អង្គការ​អាមេរិក​ផ្តល់​ពាន​រង្វាន់​ដល់​សកម្មជន​អ៊ុយហ្គួរ ​ ចិន​ចោទ​ថា​ឲ្យ​ភេរវជន

សកម្មជន​ការពារ​សិទ្ធិ​សហគមន៍​ជនជាតិ​អ៊ុយហ្គួរ​ម្នាក់ ​ត្រូវ​បាន​អង្គការ​ដើម្បី​ជន​រងគ្រោះ​ដោយ​របប​កុម្មុយនីស្តិ ​នៅ​សហរដ្ឋ​អាមេរិក​ ប្រគល់​ពានរង្វាន់​ជា​សកម្មជន​ឆ្នើម​តស៊ូ​ដើម្បី​សិទ្ធិ​មនុស្ស។ តែ​ផ្ទុយទៅ​វិញ ​ រដ្ឋាភិបាល​ចិន​ ​បាន​ធ្វើការ​ថ្កោលទោស​ ​ថា​អង្គការ​នេះ ​បាន​ប្រគល់​ពាន​រង្វាន់​ទៅ​ឲ្យ​ភេរវជន ​ដែល​ធ្លាប់​បាន​ញុះញង់​ និង​បង្ករ​ភេរវកម្ម​ជាច្រើន​លើក​នៅ​ក្នុង​ទឹកដី​ចិន។ ដោយឡែក ​អាជ្ញាធរ​ចិន​មិន​បាន​ចេញ​លិខិត​ឆ្លងដែន​ទៅ​ឲ្យ​អ្នក​កាសែត​ចិន​ម្នាក់ ​ដែល​ទើប​បាន​ពាន​រង្វាន់​ស្ត្រីឆ្នើម​ក្នុង​ការ​លើក​កំពស់​សិទ្ធិ​មនុស្ស ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​កាសែត​នេះ ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ទទួល​ពាន​រង្វាន់​នៅ​សហរដ្ឋ​អាមេរិក​ទេ។

ក្នុងខណៈ​ដែល​លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង​ កំពុងតែ​មាន​វត្តមាន​នៅ​សហរដ្ឋ​អាមេរិក ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣១​ មីនា ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ ​មូលនិធិ​ដើម្បី​ជន​រងគ្រោះ​នៃ​របប​ផ្តាច់ការ​កុម្មុយនីស្តិ ​ បាន​ប្រគល់​ពាន​រង្វាន់​លើក​ទឹកចិត្ត​ដល់​លោក ​ ឌុលគុន អ៊ីហ្សា​ (Dolkun ISA)​ ដែល​ជា​សកម្មជន​ទាមទារ​គោរព​សិទ្ធិ​ប្រជាជន​អ៊ុយហ្គួរ​នៅ​ខេត្ត​ស៊ីនជាំង​ភាគ​ខាងកើត​ប្រទេស​ចិន។

អង្គការ​អាមេរិក​ផ្តល់​ពាន​រង្វាន់​ដល់​សកម្មជន​អ៊ុយហ្គួរ ​ ចិន​ចោទ​ថា​ឲ្យ​ភេរវជន

នគរបាលចិន​ ត្រៀមកំលាំង​បង្រ្កាប​ក្រុមបាតុករ​​ជនជាតិ​​អ៊ុយហ្កួរ​​នៅ​ក្រុង​​អ៊ូរុមឈី ខេត្ត​ស៊ីនជាំង​

នៅ​ថ្ងៃសុក្រ ​ទី​១​មេសា ​លោក ​ហុង លៃ ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ បាន​មាន​ប្រសាសន៍​ថ្កោលទោស​ចំពោះ​ការ​ប្រគល់​ពាន​រង្វាន់​នេះ។​ ក្នុង​លិខិត​ លោក​បាន​បញ្ជាក់​ថា ​វា​គឺ​ជា​រឿង​ប្រមាថ​មើលងាយ​ទៅ​លើ​សិទ្ធិមនុស្ស ​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ​ប្រគល់​ពាន​រង្វាន់​ទៅឲ្យ​មនុស្ស​ម្នាក់ ​ដែល​ជា​មេក្រុម​ភេរវកម្ម​នៅចិន។​ ជន​នេះ​ មាន​ជាប់​នឹង​ការ​ដាក់ទោស​ជាច្រើន​ចំណុច ​តួយ៉ាង​ដូចជា​បទ​បង្ករ​អសន្តិសុខ​សាធារណៈ ​បទ​មនុស្សឃាត​ បទ​ល្មើស​បង្កើត​បណ្តាញ​ហិង្សា ​និង​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម​ជាដើម។ មិនត្រឹម​តែ​ប៉ុណ្នោះ​ជននេះ​ មាន​ទាំង​ជាប់​ក្នុង​បញ្ជី​របស់​នគរបាល​អន្តរជាតិ​Interpol​ ទៀត​ផង។

លោក​ឌុលគុន អ៊ីហ្សា ​គឺ​ជា​សកម្មជន​ទាមទារ​សិទ្ធិ​ប្រជាជន​អ៊ុយហ្គួរ​នៅ​ខេត្ត​ស៊ីនជាំង។ បច្ចុប្បន្ន​លោក​មាន​សញ្ជាតិ​អាល្លឺម៉ង់​ ហើយ​រស់នៅ​ទីក្រុង​មុយនិច ​ ដែល​ជា​ទី​ដែល​លោក​បាន​បង្កើត​សមាគម​មួយ​ឈ្មោះ​ថា​ សន្និបាទ​អន្តរជាតិ​ដើម្បី​ជនជាតិ​អ៊ុយហ្គួរ។ កម្មវត្ថុ​ចំបង​របស់​សមាគម​លោក ​គឺ​ ប្រមែរ​ប្រមូល​ឯកសារ​នានា ​និង​ផ្សព្វផ្សាយ​ពី​ការ​រំលោភ​បំពាន ​ទៅលើ​សហគម​ជនជាតិ​អ៊ុយហ្គួរ ​ពី​សំណាក់​អាជ្ញាធរ​ចិន​ប៉េកាំង។

ឆ្លើយតប​ទៅនឹង​ការ​ចោទ​ប្រកាន់​ របស់​រដ្ឋាភិបាល​ចិន​ លោក​ឌុលគុន អ៊ីហ្សា ​បាន​ថ្លែង​ថា ​ អ្វី​ដែល​ចិន​ព្យាយាម​ធ្វើ ​គឺ​ដើម្បីតែ​បង្ខូច​កិត្តិយស​របស់​គាត់ ​ តាម​រយៈ​ការ​បំភ្លៃ​ការពិត​នៃ​ការ​តស៊ូ​មតិ​ ដើម្បី​ការពារ​ជនជាតិ​អ៊ុយហ្គួរ​ ទៅ​ជា​បទល្មើស​ភេរវកម្ម​ផ្សេងៗ។ កម្មវត្ថុ​នៃ​អំណាច​រដ្ឋាបាល​កុម្មុយនីស្តិ​ចិន​  គឺ​បង្ករ​អារម្មណ៍​ភ័យខ្លាច ​ទៅ​ក្នុង​ស្មារតី​ប្រជាជន​អ៊ុយហ្គួរ​ទូទៅ ​ដើម្បី​កុំឲ្យ​ពួក​គេ​ហ៊ាន​រើ​បំរះ​នឹង​ការ​ជិះជាន់។

គួរ​បញ្ជាក់ផង​ដែរ​ថា ​ ជន​ជាតិ​អ៊ុយហ្គួរ​មាន​ប្រមាណ​ជា​១០​លាន​នាក់​ ​នៅ​ក្នុង​ខេត្ត​ស៊ីនជាំង ​ ភាគ​ខាងកើត​របស់​ចិន។ ប្រជាជន​នេះ​ជា​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម ​មាន​ប្រពៃណី​នឹង​សាសនា​ដើម​កំណើត​ពី​តួកគី។ ចលនា​បំលាស់​ទី ​របស់​ប្រជាជន​នេះ​មក​ដល់​ទឹកដី​ស៊ីនជាំង ​ មាន​តាំង​ពី​រវាង​សតវត្ស​ទី​ ៥​ទី​ ​៦​ម្លេះ។ ជាមួយ​នឹង​ ការ​វាទទី​ពង្រីក​ដែនដី​ដើម្បី​បូម​យក​រ៉ែ ​និង​ធនធាន​ធម្មជាតិ ​ អាជ្ញាធរ​ចិន​បាន​ប្រើ​នយោបាយ​បំបិទ​សិទ្ធិ​សេរីភាព ​ទាំង​សាសនា ​ទាំង​សេដ្ឋកិច្ច​ និង​នយោបាយ ​ទៅ​លើ​ប្រជាជន​អ៊ុយហ្គួរ។ ក្រុម​សកម្មជន​ជ្រុល​និយម​ដែល​អត់​ទ្រាំ​នឹង​អំពើ​គៀប​សង្កត់​នេះ​មិន​បាន ​ បាន​ជ្រើសរើស​យក​ការ​វាយ​ប្រហារ​ភេរវកម្ម​ នៅ​តាម​ទី​ប្រជុំជន ​ ក្នុង​ខេត្ត​ស៊ីន​ជាំង​ក៏ដូច​ខេត្ត​ផ្សេង​ទៀត​របស់​ចិន​ ដើម្បី​បង្ហាញ​ពី​កំហឹង​របស់​ពួកគេ៕

ប្រភពៈ RFI