ព័ទ្ធ​ចាប់​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដុះ​ស្លែ​ជាង​២០ឆ្នាំ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ដែល​ជាទី​តាំង​ល្បីឈ្មោះ​ជាង​២០​ឆ្នាំ​ម​ហើយ និង​ធ្វើ​ឡើង​ដោយ​សមត្ថកិច្ច សហការ​ជាមួយ​កម្លាំង​ចម្រុះ នៃ​គណៈ​បញ្ជាការដ្ឋាន​ខណ្ឌ​សែន​សុខ ។ ករណី​ព័ទ្ធ​ចាប់​ខាងលើ ស្ថិត​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​បាន​ចាប់​ឃាត់ខ្លួន​ប្រុស​ស្រី​ដែល​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំ​ញៀន​ចំនួន​៣២​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ រួម​ជាមួយ​វត្ថុ​តាង​មាន ហ្គេ​ម​បាញ់​ត្រី​ចំនួន​៨​ទូ និង​សារធាតុ​ញៀន ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ដោយ​បាន​ទទួល​ព័ត៌មាន​យ៉ាង​ច្បាស់​ពី​ករណី​ខាងលើ ទើប​ធ្វើការ​ចុះ​បង្ក្រាប​ដោយ​មានការ​ចូលរួម​ពី​សមត្ថកិច្ច​សហការ​ជាមួយ​កម្លាំង​ចម្រុះ​នៃ​គណៈ​បញ្ជាការដ្ឋាន​ខណ្ឌ​សែន​សុខ ធ្វើការ​ព័ទ្ធ​ចាប់​ក្រុម​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ម្ដុំ​នោះ​ឱ្យ​ដឹង​ថា កន្លង​មក​ក្នុង​តំបន់​ភូមិសាស្ដ្រ​ខាងលើ ជា​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ ចោរកម្ម អំពើ​ឆក់​ប្លន់ ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​ជាទី​តាំង​ដុះ​ស្លែ​ជាង​២០​ឆ្នាំ​មក​ហើយ ។

ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ចុះ​បង្ក្រាប​នេះ ដោយហេតុ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ហើយ​ការ​ចុះ​បង្ក្រាប ចាប់​បាន​តែ​អ្នក​ប្រើប្រាស់​តូចតាច​ប៉ុណ្ណោះ ប៉ុន្ដែ​អ្នក​ដែល​ជា​ឈ្មួញ​ធំ​ៗ ចាប់​មិន​បាន​សោះ ។ ប្រជាពលរដ្ឋ​មាន​ច​ម្ង​ល់​ថា ភូមិ​ត្រពាំង​ឈូក​នេះ​មិនធំ​ប៉ុន្មាន​ទេ តែ​ការ​បង្ក្រាប​ករណី​នេះ​មិន​ចេះ​ចប់​ឡើយ មិនដឹង​មួល​ហេតុ​អ្វី​បាន​មានការ​ចុះ​បង្ក្រាប​ញឹកញាប់​យ៉ាងនេះ ដូច​ជា​មិន​ចេះ​អស់​សោះ នេះ​មិនដឹង​មក​ពី​ក្រុម​ឈ្មួ​ញា​មាន​គ្នា​ច្រើន ឬ​សមត្ថកិច្ច​មាន​តិច​យ៉ាងណា​នោះ​ទេ ។ ចំណែក​ក្រុម​ជូ​ញ​ដូរ និង​ប្រើប្រាស់​សារធាតុ​ញឿ​ន​ទាំង​៣២​នាក់​នោះ សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ដ​ទៅ​តុលាការ កាត់ទោស​តាម​ច្បាប់ ៕