អ៊ុយក្រែនចុះ​ហត្ថលេខា​ទិញ​រ៉ែ​អ៊ុយរ៉ានីញ៉ូម​ពី​អូស្ត្រាលី

ប្រទេស​អូស្ត្រលី ​ជា​ប្រទេស​ធំ​ជាង​គេ​ទីបី​ដែល​នាំចេញ​រ៉ែ​អ៊ុយរ៉ានីញ៉ូម​ច្រើន​ជា​គេ​បំផុត។ អូស្ត្រាលី​ទើប​តែ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​អ៊ុយក្រែន ​ ដើម្បី​នាំចេញ​ធាតុ​អ៊ុយរ៉ានីញ៉ូម​ទៅ​ឲ្យ​ប្រទេសេ​នេះ។​ អ៊ុយក្រែន​ ប្រទេស​ធំមួយ​ដែល​ផលិត​ថាមពល​នុយក្លេអ៊ែរ​ កំពុង​រិះរក​អ្នក​ផ្គត់ផ្គង់​ថ្មី​ផ្សេង​ពី​រុស្ស៊ី ​ក្រោយ​ពី​ខ្លួន​មាន​ជម្លោះ​ជាមួយ​រុស្ស៊ី​ នៅភាគ​ខាង​កើត​អ៊ុយក្រែន។

ជំនួបកំពូល​ស្តីពី​សន្តិសុខ​នៃ​ថាមពល​នុយក្លេអ៊ែរ ​មិនមែន​គ្រាន់​តែ​ជា​វេទិការ​ជជែក​គ្នា​ទេ ​តែ​ក៏​ជា​កន្លែង​ចុះ​ហត្ថលេខា​ទិញ​លក់ ​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ដែរ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី១​ មេសា​នេះ ​អ៊ុយក្រែន​ ​ប្រទេស​ផលិត​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ ​ក្នុង​ចំណោម​១០​ប្រទេស ​ បាន​ចុះ​ហត្ថលេខា​ទិញ​រ៉ែ​អ៊ុយរ៉ានីញ៉ូម​ពី​អីស្រ្តាលី។ យ៉ាង​ណា​ក៏ដោយ ​ នៅ​ក្នុង​កិច្ចសន្យា​គោល​នេះ ​ មិន​មាន​បញ្ជាក់​លំអិត​ពី​បរិមាណ​នៃ​រ៉ែ​អ៊ុយរ៉ានីញ៉ូម​ទេ។

អ៊ុយក្រែនចុះ​ហត្ថលេខា​ទិញ​រ៉ែ​អ៊ុយរ៉ានីញ៉ូម​ពី​អូស្ត្រាលីស្ថានីយ៍ស្តុកទុក​​សារធាតុ​​អ៊ុយរ៉ានីញ៉ូម នៅតំបន់ឈែណូប៊ីល ភាគ​ខាង​កើត​អ៊ុយក្រែន

អូស្រ្តាលី ​គឺ​ជា​ប្រទេស​ផលិត​រ៉ែ​អ៊ុយរ៉ានីញ៉ូម​ធំ​ទីបី​លើ​លោក ​បន្ទាប់​ពី​កាហ្សាក់ស្ថាន ​និង​កាណាដា។ អូស្ត្រាលី ​បញ្ជូន​រ៉ែ​ដ៏​កម្រ ​និង​ដ៏​គ្រោះថ្នាក់​នេះ​​ ទៅ​លក់​នៅ​តាម​ប្រទេស​ចំនួន​៤៣ ​ រួមទាំង​កោះ​តៃវ៉ាន់​ផង​ដែរ។ អ្វី​ដែល​ជា​ការ​ធានា​ដល់​សហគមន៍​អន្តរជាតិ ​គឺ​រ៉ែ​អ៊ុយរ៉ានីញ៉ូម​របស់​អូស្រ្តាលី​ ​គឺ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​តាម​ដាន​មើល​យ៉ាង​តឹងរឹង​ពី​អូស្ត្រាលី។ អូស្រា្តលី​បាន​ហាមឃាត់​ដាច់​ខាត ​ ថា​អ្នក​ដែល​ទិញ​រ៉ែ​អ៊ុយរ៉ានីញ៉ូម​របស់​ខ្លួន ​ត្រូវ​តែ​សន្យា​យក​វា​ទៅ​ប្រើប្រាស់​តែ​ក្នុង​វិស័យ​ស៊ីវីល​តែ​ប៉ុណ្ណោះ ​មិនមែន​យក​ទៅ​ប្រើ​ដើម្បី​ធ្វើ​អាវុធ​នុយក្លេអ៊ែរ​ទេ។

ចំពោះ​អ៊ុយក្រែន ​ការ​ស្វែងរក​ដៃគូ​ផ្គត់ផ្គង់​ថ្មី​នេះ ​គឺ​ដោយសារ​តែ​អ៊ុយក្រែន​មិន​ចង់​ស្ថិត​នៅ​ក្រោម​សំពាធ​របស់​រុស្ស៊ី ​ដែល​កន្លង​មក​ជា​អ្នក​ផ្គត់ផ្គង់​រ៉ែ​អ៊ុយរ៉ានីញ៉ូម​ផ្តាច់​មុខ​ទៅ​ឲ្យ​អ៊ុយក្រែន។ ជម្លោះ​នៅ​ភាគ​ខាងកើត​ អ៊ុយក្រែន​ក្រោម​ការ​លូកដៃ​របស់​រុស្ស៊ី​ រឹតតែ​ជម្រុញ​ឲ្យ​អ៊ុយក្រែន​ ប្តេជ្ញា​ថា​ត្រូវតែ​រើខ្លួន​ចេញ​ពី​ក្រញ៉ាំ​របស់​រុស្ស៊ី។

ស្ថិត​ក្នុង​ចំណោម​ប្រទេស​១០ ​ដែល​ផលិត​ថាមពល​នុយក្លេអ៊ែរ​ច្រើន​ជាង​គេ​លើ​លោក​ អ៊ុយក្រែន​មាន​ស្ថានីយ៍​នុយក្លេអ៊ែរ​ចំនួន​១៥ ​ ហើយ​ដែល​ផ្គត់ផ្គង់​ថាមពល​អគ្គីសនី​ប្រមាណ​ជា​៤៥% ​នៃ​តម្រូវការ។ គេ​នៅ​ចាំមិន​ភ្លេច​ទេ ​ពី​គ្រោះថ្នាក់​ផ្ទុះ​ស្ថានីយ​នុយក្លេអ៊ែរ ​នៅ​ឈែណូប៊ីល​ ភាគ​ខាង​កើត​អ៊ុយក្រែ​ន កាល​ពី​ឆ្នាំ​១៩៨៦។ នេះ​គឺ​ជា​គ្រោះថ្នាក់​ធំ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​ផ្តើម​ចោទ​សួរ​ពី​សន្តិសុខ ​ព្រមទាំង​ផល​ប៉ះពាល់​នៃ​ថាមពល​នុយក្លេអ៊ែរ។ តែ​យ៉ាងណា​ក៏ដោយ ​ បទ​ពិសោធន៍​អតីតកាល ​នៅ​ឈែណូប៊ីល ​ ហើយ​ក្រោយ​មក​នៅ​ហ៊្វូគូឈីម៉ា ​ក្នុង​ឆ្នាំ​២០១១ ​នៅ​តែ​មិន​ទាន់​គ្រាប់គ្រាន់ ​ ដើម្បី​ជំរុញ​ប្រទេស​ទាំងនោះ​ ឲ្យ​បោះបង់​ការ​ផលិត​ថាមពល​អគ្គីសនី ​ដោយ​ប្រើ​សារធាតុ​នុយក្លេអ៊ែរ​ទេ៕

ប្រភពៈ RFI