កំណប់​អាថ៌កំបាំង ចេញ​ផ្សាយ​ព្រឹក​នេះ

ខ្ញុំ​មក​លេង​ស្រុក​កំណើត​ក្រោយ​ពី​បញ្ចប់​គម្រោង​​ការងារ​នៅ​កោះកុង។ ខ្ញុំ​ត្រូវ​សម្រាក​រង់ចាំ​រហូត​គម្រោង​ថ្មី​ធ្លាក់​មក ប្រហែល​ជា​២​​អាទិត្យ​ទៀត​ទើប​ខ្ញុំ​មក​លេង​ស្រុក​ដោយសារ​ខ្ជិល​នៅ​ភ្នំពេញ។ ខ្ញុំ​មក​ដល់​កំពង់​ចាម​រាង​រសៀល​បន្តិច​ទៅ​ហើយ តែ​យ៉ាង​ណា ខ្ញុំ​នៅ​សល់​ពេល​គ្រប់​គ្រាន់​ដើម្បី​ទៅ​លេង​ញាតិ​មិត្ត ក្រុម​គ្រួសារ​ដែរ លុះ​ម៉ោង​ប្រហែល​ជា​​៧​​យប់​មកដល់​ផ្ទះ​តា​ខ្ញុំ​វិញ។

ជា​ការ​ពិត​ណាស់​​ ការ​ធ្វើ​ដំណើរ​ផ្លូវ​ដ៏​ឆ្ងាយ ធ្វើ​ឱ្យ​ខ្ញុំ​អស់​កម្លាំង​យ៉ាង​ខ្លាំង​ចៀស​មិន​ផុត។ ក្រោយ​ពី​ហូប​អាហារ​ពេល​យប់​ជាមួយ​ប៉ា​ម៉ាក់​​រួច​​ ខ្ញុំ​នៅ​ជជែក​លេង​ជាមួយ​ពួក​គាត់​មួយ​សន្ទុះ រួច​ខ្ញុំ​ក៏​រៀបចំ​ចូល​គេង​ពី​ក្បាល​ព្រលប់​បន្តិច ប៉ុន្តែ​មុន​នឹង​ចូល​គេង ខ្ញុំ​បាន​ទៅ​អុជ​ធូប​ដល់​តា​ខ្ញុំ​ដែល​បាន​ស្លាប់​តាំង​ពី​ខ្ញុំ​នៅ​តូច​កើត​ទើប​តែ​បាន​មួយ​ខួប​ពីរ​ខួប​ម្ល៉េះ។

ប៉ា​ខ្ញុំ​តែង​តែ​ឱ្យ​ខ្ញុំ​អុជ​ធូប​រៀងរាល់​ពេល​ខ្ញុំ​មក​លេង ឬ​ថ្ងៃ​សីល រហូត​ដល់​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។ បន្ទាប់​មក ខ្ញុំ​ក៏​ទៅ​គេង​ដោយ​​អស់​កម្លាំង គ្រាន់​តែ​ដាក់​ក្បាល​ដល់​កន្ទេល​ភ្លាម​ ខ្ញុំ​គេងលក់​យ៉ាង​ឆ្ងាញ់​តែ​ម្តង ប៉ុន្តែ​ស្រាប់​តែ​ពាក់​កណ្ដាល​អធ្រាត្រ ខ្ញុំ​យល់​សប្ដិ​ចម្លែក​មួយ​។​ ព្រលឹង​ខ្ញុំ​ឃើញ​ថា មនុស្ស​ម្នាក់​ឈរ​នៅ​ចុងជើង​ខ្ញុំ​កំពុង​គេង ហើយ​ស្រែក​ហៅ​ខ្ញុំ​៖
​«អា​ចៅ! ក្រោក​ឡើង!»​​
ខ្ញុំ​បើក​ភ្នែក​មក​ក៏​ឃើញ​តា​ម្នាក់​កំពុង​ញញឹម​ដាក់​ខ្ញុំ​ ខ្ញុំ​ក៏​ងើប​អង្គុយ។ ខ្ញុំ​មិន​ដែល​ជួប​គាត់​ពីមុន​ទេ តែ​មាន​អារម្មណ៍​ធ្លាប់​ឃើញ​ដូចជា​តា​ខ្ញុំ​ក្នុង​រូបថត។ គាត់​ជា​តា​ខ្ញុំ។​ ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង រួច​ឧទាន​ថា៖
​«តា???​ លោកតា​មែនទេ? ​លោកតា​មក​រក​លេង​ខ្ញុំ មែន​ទេ?​»
​«តា​មាន​របស់​មួយ​ចង់​ឱ្យ​ចៅឯង!» គាត់​តប​ទាំង​មុខ​នៅ​ញញឹម​ជាប់។​
​«​របស់​អី​ទៅ​លោកតា?» ខ្ញុំ​សួរ​ទាំង​ឆ្ងល់។​
​«ជា​របស់​សំខាន់​មួយ​ដែល​តា​កប់​ទុកចោល​យូរ​ហើយ​ ប៉ុន្តែ​ចៅ​ត្រូវ​ចាំ​ថា ​របស់​កាន់​តែ​ល្អ កាន់​តែ​ពិបាក​យក! ក្នុង​សម័យ​សង្គ្រាម តា​យក​វា​ទៅ​កប់​ដោយ​​បញ្ចុះ​អ្នក​ការពារ​នៅ​ជាមួយ​ផង! ដូចនេះ ចៅ​មាន​សំណាង​បាន​របស់​នោះ​ឬ​អត់ ​អាស្រ័យ​លើ​ចៅ​ខ្លួនឯង​ហើយ!»

​«អ្នក​ការពារ​អី​ទៅ?» ខ្ញុំ​ព្យាយាម​សួរ​បញ្ជាក់។
​«តា​មិន​អាច​ប្រាប់​បានទេ តែ​ចៅ​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា ត្រូវតែ​ក្លាហាន មិន​តក់​ស្លុត មិន​ថា​ឃើញ​អ្វី​កើតឡើង​ក៏​ដោយ​ ចៅ​ត្រូវ​ជម្នះ​ឧបសគ្គ​បី​ដើម្បី​បាន​របស់​នោះ! បើ​សិន​ជា​ចៅ​ខ្លាច​ រាថយ ឬ​រត់​ត្រលប់​ក្រោយ ចៅ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត!»
​«ត្រូវ​មាន​គ្រោះ​ដល់​ស្លាប់​ផង?»​ ខ្ញុំ​សួរ​ទាំង​បារម្ភ។
​«ត្រូវ​ហើយ! ល្បែង​មួយ​នេះ​គឺ​ត្រូវ​យក​ជីវិត​ទៅ​ភ្នាល់!​ តើ​ចៅ​ហ៊ាន​លេង​ដែរ​ទេ?»
ខ្ញុំ​គិត​ថា ជាតិ​ជា​កូនប្រុស ខ្ញុំ​ធ្លាប់​ជួប​ខ្មោច ជួប​ព្រាយ រឿង​សាហាវ​ៗ​រាប់​មិន​អស់​ ខ្ញុំ​ចូល​ចិត្ត​ផ្សងព្រេង​ស្រាប់​ រឿង​អី​ដែល​ខ្ញុំ​ត្រូវ​ខ្លាច?។ គិត​រួច​ទើប​ខ្ញុំ​ឆ្លើយ​តប​ទៅ​គាត់​វិញ​ថា៖
«ខ្ញុំ​ហ៊ាន​លោកតា!!»

​គាត់​សើច​យ៉ាង​ខ្លាំង ហើយ​ពោល​៖
«ល្អ​ខ្លាំង​ណាស់! អ៊ីចឹង​ទើប​សម​ជា​ចៅ​របស់​យើង!!»…

ចុចអានសាច់រឿងទាំងស្រុង!

កំណប់​អាថ៌កំបាំង ចេញ​ផ្សាយ​ព្រឹក​នេះ

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ