កូរ៉េខាងជើង​ថា​គួរ​បន្ទោស​អាមេរិក​រឿង​បញ្ហា​ឧបទ្វីប​កូរ៉េ​

​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​បាន​បន្ទោស​អាមេរិក​ខ្លាំងៗ​ចំពោះ​ការបង្កើត​ភាព​តានតឹង​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ​។ កូរ៉េខាងជើង​បាន ចាត់ទុក​ការគំរាមកំហែង​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​រវាង​អាមេរិក​និង​កូរ៉េខាងជើង និង​ការដាក់ទណ្ឌកម្ម​ប្រឆាំង​ខ្លួន​ផង​នោះ ជាដើម​ហេតុដែល​បង្ក​ឲ្យ​បញ្ហា​សន្តិសុខ​កាន់តែ​ធ្ងន់ធ្ងរ​។​

​កូរ៉េខាងជើង​បានចេញ​មុខ​រិះគន់​អាមេរិក​ជាថ្មី ដោយ​អះអាងថា អាមេរិក​នេះឯង​ជា​អ្នក​ដែល​បង្ក​ឲ្យ​បញ្ហា​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​ធ្លាក់ចូល​ក្នុងស្ថានភាព​អាក្រក់​កន្លងមកនេះ​។

​យោងតាម​ទី​ភ្នា​ក់​ចិន Xinhua  ក្រសួង​ការបទេស​កូរ៉េខាងជើង​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី ដាក់​កំហុស​លើ​អាមេរិក​ចំពោះ​សន្តិសុខ​ផុយស្រួយ​នៅ​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន​។ សេចក្តីថ្លែងការណ៍​នោះ​បកស្រាយ​ថា ក្រុង​វ៉ាស៊ីនតោន​បាន​ព្យាយាម​បង្កើត​បញ្ហា​និង​បង្ករឿង​ដោយ​គំរាមកំហែង​ដោយ​ប្រើប្រាស់​នុយក្លេអ៊ែរ រៀបចំ​លំ​ហាត់​យោធា​ទ្រង់ទ្រាយ​ធំ និង​ប្រកូក​ប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​របស់​កូរ៉េខាងជើង​ជា​ដើ​។​

​ទង្វើ​ទាំងអស់​នេះហើយ បាន​បង្ក​ឲ្យ​បរិយាកាស​នៅ​ឧបទ្វីប​កូរ៉េ​អាប់អួរ ហើយ​វា​ក៏​រុញច្រាន​ឲ្យ​សន្តិសុខ​ធ្លាក់​ក្នុងស្ថានភាព​អាក្រក់​ខ្លាំង​រហូតដល់​មានការ​ប្រឈមមុខគ្នា​ផ្នែក​សព្វាវុធ​កាន់តែ​ធ្ងន់ធ្ងរ​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​ដដែល​នោះបាន​ថ្កោលទោស​អាមេរិក​ផងដែរ ដែល​ចាត់ទុក​កូរ៉េខាងជើង​ជា​គោលដៅ​នៃ​ការប្រើប្រាស់​សិទ្ធិ​វាយប្រហារ នុយក្លេអ៊ែរ​ជាមុន​។ ក្រសួងការបរទេស​ក្រុង​ព្យុងយ៉ាង​បាន​សង្កត់ធ្ងន់ថា ការ​គម្រាមកំហែង​ប្រើប្រាស់​នុយក្លេអ៊ែរ​នោះ វា​ជា​រឿង​ហួស​សម័យ​ទៅហើយ ព្រោះ​ខ្លួន​បានលឺ​ការ​គំរាម​នេះ​អស់​រាប់​ទសវត្សរ៍​មក​ហើយ​។​

​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​មួយ​គ្រាប់ ដើម្បី​បង្ហាញ​សាច់ដុំ​ដាក់​កងទ័ព​អាមេរិក​និង​កូរ៉េខាងត្បូង​ដែល​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​តាំងពី​ថ្ងៃ ៧​ខែមីនា​កន្លងមក​នោះ​។​

​ពាក់ព័ន្ធ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជួបពិភាក្សា​ជា​លក្ខណៈ​ត្រីភាគី​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​នាយករដ្ឋមន្ត្រី​ជប៉ុន​នៅក្រៅ​កិច្ចប្រជុំ​សន្តិសុខ​នុយក្លេអ៊ែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ហើយ​បន្ទាប់មក​លោក ក៏​បន្ត​ជួប​ជាមួយ​ប្រមុខរដ្ឋ​ចិន លោក ស៊ី ជិន​ពីង ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​បញ្ចប់​ភាព​តានតឹង​និង​ប្រឈមមុខគ្នា​នៅ​ឧបទ្វីប​កូរ៉េ​ផង​។ តែ​លោក​ស៊ី ជិន​ពីង នឹង​លើកឡើង​ជាថ្មី​ពី​ជំហរ​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​ចិន​ចង់​ឲ្យ​មានការ​សន្ទនា​គ្នា​ឡើងវិញ​រវាង​ភាគី​ពាក់ព័ន្ធ​ជាពិសេស​កិច្ចពិភាក្សា​៦ ភាគី ដែល​ជាប់គាំង​អស់​ច្រើន​ឆ្នាំ​មក​នោះ​។

 សូមបញ្ជាក់ថា​កាលពីដើម​ខែមករា​កន្ល​ង​ទៅ​កូរ៉េខាងជើង​បានសម្រេច​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​អាវុធ​អ៊ីដ្រូសែន  ហើយ​មួយខែ​ក្រោយមក​កូរ៉េខាងជើង​ក៏បាន​ប្រកាស​ជាថ្មី​ថា​ខ្លួន​បានសម្រេច​ជោគជ័យ​ក្នុង​ការបាញ់​បង្ហោះ​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ថែមទៀត​។ ការបាញ់​សាកល្បង​អាវុធ​បន្តបន្ទាប់​គ្នា​នេះ បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​និង​ព្រួយបារម្ភ​ខ្លាំង​ពី​សំណាក់​ក្រុង​វ៉ាស៊ីនតោន និង​ប្រទេសជិតខាង​មាន​កូរ៉េខាងត្បូង​និង​ជប៉ុន​ជាដើម​។​