​បង្ហាញ​ការ​បារម្ភ​ទៅ​លើ​​ការ​កាត់​ក្តី​របស់​អាជ្ញា​កណ្តាល ខណៈ​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័ន​រាជស្វាយ​រៀង នៅកីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង នា​​ល្ងាចម៉ោង​៦ ​ថ្ងៃសុក្រ​នេះ ខណៈ​ក្រុម​បឹង​កេតអង្គរ និង​ក្រុម​ក្រសួង​ការពារជាតិ(ទ័ព) ហាក់​មាន​ការ​ខ្លាច​ញញើត​គ្នា​ទៅ​វិញ​ទៅ​មក សម្រាប់ការ​ដណ្តើម​យក​តំបន់​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ឆ្នាំ២០១៦ នា​ល្ងាច​​ថ្ងៃសៅរ៍។

ss-2គេ​នៅ​ចាំ​បាន​ថា សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន ឆ្នាំ​២០១៥ ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័ន​រាជស្វាយរៀង(ពីមុន​ក្រុម​ស្វាយរៀង) ក្រុម​​ស្វាយ​រៀង បាន​យក​ឈ្នះ​ក្រុម​ណាហ្គាវើល ២-១ ដើម្បី​ក្លាយ​ជា​ម្ចាស់ជើង​ឯក​ទាំង​ចម្រូង​ចម្រាស់ ខណៈ​ក្រុម​ណាហ្គាវើល បាន​ចោទ​ទម្លាក់ថា ការ​ចាញ់​របស់​ពួក​គេ​ដោយ​សារ​ការ​កាត់​ក្តី​លម្អៀង​របស់​អាជ្ញាកណ្តាល ដែល​បាន​ពិន័យកាត​ក្រហមទៅ​លើ ស៊ុន សុវណ្ណារិទ្ធ ស្រប​ពេល​ក្រុម​ទាំង​២​កំពុង​មាន​លទ្ធ​ផល​ស្មើ​គ្នា ១-១ នោះ។

ស្រមោល​ខ្មៅ​ទាំង​នោះ នៅ​តែ​ដិត​ជាប់​នៅ​ក្នុង​អារម្មណ៍​របស់​លោក មាស ចាន់ណា ខណៈ​គ្រូ​បង្គោល​រូប​នេះ​ត្រូវ​ដឹក​នាំ​ក្រុម​ទៅ​ជួប​ក្រុម​ព្រះខ័នរាជស្វាយ​រៀង នៅកន្លែង​ដែល​ក្រុម​របស់​ខ្លួន​បាន​ទទួល​រង​ភាព​អយុត្តិធម៌​នោះ។ លោក មាស ចាន់ណា បាន​និយាយ​ប្រាប់​វេប​សាយ​ក្នុងស្រុក​មួយ​ថា លោក​ មាស ចាន់​ណា​ បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ស្វាយរៀង​ ​បាន​ធ្វើ​ឲ្យ​លោក​មាន​​ការ​ព្រួយបារម្ភ​​ចំពោះ​អាជ្ញាកណ្ដាល​ដែល​អាច​​​កាត់​ក្ដី ​ហាក់​មិន​សុក្រឹត ​សម្រាប់​ក្រុម​​របស់​លោក ប៉ុន្តែ​លោក​ជឿ​ថា​ អាជ្ញាកណ្ដាល ​នឹង​​កាត់​ក្ដី​ដោយ​ភាព ​​ត្រឹម​ត្រូវ​ ស្មើភាព​គ្នា​បាន​ល្អ​ ដែល​មិន​ធ្វើ​ឲ្យ​ក្រុម​ទាំង​សងខាង​មិន​ពេញ​ចិត្ត​នោះ​ឡើយ។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ជួប​គ្នា​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៥ ណាហ្គាវើល បាន​យក​ឈ្នះ​ក្រុម​ព្រះខ័នរាជស្វាយ​រៀង ១-០ ក្នុង​ការ​ប្រកួត​ជើង​ទី​១ តែ​បាន​ចាញ់​ព្រះខ័នរាជស្វាយ​រៀង ៤-២ វិញ​ក្នុង​ការ​ប្រកួត​ជើង​ទី​២។ ចំណែក​ការ​ប្រកួត​រដូវ​កាល​ថ្មី​ចំនួន​២​​ប្រកួត​​កន្លង​មក​នេះ ព្រះខ័ន​រាជស្វាយ​រៀង កំពុង​ឈរ​នៅលេខ​រៀង​ទី​៣ ដោយ​មាន​៧ពិន្ទុ​ជាមួយ​ការ​ឈ្នះ​២ និង​ស្មើ​១ ខណៈ​ក្រុម​ណាហ្គាវើល មាន​៤ពិន្ទុ​ ដោយ​ឈ្នះ​១ ស្មើ​១ និង​ចាញ់​១​ប្រកួត។ ដោយ​ឡែក សម្រាប់​ការ​​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ ក្រុមមជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ត្រូវ​ជួប​ក្រុម​ខេមបូឌាន​ថាយហ្គឺរ នៅ​ពហុកីឡដ្ឋាន​ជាតិ នា​រសៀល​ម៉ោង ៣:៣០ គឺ​មុន​ពេល​ក្រុម​បឹងកេតអង្គរ និង​ក្រសួង​ការពារ​ជាតិ ត្រូវធ្វើ​ការ​ប្រកួត​ដណ្តើម​យក​តំបន់កំពូល​តារាង​គ្នា ព្រោះ​ពេល​នេះ​ក្រុម​ទាំង​២​មាន​៩​ពិន្ទុ​ ជាមួយ​ការ​ឈ្នះ​ទាំង​៣​ប្រកួត​ដូច​ៗគ្នា។
ss-1

សម្រាប់​ការ​ប្រកួត​រដូវ​កាល​ឆ្នាំ​២០១៥ ក្រុមបឹង​កេត បាន​ឈ្នះលើ​ក្រុម​ទ័ព​ទាំង​២​ជើង​ជាមួយ​លទ្ធ​ផល ៣-០ និង ១-០ ប៉ុន្តែ​ការ​វិល​មក​ជួប​គ្នា​​នៅ​ថ្ងៃ​សៅរ៍ ខាង​មុខ​នោះ ទាំង​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្គោល​ក្រុម​បឹង​កេត និង​​លោក ទេព ឡុងរចនា គ្រូ​បង្វឹក​ក្រុម​ទ័ព ហាក់​បង្ហាញ​ការ​ខ្លាច​រអាគ្នា​ទៅ​វិញ​ទៅមក។ លោក ​ប្រាក់ សុវណ្ណារ៉ា ​បាន​និយាយ ​ថា៖​«បើ​ទោះ​បី​ជា ​ក្រសួងការពារ​ជាតិ មិន​សូវមាន​កីឡាករ​លេច​ធ្លោ​ ប៉ុន្តែ​​​ក្រុមនេះ​​មាន​ឆន្ទៈ​ខ្ពស់ និង​មានស្មារតី​ប្រកួត​ជា​ក្រុម​ខ្លាំងមែន​ទែន រីឯ​គ្រូ​បង្វឹក​ក៏មាន​បទ​ពិសោធ ដែល​ធ្វើឲ្យ​ខ្ញុំ​មាន​ការ​បារម្ភ​ទៅ​លើ​ការ​ប្រកួត​នេះ ​ហេតុនេះ​ការ​ទទួល​បាន​ត្រឹមលទ្ធផល​ស្មើ​ក៏​អាច​រាប់​ថា​ជា​ជ័យ​ជម្នះ​របស់​បឹងកេត​ផង​ដែរ»។

ចំណែក​លោក ទេព ឡុងរចនា បាន​និយាយ​ថា៖​«​ទោះ​បីជា​រដូវ​កាល​មុន​យើង​បាន​ចាញ់​បឹង​កេត​ ទាំង​២​ជើង ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​រដូវ​​កាល​នេះ យើង​មាន​សង្ឃឹម​ឈ្នះ​ច្រើន​ជាង​ពី​ឆ្នាំ​មុន ព្រោះ​យើង​​ត្រៀម​ខ្លួន​បាន​ល្អ ព្រម​ទាំង​បាន​ដឹង​ពី​ចំណុច​ខ្លាំង និងចំណុច​ខ្សោយ​របស់​គេ ហេតុ​នេះ​​យើង​មិន​ឲ្យបរាជ័យ​ទៀត​នោះ​ទេ គឺ​យ៉ាង​ហោចណាស់​ក៏​យើង​ត្រូវ​ទទួល​បាន​១ពិន្ទុជាមួយ​លទ្ធផលស្មើ​​ដែរ»៕