កុងតឺន័រខូច១យប់ ម្ចាស់យកក្បាល ​ទុកន្ទុយ​ចោលលើស្ពាន​​

ខេត្ត​​ព្រៃវែង​ ៖ រថយន្តកុងតឺន័រមួយ​គ្រឿង បានគាំងខូចទៅមុខលែងរួច ខណៈពេលអ្នកបើកបរ​បើក​មក​ដល់​ត្រង់ចំណុច​លើ​ស្ពានអ្នកលឿង និងបានធ្វើឱ្យ​សមត្ថកិច្ច ឈឺក្បាល ដោយ​សារ​ដេកយាម​មួយ​​យប់​ទល់ភ្លឺ ។ រថយន្តកុងតឺ​ន័រនេះ ពាក់ស្លាកលេខ ភ្នំពេញ 3B-4841 ជារបស់ក្រុមហ៊ុនសូងួន និងបាន បើក មក ពីក្រុងបាវិត ខេត្ត​ស្វាយ​រៀង ក្នុងគោលបំណង​ចូលទៅរាជធានី​ភ្នំពេញ ប៉ុន្តែពេលបើកទៅ​ដល់​លើស្ពានអ្នកលឿង ក៏បានគាំងខូចនៅវេលាម៉ោង១១យប់ ថ្ងៃទី៣១ មីនា ខេត្ត​ព្រៃវែង ។

ចំពោះមូលហេតុនៃការគាំងខូចរបស់រថយន្តកុងតឺ​ន័រនេះ មិនបានដឹងថាមកពីមូល​ហេតុ​​អ្វីឱ្យ​ប្រាកដនោះទេ ប៉ុន្តែសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយ​ពីរថយន្តគាំងខូចទៅ​មុខលែងរួចភ្លាម ក៏មានរថយន្តកុងតឺន័រពីរគ្រឿងផ្សេងទៀត បានមកឈប់បន្តកន្ទុយគ្នា ដើម្បីជួយជួសជុលរថយន្តដែលខូចនេះ ហើយក្រោយពីជួសជុលអស់ពេល​ជាង​កន្លះម៉ោងមក​ រថយន្តនេះ ក៏បានដំណើរការវិញ តែពេលបើកទៅមុខក៏រលត់ទៀត ហើយខូច​តែម្តង ទើបអ្នកបើកបររថយន្ត ព្រមទាំងសមត្ថកិច្ចត្រូវដេកយាមរថយន្តនេះ នៅលើស្ពានពេញមួយ​​យប់​ ព្រោះការពារខ្លាចមានបញ្ហាអ្វីកើតឡើង ។ ទោះជាយ៉ាងណាក៏ដោយ រហូតដល់ម៉ោងជិត៨ព្រឹកថ្ងៃបន្ទាប់ អ្នកបើកបររថយន្តកុងតឺន័រនេះ បាន​​ដោះក្បាលរថយន្តអូសយកទៅជួសជុលបាត់ដោយ​បាន​បន្សល់​ទុក​កន្ទុយ​នៅលើស្ពានអ្នកលឿង ដោយពុំមានមនុស្សនៅយាម ឬចាំធ្វើសញ្ញាចរាចរណ៍​អ្វីនោះទេ។

ដោយ​មើលឃើញ​បែបនេះ បានធ្វើឱ្យ​ក្រុមអ្នកដំណើរជាច្រើន បាន​នាំគ្នា​រិះគន់ថា សមត្ថកិច្ចមិនគួរបណ្តោយ​ឱ្យ​ទុកកន្ទុយ​ចោលនៅលើស្ពានបែបនេះទេ ព្រោះ​វាអា​ច​ធ្វើឱ្យ​មានការកកស្ទះចរាចរណ៍​ ឬក៏កើតមានហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ថែមទៀតផង។ សូមបញ្ជាក់ថា កន្ទុយ​រថយន្តនេះ ត្រូវបាន​គេចត​ទុកចោល​នៅលើស្ពា​អ្នកលឿង រហូតដល់ម៉ោង២រសៀល ថ្ងៃទី១ មេសា ទើបគេឃើញខាងតំណាងក្រុមហ៊ុនសូងួន នាំគ្នាមកអូសយកកន្ទុយ​កុង​តឺ​ន័រពីលើស្ពានវិញ ដោយពុំ​មានការ​រំខាន​អ្វីពីខាងសមត្ថកិច្ចនោះទេ ៕