ត្រីមាស​ទី១​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស ជិត​៥០០​នាក់ ​នៅ​ទូទាំង​ប្រទេស​

ត្រីមាស​ទី១​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស ជិត​៥០០​នាក់ ​នៅ​ទូទាំង​ប្រទេស​



ភ្នំពេញ ៖ ​យោង​តាម​របាយការណ៍​របស់ អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ត្រួតពិនិត្យ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ប្រចាំត្រីមាស​ទី​១​ឆ្នាំ​២០១៦​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៦ មាន​អ្នក​ស្លាប់ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ស្លាប់​ចំនួន​៤៨៨​នាក់ ថយ​ចុះ ជាង​ឆ្នាំមុន​។​

របាយការណ៍​ដដែល​បញ្ជាក់​ថា នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៩៨២​លើក គឺ​បណ្ដាល​មនុស្ស​ស្លាប់​៤៨៨​នាក់ របួស​១៦៥៩​នាក់ ក្នុងចំណោម​នោះ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ មាន​មនុស្ស​ស្លាប់​ដោយ​ជិះ​ម៉ូតូ​ចំនួន​៣៩១​នាក់ ស្មើនឹង​៨០% ​ក្នុង​នោះ​ស្លាប់​ដោយ​ការ​មិន ពាក់មួក​សុវត្ថិភាព មាន​៣៥២​នាក់ ​ស្នើ​នឹង​៩០%​។ ​ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៥​អ្នក​ស្លាប់​ថយ​ចុះ​៧​នាក់ អ្នក​រង​របួស​ថយ​ចុះ​ចំនួន​២១៧​នាក់​។​

លោកនាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​បាន​មានប្រសាសន៍ថា គ្រោះ​ថ្នាក់​ដែល​កើតមានឡើង​ភាគច្រើន​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​៥៥​លើក រាជធានី​ភ្នំពេញ​ចំនួន​៤៩​លើក ខេត្តតាកែវ​ចំនួន​៣៩​លើក និង​ខេត្តបន្ទាយមានជ័យ​ចំនួន​៣៦ លើក​។ លោក​បាន​បន្ត​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ ដោយសារ​ការ​បើក​បរ​លើស​ល្បឿន​កំណត់​៤០​ភាគរយ ស្រវឹ​ង​១៣​ភាគរយ មិន​ប្រកាន់​ស្តាំ​១១​ភាគរយ មិន​គោរព​សិទ្ធិ​អាទិភាព​១១​ភាគរយ វ៉ា​ជែង​១១​ភាគរយ បត់​៩​ភាគរយ កត្តា​យានយន្ត​៣​ភាគរយ ងងុយ​១​ភាគរយ ​និង​កត្តា​ផ្សេងៗ​១​ភាគរយ​។​

លោកនាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ​ បាន​បញ្ជាក់​ថា ក្នុងចំណោម​អ្នក​ស្លាប់​ភាគច្រើន​ជា​អ្នក​ជិះ​ម៉ូតូ​មាន​ចំនួន​៣៩១​នាក់​ ស្មើនឹង​៨០​ភាគរយ ​ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​៣៥២​នាក់​ស្មើ​នឹង​៩០​ភាគរយ​។​ ដោយឡែក​អ្នក​ថ្មើរ​ជើង​ស្លាប់​ចំនួន​៥២​នាក់ ​ស្មើនឹង​៩​ភាគរយ​នៃ​ចំនួន​អ្នក​ស្លាប់​សរុ​ប ជិត​៥០០​នាក់​។​

នា​ឱកាស​នោះ ​សម្ដេច​ក្រឡាហោម ស ខេង ដែល​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផ​ល​ត្រួតពិនិត្យ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ប្រចាំត្រីមាស​ទី​១​ឆ្នាំ​២០១៦ ​បាន​ទទួល​ស្គាល់​នូវ​របាយការណ៍​នៃ​ការ​ថយ​ចុះ​​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​សម្ដេច​ក្រឡាហោម​បាន​កោត​សរសើរ​ចំពោះ​សកម្មភាព​របស់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ជាពិសេស​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្នុង​ការ​បង្កើន​នូវ​សកម្មភាព​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​នេះ​។​

ជាមួយគ្នា​នោះ​ សម្ដេច​ក្រឡាហោម ស ខេង​ បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ សូម​មេត្តា​បង្កើន​ស្មារតី​គោរព​ប្រតិបត្តិ​ច្បាប់​ឲ្យ​បាន​គ្រប់ៗ​គ្នា​ និង​សូម​ផ្សព្វផ្សាយ​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​ដល់​គ្រួសារ​ញាតិមិត្ត សំដៅ​ចូលរួម​ទប់ស្កាត់​កត្តា​ហានិភ័យ​ ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

ត្រីមាស​ទី១​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស ជិត​៥០០​នាក់ ​នៅ​ទូទាំង​ប្រទេស​

ត្រីមាស​ទី១​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស ជិត​៥០០​នាក់ ​នៅ​ទូទាំង​ប្រទេស​