ម៉ូតូ​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​នៅ​ផ្លូវ​ហាណូយ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ និង​ម៉ូតូ បណ្ដាល​ឱ្យ​រង​របួសស្រាល​ពីរ​នាក់ និង​ស្លាប់​ម្នាក់ ។ ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​RX សេ​១០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-1322 បើកបរ​មាន​គ្នា​ពីរ​នាក់ ដោយ​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពាក់​ស្លាក​លេខ ព្រៃវែង 1B-4189 បើក​ឆ្លងផ្លូវ​មាន​តែ​ម្នាក់ឯង ក៏​ត្រូវ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​RX បុក​ពេញទំហឹង​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។ ចំ​ណែ​ឯ​ជន​បង្ក​ទាំង​ពីរ​នាក់​រង​របួសស្រាល ហើយ​ឃើញ​សភាព​បែប​នេះ ក៏​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​រត់គេច​បាត់​ស្រមោល ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ផា​ន់ ហ៊ើ អាយុ​៣៨​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ថ្ម​ពាន ឃុំ​អង្គ​តា​សួរ ស្រុក​ជ្រុំ ខេត្តស្វាយរៀង ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ដឹក​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ទំនៀមទម្លាប់ ។ រីឯ​ម៉ូតូ​ទាំង​ពីរ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចរាចរ​ក្រុង យក​ទៅ​រក្សា​ទុក​រង់ចាំ​ភាគី​ទាំង​ពីរ​មក​ដោះស្រាយ ៕