បឹង​កេត​អង្គរ​ ប៉ះ​ក្រសួង​ការពារ​ជាតិ នរណា​បាន​៣​ពិន្ទុ​ល្ងាច​នេះ​?

ក្រុម​បឹង​កេត​អង្គរ​នឹង​ត្រូវ​បើក​ទ្វា​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ស្វាគមន៍​ក្រុម​ខ្លាំង​ក្រសួង​ការពារ​ជាតិ​នៅ​ម៉ោង​៦:០០​នាទី​ល្ងាច​នេះ ដើម្បី​កាត់​សេចក្ដី​នរណា​ជា​អ្នក​ឈរ​នៅ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា​ក្នុង​សប្ដាហ៍​ទី​៤​នេះ ហើយ​​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា និង Cambodian Tiger ។ ​ការ​ប្រកួត​ទាំង​ពីរ​ផ្សាយផ្ទាល់​ដោយ​ទូរទស្សន៍ BTV។

 

បឹង​កេត​អង្គរ​ ប៉ះ​ក្រសួង​ការពារ​ជាតិ នរណា​បាន​៣​ពិន្ទុ​ល្ងាច​នេះ​?

 

សម្ដី​គ្រូ​បង្វឹក

លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​បឹងកេត​អង្គរ​បាន​និយាយ​ថា ​ក្រុម​របស់​លោក​រំពឹង​បាន​តែ​១​ពិន្ទុ​ពី​ក្រុម​ក្រសួង​ការពារ​ជាតិ​ប៉ុណ្ណោះ ដើម្បី​បន្ដ​ឈរ​កំពូល​តារាង​បន្ត​ទៀត។ លោក​មិន​ទាន់​ហ៊ាន​​គិត​ដល់​យក​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង​មួយ​នេះ​នៅ​ឡើយ​ទេ ព្រោះ​សមត្ថភាព​កីឡាករ​រវាង​ក្រុម​ទាំង​ពីរ​គឺ​ប្រហាក់​ប្រហែល​​គ្នា។

 

ងាក​ទៅ​ខាង​លោក ទេព ឡុងរចនា ​វិញ ​បាន​និយាយ​ដែរ​ថា​ ក្រុម​របស់​លោក​ពេញ​ជើង​ល្អ​ណាស់ ហើយ​ក៏​មាន​សង្ឃឹម​ច្រើន​ដែរ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​បឹង​កេត​អង្គរ​នៅ​ល្ងាច​នេះ។ ក្រសួង​ការពារ​ជាតិ​មាន​ទម្រង់​លេង​ហាក់​ល្អ ជា​ចំណុច​មួយ​ដែល​អាច​យក​ទៅ​ប្រៀប​ជាមួយ​បឹង​កេត​បាន។

 

ជើង​កីឡាករ

​ក្រុម​ម្ចាស់​ផ្ទះ​បឹង​កេត អាច​នឹង​មិន​ដាក់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​ឱ្យ​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​នោះ​ទេ ដោយ​រូបគេ​មាន​របួស​ត្រគាក​តាំង​ពី​ប្រកួត​ជាមួយ​ក្រុម Lao All Stars ។ ដូច្នេះ​ប្រធាន​ក្រុម ឃួន ឡាបូរ៉ាវី ​អាច​ជា​អ្នក​រ៉ាប់រង​ជំនួស អម​ជាមួយ​កីឡាករ​បរទេស​២​នាក់​ទៀត។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​ក្រសួង​ការពារ​ជាតិ ​មិន​មាន​បាត់បង់​កីឡាករ​ណា​ម្នាក់​ទេ ពោល​គឺ​ពេញ​ជើង​ល្អ​តែ​ម្ដង។ លោក ទេព ឡុងរចនា ​អាច​នឹង​ដាក់​ទម្រង់​ពេញ​ជើង ជម្រើស​១១​នាក់​តែ​ម្ដង។

 

ប្រវត្តិ​ជួប​គ្នា​

បឹងកេត ​ស៊ុត​ចូល​គេ ១៦​គ្រាប់​ និង ​របូត​គ្រាប់​បាល់​តែ​២​គ្រាប់​ប៉ុណ្ណោះ ​នៅ​រដូវកាល​នេះ ​ឯ​​ក្រុម​ក្រសួង​ការពារ​ជាតិ​ ស៊ុត​ចូល​គេ១០​គ្រាប់ និង​របូត​គ្រាប់​បាល់​២​គ្រាប់​ដូច​គ្នា។ ក្រសួង​ការពារ​ជាតិ ​ឈ្នះ​បឹងកេត​តែ​ម្ដង​ប៉ុណ្ណោះ ​នៅ​ឆ្នាំ២០១៣​។ ក្នុង​ចំណោម ​៩​ប្រកួត​ ដែល​ជួប​​គ្នា​ ក្នុង​នោះ​ បឹងកេត ​ឈ្នះ​ ៦​ស្មើ ២​  ចាញ់​មួយ។ ប្រកួត​ចុងក្រោយ​ បឹងកេត ​ឈ្នះ​ការពារជាតិ ​១-០។

 

 

មុន​​ពេល​ក្រុម​ខ្លាំង​ទាំង​ពីរ​ប៉ះ​គ្នា​វេលា​ម៉ោង​៦​ល្ងាច ក៏​មាន​មួយ​គូ​ទៀត​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ដែល​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា និង Cambodian Tiger ៕

 

 

អត្ថបទ៖ មុន្នី រម្យ