តិចនិក 6យ៉ាង ក្នុងការចម្អិនអាហារ ឱ្យកូនតូចញ៉ាំ

អំឡុងអាយុ 1-3ឆ្នាំ នៅពេលដែលកូនតូចដុះធ្មេញឡើង និងចាប់ផ្តើមញ៉ាំអាហារ បែបមនុស្សធំបានហើយ តែបែរជា​មាន​បញ្ហា ព្រោះធ្លាប់តែញ៉ាំស្រួលៗ ក្លាយជាពិបាកញ៉ាំ និងគិតតែពីលេងច្រើនជាង ដូច្នេះយើងសូមលើក​យក​វិធីធ្វើឱ្យកូន​តូច​ស្រួលញ៉ាំ និងញ៉ាំបានច្រើនមកជម្រាបជូន លោកឪពុកអ្នកម្តាយដូចខាងក្រោម ៖

1. ដាក់ឱ្យគ្រប់ 5ប្រភេទ ក្រុមក្នុងអាហារមួយពេលៗ

អ្នកម្តាយ ប្រហែលជាធ្លាប់ឃើញរូបពីរ៉ាមីត ដែលនិយាយពីចំណែកអាហារចម្បងទាំង 5ប្រភេទក្រុម ដែលមានដូចជា បាយ ម្សៅ ស្ករ សាច់សត្វ និងបន្លែផ្លែឈើផ្សេងៗ ហើយមើលទៅ តែឃើញហើយដូចជាច្រើនខ្លាំងណាស់ តើធ្វើម៉េច​នឹង​រៀប​ចំ​ណែកអាហារ ឱ្យកូនញ៉ាំបានគ្រប់ទាំងអស់ទៅ? តែវាមិនមែនជារឿងពិបាកឡើយ ព្រោះអ្នកម្តាយអាចបន្ថយ និងបន្ថែ​ម​ចំណែក​អាហារទាំងនោះបាន នៅក្នុងអាហាររបស់កូនបាន ដូចជា ស្ងោរតៅហ៊ួសាច់ជ្រូកចិញ្រ្ចាំ ដាក់បន្លែផ្អែម​ជាមួយ​បាយ​ក្តៅៗ។ កូន​នឹង​ទទួលបានខាបូហាយដ្រេត និងស្ករពីបាយ ប្រូតេអុីន និងខ្លាញ់ពីសាច់ជ្រូកចិញ្រ្ចាំ និងតៅហ៊ូ វីតាមីន​ផ្សេង​ៗ​ពីបន្លែផ្អែម និង​បញ្ចប់ដោយផ្លែឈើ 2-3ចំណិត ដូចជា ផ្លែប៉ោម ល្ហុងទុំ ឬស្វាយទុំ ដើម្បីបន្ថែមវីតាមីន និងសារ​ធាតុ​រ៉ែ។

2. ហាន់បន្លែ និងសាច់ឱ្យតូចល្មមនឹងមាត់កូនតូច និងទៅតាមអាយុរបស់កូន

តើអ្នកម្តាយដឹងទេថា ការដែលកូនបដិសេធមុខម្ហូប ដែលធ្វើឱ្យនោះ អាចដោយសារនឿយហត់ ក្នុងការទំពាអាហារយូរហ្នឹងឯង មិនថាតែត្រកួនដើមធំៗ សាច់មាន់ដុំធំៗ ឬបាយរឹងៗនោះទេ រឹតតែធ្វើឱ្យកូនលែងចង់ញ៉ាំបាយខ្លាំងទៅទៀត ដូច្នេះអ្វី​ដែលអ្នកម្តាយគួរធ្វើនោះគឺ ហាន់ ឬកាត់ឱ្យតូចៗល្មមនឹងមាត់របស់កូន ដូចជា ពូតសាច់ជ្រូកចិញ្រ្ចាំជាដុំតូចៗ ហាន់សាច់​ទ្រូង​មាន់​ជាដុំបួនជ្រុងតូចៗ ហាន់បន្លែផ្សេងៗជាចំណិតតូចៗ ដើម្បីងាយស្រួលក្នុងការទំពា និងមិននឿយ ឬរួយថ្គាមខ្លាំងពេក។ ក្រៅពីទំហំរបស់អាហារហើយ ទំហំរបស់សមស្លាបព្រា ក៏គួរតែប្រើរបស់ក្មេងៗដែរ ព្រោះវាសមល្មមនឹងមាត់របស់កូន ធ្វើឱ្យងាយស្រួលដួសញ៉ាំ និងមិនពេញមាត់ជ្រុលពេកផង។

3. រក្សាគុណតម្លៃខាងអាហារ ឱ្យនៅល្អជានិច្ច

ការថែរក្សាគុណតម្លៃខាងអាហារ គឺជារឿងដែលអ្នកម្តាយត្រូវតែធ្វើ ព្រោះថា ទោះជាកូនតូចញ៉ាំបាយបាន​ច្រើនមែន​ក៏​ដោយ តែបើអាហារទាំងនោះ មិនត្រូវបានរក្សានូវគុណតម្លៃរបស់សារជាតិអាហារទេនោះ ក៏មានន័យថា កូនតូចបាត់​បង់សិទ្ធិ​ក្នុង​ការទទួលបាននូវសារជាតិអាហារទាំងនោះ អស់ជាងពាក់កណ្តាល។ ដូច្នេះយើងមករៀនយល់ដឹង ពីវិធី​ការពារមិនឱ្យ​សារជាតិ​អាហារបាត់បង់ទាំងអស់គ្នាវិញល្អជាង។ ចាប់ផ្តើមពីការលាងបន្លែ អ្នកម្តាយគួរលាងបន្លែក្នុងទឹកដែលហូរ ដោយមិន​ចាំបាច់​ហាន់​បន្លែនោះជាមុនទេ មិនដូច្នោះទេទឹកនឹងលាងយកវីតាមីនហូរទៅជាមួយ​អស់ ហើយការចម្អិន​ត្រូវដាក់​ភ្លើងឱ្យ​ខ្លាំង ដើម្បី​ឱ្យ​បន្លែឆាប់ឆ្អិន និងប្រញាប់ដួសឡើង ដើម្បីកុំឱ្យវីតាមីនត្រូវបំផ្លាញ ដោយកម្តៅអស់ច្រើនពេក។

4. ជំនួសបង្អែម ដោយផ្លែឈើ

កូនតូចៗមួយចំនួនញៀនបង្អែម ព្រោះញ៉ាំនំតាមបងៗ ឬដោយសារអ្នកនៅក្នុងផ្ទះតាមចិត្តពេក បើនៅតែធ្វើបែបហ្នឹង ច្បាស់ជាមិនល្អទេ ព្រោះផលអាក្រក់ ដែលនឹងតាមមកមានច្រើនណាស់ មិនថាតែពុកធ្មេញ រោគទឹកនោមផ្អែម និងរោគខ្វះ​សារ​ជាតិ​អាហារ ព្រោះញ៉ាំនំបង្អែមឡើងឆ្អែតអស់ទៅហើយ។ បើកូនតូចញៀននឹងការញ៉ាំនំ អ្នកម្តាយត្រូវប្រើផ្លែឈើមកជំនួសវិញ ដោយប្តូរមកជាផ្លែឈើ ដែលមានរសជាតិឆ្ងាញ់ ដូចជា ល្ហុងទុំ ស្វាយទុំ ឪឡឹក ឬជម្ពូជាដើម។ កម្ចាត់នំនៅក្នុងផ្ទះចេញទាំងអស់ និងកែសម្រួលទម្លាប់ដោយឱ្យញ៉ាំមាន​ពេល​វេលា រួមទាំងមិនញ៉ាំចំណីលេង ឬញ៉ាំបាយផងមើលទូរទស្សន៍ផងឡើយ។

5. ទម្លាប់អណ្តាត ជាមួយរសជាតិផ្អែមបែបធម្មជាតិ

អាហាររសជាតិផ្អែមជាមួយក្មេងៗ គឺជារបស់គូនឹងគ្នា ព្រោះក្មេងនិយមចូលចិត្តអាហារ ដែលមាន​រសជាតិផ្អែមខ្លាំង​ជាង​រសជាតិផ្សេងទៀត ធ្វើឱ្យក្មេងញ៉ាំងាយ និងញ៉ាំបានច្រើន តែមុខម្ហូបរសជាតិផ្អែម ដែលកំពុងណែនាំនេះ មិនមែនជាបង្អែម ឬនំ នោះទេ តែអ្វីដែលចង់ណែនាំនោះគឺ វត្ថុធាតុដើមដែលមានរសជាតិផ្អែមឆ្ងាញ់ មកកែច្នៃធ្វើ​ជាមុខម្ហូបផ្សេងៗ ​ដោយមិន​បាច់ថែម​ស្ករ ​រហូតដល់កូនញៀនផ្អែមនោះទេ។

វត្ថុធាតុដើមដែលចង់ណែនាំនេះមានដូចជា មើមខ្ទឹមបារាំង ដំឡូងជ្វា ប៉េងប៉ោះ មើមការ៉ុត សណ្តែកផ្អែម ពោត បន្លែ​ផ្អែម ល្ពៅ-ល- ដោយយកមកស្ងោរ ឆា ឬចំហុយជាមួយអាហារក្នុងមុខម្ហូបផ្សេងៗ នឹងធ្វើឱ្យគេជាប់ចិត្តលើរស​ជាតិផ្អែមពី​ធម្មជាតិ​នេះមិនខាន។

6. ត្រីផ្លាធូ ប្រភពអូមេហ្កា 3

អូមេហ្កា3 ពីត្រីសាល់ម៉ុន គឺជាអាហារដែលមានតម្លៃខ្ពស់ តែត្រីផ្លាធូចំហុយធាត់ៗ សាច់ច្រើនដែលមាននៅក្នុង​កញ្ច្រែង​ក៏មាន​អូមេហ្កា 3 មិនចាញ់ត្រីសាល់ម៉ុនឡើយ និងមានតម្លៃមិនថ្លៃទៀតផង គឺជាអាហារដែលមានប្រូតេអុីនខ្ពស់ ងាយ​ស្រួល​ញ៉ាំ មិនឆ្អាបខ្លាំងផង។ នៅក្នុងសាច់ត្រីផ្លាធូ 100ក្រាម មានអូមេហ្កា3 ប្រមាណជា2-3ក្រាម ហើយរាងកាយ​មនុស្ស​យើង​ត្រូវការអូមេហ្កា3 ក្នុងមួយថ្ងៃប្រមាណជា 3ក្រាម ដើម្បីជួយក្នុងការរីកចម្រើនធំធាត់របស់រាងកាយ និងខួរក្បាល ឯវិធីការចម្អិន​ក៏​ងាយស្រួលដែរ គឺ ចៀន ហើយបេះសាច់យកមកស្ងោរជ្រក់ គឺជាជម្រើសមួយដែលល្អចំពោះសុខភាពកុមារ។

ឃើញទេថា ការធ្វើមុខម្ហូបឱ្យកូនញ៉ាំបានច្រើននោះ មិនមែនជារឿងពិបាកឡើយ គ្រាន់តែអ្នកម្តាយយកចិត្តទុកដាក់​ជាមួយរឿងការត្រៀមអាហារ និងផ្ចឹតផ្ចង់ក្នុងការញ៉ាំកូនបន្តិច កូននឹងមានទម្ងន់ខ្លួនឡើងត្រឹមត្រូវតាមអាយុ និងមានសុខភាព​ល្អ​ទៀតផង៕

ប្រភព៖ tomnerb

  • តិចនិក 6យ៉ាង ក្នុងការចម្អិនអាហារ ឱ្យកូនតូចញ៉ាំ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:សុខភាព
Tags: