ប្រជាពលរដ្ឋ​និយាយ​ថា ​ស្រុក​គិរីវង់​សម្បូរ​ច្រក​របៀង​សម្រាប់​សម្រួល​ទំនិញ​គេច​ពន្ធ ​ពី​វៀតណាម

ប្រជាពលរដ្ឋ​និយាយ​ថា ​ស្រុក​គិរីវង់​សម្បូរ​ច្រក​របៀង​សម្រាប់​សម្រួល​ទំនិញ​គេច​ពន្ធ ​ពី​វៀតណាម



តាកែវ​ ៖​ បន្ទាប់​ពី​មាន​ការ​និយាយ​ពី​ប្រជាពលរដ្ឋ​អំពី​ច្រក​របៀង ​លោក​កៅ វគ្គ​សែ​ល​ អភិបាលស្រុក​គិរីវង់ ខេត្ត​តាកែវ ​បាន​បកស្រាយ​ប្រាប់​អ្នកសារព័ត៌មាន​កម្ពុជា​ថ្មី​ កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦​​​ថា នៅក្នុង​ភូមិសាស្ត្រ ដែល​ជាប់​នឹង​ព្រំប្រទល់​ប្រទេស​វៀតណាម របស់លោក ពិត​ជា​មាន​ការ​បើក​ច្រក​របៀង​លួចលាក់​ជាច្រើន​មែន​, ប៉ុន្តែ​បើ​ចង់​បិទ​ច្រក​នោះ​វិញ​ទាល់​តែ​មាន​បញ្ជា​ពី​អភិបាលខេត្ត គឺ​លោក​ឡាយ វណ្ណៈ ជាមុនសិន។

លោក​ថ្លែង​បែបនេះ បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ថា មាន​ច្រករបៀង​មួយ​ឈ្មោះ ច្រក​កំណប់​កែវ ស្ថិតក្នុង​ឃុំ​តា​អូ ត្រូវបាន​លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​គិរីវង់ ប្រគល់​ទៅ​ឲ្យ​មេបញ្ជាការ​យោធា​សឹក​រង​ស្រុក​គិរីវង់​ម្នាក់​ឈ្មោះ សេង វុ​ធ ជា​អ្នកគ្រប់គ្រង​។ តាមផ្លូវ​ច្រករបៀង​នោះដែរ​ លោក សេង វុ​ធ បាន​សាងសង់​ឃ្លាំង​មួយ​ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ​ សម្រាប់​ការផ្ទេរ​ឥវ៉ាន់​ពី​ប្រទេស​វៀតណាម ដែល​គេ​ជឿ​ថា ទំនិញ​ទាំងអស់​ពុំបាន​បង់ពន្ធ​ចូល​រដ្ឋ​ទេ។ ម្យ៉ាងទៀត​ច្រក​ខាងលើ ក៏​ជា​កន្លែង​ដែល​ជនអន្តោប្រវេសន៍​វៀតណាម​ចូល​ដោយ​ខុសច្បាប់​មក​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

ចំពោះ​ច្រក​របៀង​កំណប់​កែវ​នេះ ​លោក​អភិបាលស្រុក បាន​ថ្លែង​ទទួល​ស្គាល់​ថា ពិតជា​គ្រប់គ្រង​ដោយ​លោក សេង វុ​ធ មែន គឺ​តាំងតែ​ពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ , ប៉ុន្តែ​លោក​ពុំ​ដែល​បាន​ទទួល​លាភសក្ការៈ​សូម្បី​តែមួយ​កាក់​មួយ​សេន​នោះ​ទេ​, ហើយ​បើ​ចង់​បិទ​ច្រក​នេះ គឺ​ទាល់​តែ​មាន​បញ្ជា​ពី​លោក​អភិបាលខេត្ត​សិន​។​

បើតាម​ការ​ប្រកាស​រប​ស់​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុង​ពិធី​តែងតាំង​អភិបាលខេត្ត​ស្វាយរៀង​កន្លង​ទៅ​ថ្មីៗ​នេះ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ជាប់​ព្រំដែន​ទាំងអស់​ឲ្យ​បិទ​ច្រករបៀង​។ ការបិទ​ច្រក​របៀង ដែល​សម្ដេច​ក្រឡាហោម បានលើកឡើង​នេះ​គឺ​ដើម្បី​ទប់ស្កាត់​អំពើ​រត់ពន្ធ​ខុសច្បាប់​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ និង​លំហូរ​ជនបរទេស​ចូល​ស្រុក​ដោយ​ខុសច្បាប់។

ពាក់ព័ន្ធ​នឹង​ច្រករបៀង​ជាច្រើន​នៅ​ទឹកដី​ស្រុក​គិរីវង់ យើង​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា លោក​ ឡាយ វណ្ណៈ អភិបាល​ខេត្ត​តាកែវ បាន​ជ្រាប ​នូវ​ការ​អំពាវនាវ​របស់​សម្តេច​ក្រឡាហោម ស ខេង ឬ​យ៉ាងណា​នោះទេ​?៕
ប្រជាពលរដ្ឋ​និយាយ​ថា ​ស្រុក​គិរីវង់​សម្បូរ​ច្រក​របៀង​សម្រាប់​សម្រួល​ទំនិញ​គេច​ពន្ធ ​ពី​វៀតណាម