ចិន​​ ចេញ​មុខ​ទាម​ទារ​​ឲ្យ​កូរ៉េ​ខាង​ជើង​​​បញ្ឈប់​​​​កម្មវិធី​នុយក្លេអ៊ែរ

​ប្រទេស​​ចិន​​បាន​​​ជំរុញ​​ឲ្យ​​​​មេដឹកនាំ​​ផ្ដាច់​ការ​កូរ៉េ​ខាង​ជើង​លោក​គីម ជុង​អ៊ុងន​ ​បោះ​បង់​​​កម្មវិធី​នុយក្លេអ៊ែរ​ ​​​​​ដោយ​​ខ្លាច​​ក្រែង​​កើត​មាន​​​​ជា​សង្គ្រាម​​​លោក។

 

ចិន​​ ចេញ​មុខ​ទាម​ទារ​​ឲ្យ​កូរ៉េ​ខាង​ជើង​​​បញ្ឈប់​​​​កម្មវិធី​នុយក្លេអ៊ែរ

 

​​​​ប្រធានាធិបតី​ចិន​លោក​​​​ ស៊ី ជីង​ពីន​​ ​បាន​​ធ្វើ​ការ​ទាម​ទារ​​នេះ​ ​ក្រោយ​​​​មាន​ជំនួប​​​​ជាមួយ​​​ប្រធានាធិបតី​​​​អាមេរិក បារ៉ាក់ អូបាម៉ា​ នៅ​​​ទីក្រុង​​​វ៉ាស៊ីនតោន​​ថ្ងៃ​នេះ​​ ​ពិភាក្សា​​អំពី​​​កម្មវិធី​​នុយក្លេអ៊ែរ​​។

 

​ទោះ​បី​ជា ​​​ប្រទេស​​ចិន​​មាន​​ទំនាក់​ទំនង​ជិត​​ស្និទ្ធ​​ជា​មួយ​ទីក្រុង​ព្យុងយ៉ាង​​ក្ដី​ ​តែ​លោក​ ជីងពីន ​​បាន​យល់​ព្រម​​​អនុវត្ត​​​​ទណ្ឌកម្ម​​​​​​ថ្មី​ ​​​របស់​​​ក្រុមប្រឹក្សា​សន្តិសុខ​​​អង្គការ​​សហប្រជាជាតិ​ ​​ប្រឆាំង​​កូរ៉េខាងជើង​។ បន្ថែម​​លើ​​នេះ​ លោក​​បាន​គំរាម​​​ក្រុង​ព្យុងយ៉ាង​​​ថា​ ​នឹង​​ប្រឈម​​​​​ទណ្ឌកម្ម​សេដ្ឋកិច្ច​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​​ទៀត​ ​ប្រសិន​បើ​​បន្ត​​​​គឃ្លើន​​សាក​​គ្រាប់​នុយក្លេអ៊ែរ​ និង​​មីស៊ីល​ទៀត។

 

​មុន​ពេល​​​​​​​​​​ជំនួប​​ជាមួយ​​ប្រធានាធិបតី​អាមេរិក​ ​​លោក​ ជីងពីន​ ​បាន​ប្រាប់​​​អ្នក​សារព័ត៌មាន​ថា​​ “​​ចិន​ ​និង​អាមេរិក​ ​​មាន​​​​​​​​​​​​​កិច្ចការ​​​ត្រូវ​ធ្វើ​រួម​គ្នា”។ ​លោក​សារភាព​ថា​ “​​​​ចិន​​ និង​អាមេរិក​​​មាន​ជម្លោះ​ ​និង​​​មាន​​ភាព​​​មិន​ចុះ​សម្រុង​​នឹង​គ្នា​ក្ដី​​ ប៉ុន្តែ​​​​ពួក​យើង​រក​ដំណោះ​​ស្រាយ​​​​​តាម​​រយៈ​​ការ​សន្ទនា”។​​​
​​
​ក្នុង​ជំនួប​​​កំពូល​ស្ដី​​ពី​សន្តិសុខ​នុយក្លេអ៊ែរ​រយៈ​ពេល ២ថ្ងៃ​នេះ ​​​​ក៏​មាន​​មេដឹកនាំ​​​​​ពិភព​លោក​​​ជាង​ ៥០​រូប​​​បាន​ចូល​រួម​​ដែ​រ ​ដូច​ជា​​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ​ដេវីដ កាម៉េរ៉ូន និង​ប្រធានាធិបតី​បារាំង​ហ្វ្រង់ ស័រ​ហូឡង់​ជាដើម។

 

​​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​​​ក៏​មាន​ដែរ​​​បញ្ហា​​​​ក្រុម​រដ្ឋ​ឥស្លាមជ្រុលនិយម (ISIS)ដែរ  តែ​​​បញ្ហា​​នុយក្លេអ៊ែរ​​កូរ៉េ​ខាង​ជើង​​​ត្រូវ​គេ​​ផ្ដោត​​សំខាន់​ជាង។ ជា​ចុងក្រោយ​​​​​ បារ៉ាក់​ អូបាម៉ា ​​និយាយ​ថា ” ​​ប្រធានាធិបតី​​ ជីង​ពីន ​​និង​ខ្ញុំ​​​ ទាំង​ពីរ​នាក់​បាន​ប្ដេជ្ញា​​​​​​​បញ្ឈប់​​កម្មវិធី​នុយក្លេអ៊ែរ​មិន​ឲ្យ​កើត​មាន​​​ឡើយ​​​នៅ​​ឧបទ្វីប​​កូរ៉េ”៕

 

ចិន​​ ចេញ​មុខ​ទាម​ទារ​​ឲ្យ​កូរ៉េ​ខាង​ជើង​​​បញ្ឈប់​​​​កម្មវិធី​នុយក្លេអ៊ែរ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Daily Express