ករណីប៉េអឹមកាក់ឡានលោកសៀង ណាំ អាចពាក់ព័ន្ធមន្ត្រីមួយចំនួននៅខេត្តសៀមរាប

ភ្នំពេញ:
ជំនាញ​របស់​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កំពុងតែធ្វើការ​ស្រាវជ្រាវ​ករណី​ក្រុម​អាវុធហត្ថ​ខេត្តកំពង់ចាម ដេញ​ស្ទាក់​កាក់​ឡាន​របស់លោក​ឧក​ញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប សង្ស័យ​ដឹកឈើ​ក្រញូង កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦​។

​ការស្រាវជ្រាវ​នេះ គឺ​ដើម្បី​រក​ឲ្យ​ឃើញ​ការពិត និង​ស្វែងរក​មន្ត្រី​ដែល​ពាក់ព័ន្ធ​ក្នុងការ​ផ្តល់​ព័​ត៍​មាន​ឲ្យ​អាវុធហត្ថ​ដេញ​ស្ទាក់​កាក់​ឡាន​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​។ ប៉ុន្តែ​មន្ត្រី​ដែល​ពាក់ព័ន្ធ គឺ​ត្រូវបាន​គេ​ដឹង​ជា​បណ្តើ​រហើយ​។​

​ករណី​ស្រាវជ្រាវ​រឿងនេះ គឺ​បន្ទាប់ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជា​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អំពី​ដំណើរ​ដើមទង​ដែល​នាំ​ឲ្យ​មានការ​ដេញ​កាក់​ឡាន​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់ ឲ្យ​ដឹងថា ជំនាញ​របស់​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កំពុងតែ​ស្រាវជ្រាវ​រក​អ្នក​ដែល​ផ្តល់​ព័​ត៍​មាន ហើយ​អ្នក​ដែល​ផ្តល់​ព័​ត៍​មាន​គឺមាន​ជា​បន្តបន្ទាប់​មាននៅ​ខេត្តកំពង់ធំ និង​រហូត​ទៅដល់​ខេត្តសៀមរាប និង​កំពុងតែ​ឲ្យ​ខាង​ជំនាញ​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​បាន​ឲ្យ​ដឹងថា លោក​បាន​ឲ្យ​ខាង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​អំពី​ដំណើរ​ដើមទង​ដែល​កាក់​ឡាន​របស់លោក​ឧក​ញ៉ា សៀង ណាំ ដើម្បី​រក​ឲ្យ​ឃើញ​ការពិត​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា “​ទាក់ទង​បញ្ហា​នេះ ឯកឧត្តម សៀង ណាំ គាត់​បាន​តេ​មក​ខ្ញុំ ក្រោយ​ពេលដែល​មានរឿង​កើតឡើង ហើយ​ដល់ពេល​ឆេ​ក​ទៅ ដោយសារតែ​ការទទួល​ព័​ត៍​មាន​មួយ​មិន​ត្រឹមត្រូវ​ទេ ហើយ​ម្យ៉ាងទៀត ឯកឧត្តម សៀង ណាំ លោក​ជា​តំណាងរាស្ត្រ ហើយ​នៅក្នុង​ពេលដែល​បងប្អូន​ទៅ​ឃាត់​នឹង ក៏​អត់​ច្បាស់ ហើយ​យើង​ក៏បាន​ត្រូតពិនិត្យ​មើល​បញ្ហា​នេះ ហើយ​យើង​រកឃើញថា ការបំពេញ​កិច្ចការងារ​នេះ គឺ​មិនត្រូវ តួនាទី​ភារកិច្ច​ទេ គឺ​ខុស​ហើយ​។ យើង​កំពុងតែ​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អំពី​ដំណើរ​ដើមទង ដើម្បី​ពិនិត្យមើល​កំហុស ដែល​បងប្អូន​បានធ្វើ តើ​កំហុស​នឹង​វា​ជា​កំហុស​នៅក្នុង​ក្របខណ្ឌ​វិន័យ​កងទ័ព ឬមួយ​ក៏​វា​ទាក់ទង​ទៅ​និង​បញ្ហា​ច្បាប់ ដើម្បី​ឲ្យ​កងកម្លាំង​ធ្វើ​ឲ្យ​ត្រឹមត្រូវ​”​។​

​សូមជម្រាបថា កម្លាំង​ប៉េអឹម​ចំនួន​ពីរ​ក្រុម​នៅក្នុង​ទឹកដី​ខេត្តកំពង់ចាម បាន​ជិះឡាន​ដេញ​ស្ទាក់​កាក់​ឡាន​របស់លោក​ឧក​ញ៉ា សៀង ណាំ ដែលជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប ដោយ​ពួកគេ​សង្ស័យថា នៅក្នុង​ឡាន​របស់​តំណាងរាស្ត្រ​រូបនោះ​មាន​ដឹកឈើ​ក្រញូង​។

​ហេតុការណ៍​ដេញ​ស្ទាក់​ឡាន​តំណាងរាស្ត្រ គឺ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ ខណៈពេលដែល​លោក​ឧកញ៉ា សៀង ណាំ បាន​ជិះឡាន​លុច​ស៊ី​ស ៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រដ្ឋ​៥-០១៧ ពី​ខេត្តសៀមរាប មក​ភ្នំពេញ​។

​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា នៅពេលដែល​ឡាន​របស់លោក​ឧកញ៉ា សៀង ណាំ ធ្វើដំណើរ​តែ​មកដល់​ចំណុច​ជិត​ស្គន់ ក៏មាន​កម្លាំង​ប៉េអឹម​ស្លៀកពាក់​ជា​ស៊ីវិល ជិះឡាន​ចំនួន​ពីរ​គ្រឿង​បានមក​កាក់​ឡាន​លោក​ឧកញ៉ា សៀង ណាំ ឲ្យ​ឈប់​ដោយ​ពួកគេ​សង្ស័យថា នៅក្នុង​ឡាន​នោះ​មាន​ដឹកឈើ​ក្រញូង​។ តែ​ដល់ពេល​ឈប់​ឡាន លោក​ឧកញ៉ា សៀង ណាំ បាន​ចុះទៅ​សួរនាំ​អំពី​មូលហេតុ​ដែល​កាក់​ឡាន​ឲ្យ​ឈប់ និង​បាន​ឲ្យ​មើល​ក្នុង​ឡាន​ដល់ពេល​អត់​ឃើញ​មាន​ឈើ ពួកគេ​ក៏បាន​សុំទោស​។ ហើយ​លោក​ឧកញ៉ា​បាន​សួរ​ទៅ​ក្រុម​ប៉េអឹម​ជិះ​ដេញ​កាក់​ឡាន​នោះ​ថា អ្នកណា​ជា​អ្នកបញ្ជា​ឲ្យ​មក​កាក់​ឡាន ដោយ​ពួកគេ​ប្រាប់ថា មេ​របស់គេ​។ បន្ទាប់ពី​សួរនាំ​រួច​ឡាន​របស់លោក​ឧកញ៉ា  សៀង ណាំ បាន​បន្តដំណើរ​មក​មុខ​ទៀត លុះ​មកដល់​ចំណុច​ជិត​ភ្នំ​ដិ​ល ស្ថិតនៅក្នុង​ស្រុក​បាធាយ ក៏មាន​កម្លាំង​ប៉េអឹម​មួយក្រុម​ទៀត បានមក​ដេញតាម​កាក់​ឡាន​ទៀត ដោយ​ពួកគេ​សង្ស័យថា ឡាន​របស់លោក​ឧកញ៉ា សៀង ណាំ ដឹកឈើ​ក្រញូង​។ ហើយ​ដើម្បី​បញ្ជាក់​ការពិត​លោក​ឧកញ៉ា ក៏បាន​ឲ្យ​ពិនិត្យមើល តែ​រក​មិនឃើញ​មាន​ឈើ​ក្រញូង​។ ហេតុនេះ លោក​ឧកញ៉ា សៀង ណាំ ក៏បាន​ហៅ​ក្រុម​ប៉េអឹម​ដែល​ដេញតាម​កាក់​ឡាន​មក​សួរនាំ​អំពី​មូលហេតុ​ដេញ​កាក់​ឡាន​។ បន្ទាប់ពី​សួរនាំ​រួច​ក្រុម​ប៉េអឹម​ក៏បាន​សុំទោស​៕​