ប្រជាពលរដ្ឋ​រស់នៅ​តំបន់​​ វាលរេញ ស្រុក​ព្រៃនប់​ អាច​នឹង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ចាប់ពី​ដើម​ខែ​មេសា

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​​ វាលរេញ ស្រុក​ព្រៃនប់​ អាច​នឹង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ចាប់ពី​ដើម​ខែ​មេសា



ព្រះសីហនុ​ ៖​ លោក​ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ ​ឧស្សាហកម្ម ​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ​ បាន ធ្វើ​ការ​បញ្ជាក់​ថា​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ប្រើប្រាស់​នៅ​តំបន់​ វាលរេញ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ អាច នឹង​ជួប​បញ្ហា​ខ្វះខាត នៅ​ក្នុង​អំឡុង​ចាប់ពី​​ដើមខែ​មេសា នេះ​តទៅ​ រហូតដល់​រដូវវស្សា​មាន​ភ្លៀង ធ្លាក់​​ ពីព្រោះ​ស្ថានភាព​ទឹក​ស្អាត​បច្ចុប្បន្ន បើ​តាម​ការពិនិត្យ​ជាក់ស្ដែង ឃើញ​ថា ​ស្រះ​ដែល​ជា​អាង​ស្តុក​ ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ របស់​ក្រុមហ៊ុន​ទទួល​បន្ទុក​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ក្នុង​តំបន់​វាលរេញ នោះ​ ត្រូវ​បាន​រីង​ស្ងួត​បណ្ដើរ​ៗ​ស្ទើរតែ​​ដល់​បាត​ស្រះ​ទៅ​ហើយ។ ដោយឡែក ​សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ នៅ​តំបន់ ​ស្រុក​ស្ទឹងហាវ​ និង​ទីប្រជុំជន​ក្រុងព្រះសីហនុ​ លោក​ប្រាក់ ប្រាកដ ​បាន បញ្ជាក់​ថា មិនមាន បញ្ហា​ចោទ​ទេ បើ​ទោះជា​ឆ្នាំនេះ​ អាកាសធាតុ ឡើង​កម្ដៅ​ខ្ពស់ ខុស​​ប្លែក​ជាង​បណ្ដា​​ឆ្នាំ​មុនៗ​ក៏ដោយ។

លោក​ប្រាក់ ប្រាកដ បាន​បន្ត​ទៀត​ថា ការ​ប្រឈម​ខ្លះ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​តំបន់​វាលរេញ ស្រុក​ព្រៃនប់ ដូច​បាន​រៀបរាប់​ខាង​លើ​នេះ​ ថ្វី​ត្បិត​តែ​វា​មាន​ភាព​ស្មុគស្មាញ​ខ្លះ​ៗ​ ក៏ដោយ​ ប៉ុន្តែ​​វា​មិន​ចោទ ជា​បញ្ហា​នោះទេ គឺ​អាច​ដោះស្រាយ​បាន ពីព្រោះ​ក្រុមហ៊ុន​ដែល​ទទួល​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ក្នុង​តំបន់​នោះ ​បាន​ធ្វើការ​អះអាង​ថា ​បើ​អត់​ទឹកស្រះ ​ឬ​ទឹកស្រះ​រីង​ស្ងួត ក្រុមហ៊ុន​នឹង​យក​រថយន្ត​ដឹក​ទឹក​ចំនួន​២​គ្រឿង​ ទៅ​ធ្វើ​ការ​បូមទឹក​ពីរ​អណ្តូង នៅ​ក្បែរ​វត្ត​ថ្មដា ​ដឹក​យក​មក​ធ្វើការ​ចែកចាយ ទៅតាម ផ្ទះ​ផ្ទាល់ តែ​ម្តង ហើយ​តម្លៃ​ទឹក​គិត​ជា​ធម្មតា មិន​មាន​ការ​ឡើង​ថ្លៃ​នោះ​ទេ​ គឺ​ទឹក​ក្នុង​មួយ​ម៉ែត្រ​គូប ​តម្លៃ​២០០០ រៀល។

នៅ​ចំពោះ​មុខ ដើម្បី​ចៀសវាង ការខ្វះ​ទឹកស្អាត​ប្រើប្រាស់​នៅ​ឆ្នាំក្រោយៗ​ទៀត លោក​ប្រាក់ ប្រាកដ បាន​បញ្ជាក់​ថា ​មន្ត្រី​របស់​លោក បាន​ចុះ​ទៅ​ធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង តំបន់ វាលរេញ ឲ្យ​ធ្វើ​ការ​ស្តារ​ស្រះ ​និង​ជីក​ស្រះ​បន្ថែម​ឲ្យ​បាន​ធំ សម្រាប់​ស្តុក​ទឹកភ្លៀង ​ក្នុង​រដូវ​វស្សា ដែល​​អាច​ធានា​បាន​ថា នៅ​ឆ្នាំក្រោយៗ​ទៀត​ទឹក​ស្អាត​ប្រើប្រាស់​មិន​មាន​ការ​ខ្វះខាត​ទៀត​ទេ។

ជាមួយ​គ្នា​នេះ លោក​ទិត្យ វុទ្ធី អភិបាលស្រុក​ព្រៃនប់ ក៏បាន​ធ្វើការ​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា ជា​រៀងរាល់​ឆ្នាំ ឲ្យ​តែ​ដល់​ខែ​មេសា​ ទឹក​ស្អាត​ប្រើប្រាស់​នៅ​តំបន់​វាលរេញ​នេះ ​តែង​ជួប​បញ្ហា​​ខ្វះខាត​រហូត​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​ទទួល​ការប្រើប្រាស់​ទឹក​មានការ​លំបាក​ខ្លាំង ប៉ុន្តែ​​ការ​លំបាក​ក្នុង​ ឆ្នាំ​កន្លង មក​នោះ​ វា​មិន​មាន​រយៈពេល​យូរអង្វែង​នោះ​ទេ ​គឺ​ខ្វះ​ទឹក ចាប់ពីរ​១៥​ថ្ងៃ​ទៅ​២០​ថ្ងៃ​តែប៉ុណ្ណោះ ហើយនឹង​មានទឹក​ប្រើប្រាស់​វិញ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​កក់ខែ​មួយ​មេ​ឬ​ពីរ​មេ។ លោក ទិ​ត្យ វុទ្ធី បាន​បន្ត ទៀតថា​ សម្រាប់​ឆ្នាំនេះ បើសិនជា​ការ​ខ្វះខាត ទឹក​រយៈពេល​យូរ ក៏​មិនមាន​បញ្ហា​ចោទ ដូច​ឆ្នាំ​កន្លងទៅ​ដែរ ពីព្រោះ ក្រុមហ៊ុន ផ្គត់ផ្គង់​ទឹក​ស្អាត​បាន​ធ្វើការ​សន្យា​ថា នឹង​យក​រថយន្ត​​​ចំនួន​ពីរ​គ្រឿង​ដឹក​ទឹក ដើរ ចែកចាយ​ទៅតាម​ផ្ទះ​ផ្ទាល់​តែម្តង មិន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​ស្អាត​មានការ​លំបាក ដូច មុនៗ​ទេ៕

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​​ វាលរេញ ស្រុក​ព្រៃនប់​ អាច​នឹង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ចាប់ពី​ដើម​ខែ​មេសា/ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​​ វាលរេញ ស្រុក​ព្រៃនប់​ អាច​នឹង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ចាប់ពី​ដើម​ខែ​មេសា/ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​​ វាលរេញ ស្រុក​ព្រៃនប់​ អាច​នឹង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ចាប់ពី​ដើម​ខែ​មេសា/ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​​ វាលរេញ ស្រុក​ព្រៃនប់​ អាច​នឹង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ចាប់ពី​ដើម​ខែ​មេសា