៧វិធី ដើម្បីភាពទាក់ទាញ

តើនរណាខ្លះ ដែលមិនចង់ឲ្យខ្លួនឯង មានភាពទាក់ទាញ? ប្រាកដជាគ្មានទេ មែនទេ? តើអ្នកគួរមានអ្វីខ្លះ ដើម្បីមានភាពទាក់ទាញ? មុខមាត់ស្រស់ស្អាត រាងស្រលូន ឬសាច់សមដ្ឋខៃ? ពិតណាស់ ចំនុចដែលលើកឡើងខាងដើម គឺជាកត្តាទាក់ទាញដែលមនុស្សភាគច្រើនយល់ឃើញ ប៉ុន្តែ ទំនើប យល់ថាមានចំនុចគ្រឹះមួយចំនួនទៀត ដែលសាងភាពទាក់ទាញដល់អ្នកបាន បើទោះជាអ្នកមិនមានមុខមាត់ស្អាត ឬស្បែកសភ្លឺថ្លាដូចតារាក្តី។ ចង់ដឹងដែរទេ? សូមអានចំនុចខាងក្រោមទាំងអស់គ្នា!

មានទឹកមុខញញឹម ស្រស់ស្រាយ៖ ស្នាមញញឹមគឺជាអាវុធទម្លុះ របាំងរារាំងនៅក្នុងទំនាក់ទំនង។ ប្រសិនបើអ្នកមានទឹកមុខញញឹមប្រិមប្រិយ នៅពេលដែលអ្នកសន្ទនាជាមួយអ្នកដទៃ នោះគឺអ្នកបានបង្កើននូវភាពស្និទ្ធស្នាលមួយកម្រិតរបស់ខ្លួន ដែលនឹងធ្វើឲ្យអ្នកដទៃមានចំណាប់អារម្មណ៍លើអ្នក។ តិចឬច្រើន ពួកគេមានអារម្មណ៍ល្អចំពោះអ្នក។

រក្សាសក់ របស់អ្នកឲ្យមានភាពស្អាតបាតជានិច្ច៖ ងាយៗ គឺអ្នកត្រូវតែកក់សក់ ឲ្យបានស្អាតបាតជាប្រចាំ។ ប្រសិនបើសក់ របស់អ្នកឆាប់ចេញប្រេង ឬមានអង្គែ អ្នកត្រូវតែយកចិត្តទុកដាក់ ក្នុងការលាងសម្អាតសក់របស់អ្នកទ្វេដង។

ស្លៀកសម្លៀកបំពាក់ ដែលល្មមនឹងខ្លួន៖ សម្លៀកបំពាក់របស់អ្នក គឺជាកត្តាដ៏សំខាន់មួយ ក្នុងការបង្កើនភាពទាក់ទាញ។ អ្នកត្រូវតែជ្រើសរើសទិញសម្លៀកបំពាក់ ដែលសមល្មមនឹងខ្លួនអ្នក ព្រោះថាសម្លៀកបំពាក់រលុង ឬតឹងណែនពេកធ្វើឲ្យមើលទៅ ពិបាកភ្នែកខ្លាំងណាស់។

រក្សាទំនាក់ទំនង ដោយកែវភ្នែក៖ ការសម្លឹងមើលទៅគូសន្ទនាគឺជាគោរពមួយ។ ប្រសិនបើអ្នកអៀនក្នុងការសម្លឹងមើលគូភាគី អ្នកអាចចាប់ផ្តើមពីមិត្តភក្តិស្និទស្នាលរបស់អ្នក ហើយសាកល្បងជាមួយនឹងអ្នកដទៃ។ វាមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែយើងជឿថាអ្នកអាចធ្វើវាបាន។

ក្លិនក្រអូប៖ អ្នកមិនចាំបាច់ប្រើប្រាស់ទឹកអប់ គ្រប់ពេលវេលានោះទេ។ អ្វីដែលយើងចង់សង្កត់ធ្ងន់នៅទីនេះ គឺការដែលមិនមានក្លិនស្អុយ ណាមួយភាយចេញពីខ្លួនអ្នក។ រាល់ការប្រឹងប្រែងរបស់អ្នក ដើម្បីធ្វើឲ្យមានភាពទាក់ទាញ នឹងត្រូវបញ្ចប់ ប្រសិនបើអ្នកមានក្លិនស្អុយណាមួយ រួមមានក្លិនមាត់ ក្លិនខ្លួន ជាដើម។ ហេតុនេះអ្នកត្រូវតែប្រយ័ត្នប្រយែង អំពីចំណីដែលអ្នកទទួលទាន និងត្រូវងូតទឹកលាងសម្អាតខ្លួនជាប្រចាំ។ កុំភ្លេច ដុសធ្មេញឲ្យបានទៀងទាត់ផង!

ស្លៀកពាក់ពណ៌ស្រស់ៗ៖ ស្លៀកពាក់ពណ៌ស្រស់ៗ ប៉ុន្តែគួរចៀសវាងពណ៌មួយចំនួន ដែលមិនស័ក្តិសមជាមួយនឹងស្បែករបស់អ្នក ឬកន្លែងដែលត្រូវទៅ។ ឧទាហរណ៍ បើស្បែករបស់អ្នកខ្មៅស្រអែម គួរចៀសវាងពណ៌បៃតង ក្រហម តែបើស្បែកស អ្នកមានសំណាងក្នុងការប្រើពណ៌អ្វីក៏បាន។ ហើយជាទូទៅពណ៌ស្រស់ៗទាក់ទាញ និងមើលទៅមានទំនុកចិត្ត។

ដើរ ដោយទំនុកចិត្ត៖ តើដើរដោយទំនុកចិត្ត ត្រូវដើរយ៉ាងម៉េច? អាចនិយាយថាពិបាក តែក៏មិនពិបាករហូតដល់អ្នកមិនអាចធ្វើបាននោះដែរ។ ជាទូទៅ គឺអ្នកត្រូវតែរក្សារាងកាយរបស់ខ្លួនកុំឲ្យតឹងតែងពេក គឺដើរតាមសម្រួល។ ចំនុចសំខាន់គឺ ត្រូវរក្សាក្បាលនិងភ្នែករបស់អ្នក មើលទៅខាងមុខនិងងើយទៅលើបន្តិច។ និយាយរួម ហាមដើរឳនមុខ! សង្ឃឹមថាអ្នកនឹងចងចាំទុក ហើយបង្កើនភាពទាក់ទាញរបស់អ្នកបានគ្រប់ៗគ្នា៕

ប្រភព៖ tomnerb