ក្រសួង​គ្រោងបង្កើត​មជ្ឈមណ្ឌល​បង្រៀន​សិល្បៈ និង​ភាពយន្ត

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និងស្ថាប័នសិល្បៈមួយចំនួន សហការគ្នាគ្រោងបង្កើត​មជ្ឈមណ្ឌល​មួយ សម្រាប់​ការបណ្តុះបណ្តាល​យុវជនផ្នែកសិល្បៈ និង​ភាពយន្ត​ ដើម្បីលើកស្ទួយ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ។ នេះ​បើតាម​ប្រសាសន៍​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា។

លោក ហង់ ជួនណា​រ៉ុ​ន ថ្លែង​ក្នុង​សន្និបាត​បូកសរុប​ការងារ​អប់រំ កាលពី​ថ្ងៃទី៣០ ខែមីនា ថា ស្ថាប័ន​សិល្បៈ និង​ភាពយន្ត​មួយចំនួន បានស្នើ​ក្រសួង​បណ្តុះបណ្តាល​វិស័យនេះ ពួកគេ ធានា​រ៉ាប់​រងថ្លៃចំណាយ​លើ​ការបណ្តុះបណ្តាល​យុវជនទាំងអស់។ ពាក់ព័ន្ធ​នឹង​សំណើ​នេះ លោក​រដ្ឋមន្ត្រី បន្តថា ក្រសួង នឹង​ពិភាក្សា​ជាមួយ​ក្រសួង និង​ស្ថាប័ន​នានា ពាក់ព័ន្ធ​នឹង​ការបង្កើត​មជ្ឈមណ្ឌល​នេះ​បន្ថែមទៀត ពីព្រោះ​ក្រសួង​ពុំមាន​ថវិកា និង​គ្រូបង្រៀន​វិស័យ​នេះឡើយ។

លោក​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«បញ្ហា​ប្រឈម​របស់​យើង​គឺ​រក​គ្រូបង្រៀន​អត់​បាន សិល្បៈ ដូ​រ្យ​តន្ត្រី ហ្នឹង​ដូច្នេះ​ក្រសួង​នឹង​រៀបចំ​មជ្ឈមណ្ឌល​មួយ​សហការ​ជាមួយ​ស្ថាប័ន​មួយ ហៅថា Khmer Living art គាត់​ចង់​បណ្តុះបណ្តាល​ហើយ គាត់​ចេញ​លុយ គាត់​មាន​ថវិកា។ ដួច​លោក រិទ្ធី ប៉ាន់ គាត់​ចង់​ឲ្យ​បង្រៀនខាង​ផ្នែក​ថតកុន​ទៀត ដូចនេះ​យើង​នឹង​ផ្សារភ្ជាប់​ការងារ​នេះ​ជាមួយ​ស្ថាប័ន​ផ្សេងទៀត ដើម្បី​ការបង្រៀន​នេះ»៕