គជប គ្រោង​ជ្រើសរើស​ធនធានមនុស្ស​ជាង​៥​ពាន់​នាក់ សម្រាប់​ជួយ​កិច្ចការ​បោះឆ្នោត​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា គ​.​ជ​.​ប គ្រោង​ត្រូវការ​ធនធានមនុស្ស​ជាង​៥​ពាន់​នាក់ សម្រាប់​ជួយ​កិច្ចការ​ចុះឈ្មោះ​បោះឆ្នោត​នៅពេល​ខាងមុខនេះ​។​

​លោក ហង្ស ពុទ្ធា បន្ថែមថា បុគ្គលិក​ដែល គ​.​ជ​.​ប គ្រោង​ជ្រើសរើស​នេះ គឺ​ត្រូវយក​មកជួយ​ការងារ​ប្រើប្រាស់​បច្ចេកទេស​កុំព្យូទ័រ សម្រាប់​ការបោះឆ្នោត ដោយ​ខាង​មន្ត្រី គ​.​ជ​.​ប ជា​អ្នក​បង្រៀន​ពួកគេ​ឲ្យ​ចេះ​ការងារ​ទាំងនេះ​។ តែ​លោក​មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ជ្រើសរើស​នៅឡើយ​ទេ ដោយ​រងចាំ​ការរៀបចំ​សម្ភារៈ​បច្ចេកទេស​កុំព្យូទ័រ​ឲ្យ​បាន​រួចរាល់​សិន​។​

​ថ្លែង​ចំពោះមុខ​អ្នកកាសែត​ក្រោយ​ជំនួប​ពិភាក្សា​ពី​កិច្ចការ​បោះឆ្នោត​រវាង គ​.​ជ​.​ប និង​ឯកអគ្គរាជទូត​សហភាព​អឺរ៉ុប នៅ​ព្រឹក​នេះ​៖«​ការចុះឈ្មោះ​បោះឆ្នោត គ​.​ជ​.​ប គ្រោង​នឹង​ត្រូវការ​បុគ្គលិក​៧​ពាន់​នាក់ ប៉ុន្ដែ ក្នុង​៧​ពាន់​នាក់​នេះ មាន​អ្នកចូលរួម​ជាមួយ​ជា​ស្មៀនឃុំ​១៦៣៣​នាក់​ហើយ​។ ដូច្នេះ​អ្វីដែល គជប ត្រូវការ​នេះ​គឺពាក់ព័ន្ធ​ច្រើន​នឹង​ការងារ​បច្ចេកទេស​ដែរ សូម្បីតែ​មេក្រុម​ក៏ត្រូវ​ការចេះ​ការងារ​កុំព្យូទ័រ ហើយ​ការីកុំព្យូទ័រ​ត្រូវតែមាន​អ្នកជំនាញ​ពិត​ប្រាក​វាយ​(​ឈ្មោះ​)​លឿន​»​។

​កាលពី​ចុងឆ្នាំ​២០១៥​កន្លងមក គ​.​ជ​.​ប ធ្លាប់​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង រយៈពេល​១៥​ថ្ងៃ​ម្ដង​ហើយ ដោយ គ​.​ជ​.​ប មើលឃើញថា បញ្ហា​ធនធានមនុស្ស​ក្នុងការ​ប្រើប្រាស់​បច្ចេកទេស​តាម​កុំព្យូទ័រ​នៅតែ​ជា​បញ្ហា​ធំ​សម្រាប់​គ​.​ជ​.​ប​។ 

​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប ធ្លាប់បាន​បញ្ជាក់ថា កង្វះ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ប្រើ​បច្ចេកវិទ្យា​នេះ គឺជា​បញ្ហា​ដែល គ​.​ជ​.​ប កំពុង​ព្រួយបារម្ភ​សម្រាប់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​មណ្ឌល​គ្រប់​បណ្ដា​រាជធានី ខេត្ត​។ បើតាម​លោក ស៊ិ​ក ប៊ុន​ហុក គ​.​ជ​.​ប ត្រូវការ​ធនធានមនុស្ស ដែល​ចេះ​ប្រើប្រាស់​បច្ចេកទេស​កុំព្យូទ័រ​នេះ ត្រូវបំពេញ​ភារកិច្ច​ចុះឈ្មោះ​បោះឆ្នោត ក្នុង​លក្ខខណ្ឌ​បណ្ដែត​រយៈពេល​ខ្លី  ដោយ​ត្រូវ​ការយក​ពួកគេ​មក​បណ្ដុះបណ្ដាល​មុន​ឲ្យ​បាន​ល្អិតល្អន់ ដើម្បី​ឲ្យ​អ្នក​ទាំងនោះ​អាចធ្វើ​ការងារ​នេះ​បាន​។​

​កន្លងមក​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា យល់ថា តួនាទី​ការីកុំព្យូទ័រ​ចុះឈ្មោះ​បោះឆ្នោត​នេះ គឺជា​សសរស្ដម្ភ​សំខាន់​មួយ​ក្នុង​កិច្ចការងារ​បោះឆ្នោត ដូច្នេះ​យុវជន​ដែល​ចេះ​ប្រើប្រាស់​ជំនាញ​បច្ចេកវិទ្យា​កុំព្យូទ័រ​នេះ គួរតែ​ចូលរួមចំណែក​ជួយ​ការងារ​ចុះឈ្មោះ​បោះឆ្នោត​របស់​គ​.​ជ​.​ប បើទោះជា​ការងារ​នេះ​មាន​រយៈពេល​ខ្លី​ក៏ដោយ​។ តែ​លោ​កថា ការ​រើស​ការីកុំព្យូទ័រ​បម្រើកា​រងារ​ចុះឈ្មោះ​បោះឆ្នោត​នេះ គ​.​ជ​.​ប ត្រូវ​ជ្រើសរើស​ដោយ​តម្លាភាព​ដោយ​ពិនិត្យមើល​ទៅលើ​សមត្ថភាព​របស់​ពួកគេ ដើម្បី​ឲ្យ​យុវជន​ដែលមាន​បំណង​ចង់​ជួយ​ការងារ​មាន​ជំនឿ​ចិត្ត​ក្នុងការ​ដាក់ពាក្យ​ជួយ​រៀបចំ​ដំណើរការ​បោះឆ្នោត​នេះ​៕