១០​យ៉ាង​ ដែល​ឪពុក​ម្តាយ​ចង់បាន​ពី​កូន​ៗ

យើង​បាន​លើក​ឡើង​​អំពី​គំនិត​១០​យ៉ាង ​សម្រាប់​​អ្នក​ម្តាយ​វ័យក្មេង​ និង​ឪពុក​វ័យក្មេង​ ។ ថ្ងៃនេះ យើង​ពិនិត្យ​​មើល​ចំណុច​១០​​យ៉ាង​ដែល​​​ឪពុក​ម្តាយ​ចង់បាន​ពី​កូន​ៗ​វិញ​ម្តង ​។

១-មាន​អារម្មណ៍​សប្បាយ​រីករាយ
ឪពុក​ម្តាយ​តែងតែ​ចង់​ឃើញ​កូន​មាន​អារម្មណ៍​សប្បាយ​​រីករាយ​ ។ មិន​ថា ​ពេល​បរាជ័យ ​ឬ​ជោគជ័យ​ឡើយ​ ។ គំនិត​បែប​នេះ ​គឺ​កើត​មាន​នៅ​ក្នុង​បេះដូង​របស់​ឪពុក​ម្តាយ​គ្រប់​រូប ​ចាប់តាំងពី​កូន​ចាប់កំណើត​មក ​។ ដូច្នេះ​ហើយ ​គាត់​តែងតែ​ផ្តល់​ឱ្យ​កូន​ៗ​​នូវ​អ្វី​ដែល​កូន​ចង់​បាន ​។

២-កូន​មាន​សមត្ថភាព
ឪពុក​​ម្តាយ​ពេល​ខ្លះ ​តឹងតែង​ចំពោះ​កូន​ ក៏​ព្រោះតែ​ពួក​គាត់​ចង់ឱ្យ​​កូន​​អាច​មាន​សមត្ថភាព​រស់នៅ​ដោយ​ខ្លួនឯង​បាន​នៅ​ពេល​អនាគត​។

៣-កូន​ៗ​មានការ​ទទួលខុសត្រូវ
ការ​​ទទួលខុសត្រូវ​នេះ​ មិន​សំដៅ​តែ​ទៅ​លើ​ការ​រក​ការងារ​ធ្វើ​ ឬ​ប្រកប​របរ​ចិញ្ចឹមជីវិត​ទេ ​។ កូន​ៗ​អាច​ចាប់ផ្តើម​មានការ​ទទួលខុសត្រូវ​តាម​​រយ​:​ការ​ចេះ​ជួយ​ការងារ​​ឪពុក​ម្តាយ ​ឬ​ក៏​កិច្ច​ការងារ​ផ្ទះ ​។

៤​-កូន​ៗ​ជោគជ័យ​នៅ​ក្នុង​ជីវិត
ឪពុក​ម្តាយ​នឹង​សប្បាយចិត្ត​ហើយ​នៅ​ពេល​ដែល​ឃើញ​កូន​ៗ​ជោគជ័យ ​នៅ​ក្នុង​ការងារ​ ឬ​ក៏​មុខរបរ ​។ នេះ​ជា​ក្តី​ប្រាថ្នា​របស់​មាតាបិតា​គ្រប់​​រូប​។

៥-កូន​ៗ​ចំណាយ​ពេលវេលា​ជាមួយ​ឪពុក​ម្តាយ
រឿង​នេះ ​វា​ដូច​ជា​កូន​ៗ ​ដែល​ត្រូវការ​ឱ្យ​​ឪពុក​ម្តាយ​​មាន​ពេលវេលា​នៅ​ជិត​ខ្លួន​ដែរ ​។ ឪពុក​ម្តាយ​ចង់​ចំណាយពេល​រស់នៅ​ក​ម្សា​ន និង ជជែក​គ្នា​​លេង​ជាមួយ​កូន​ៗ ​។

៦-មើលថែ​ទាំ​ឪពុក​ម្តាយ​ពេល​អនាគត
នេះ​ជា​ក្តី​ប្រាថ្នា​មួយ​ដែល​ឪពុក​ម្តាយ​ចង់អោយ​កូន​ៗ​ចេះ​មើលថែ​ទាំ​គាត់​នៅ​ពេល​ដែល​គាត់​ចាស់​ទៅ​។

៧-ធ្វើ​ឱ្យ​​គាត់​មាន​មោទនភាព​ដែល​កូន​ដើរ​តាម​ផ្លូវត្រូវ
ចូរ​អ្នក​ប្រព្រឹត្ត​តែ​អំពើ​ល្អ ​។ ពេល​នោះ​ឪពុក​ម្តាយ​របស់​អ្នក​នឹង​សប្បាយចិត្ត​ ហើយ​ដែល​មានកូន​ៗ​ដ៏​ល្អ​នោះ​ ។

៨-មាន​មិត្ត​ល្អ
មិត្តភក្តិ​អាក្រក់​នឹង​នាំ​ឱ្យ​​មនុស្ស​ប្រព្រឹត្ត​អំពើ​មិនល្អ​ ។ ឪពុក​ម្តាយ​ចង់ឱ្យ​​កូន​ៗ​មាន​មិត្តភក្តិ​ល្អ ​។

៩-កូន​មាន​ចរិតល្អ
គ្មាន​ឪពុក​ម្តាយ​ណា​​ចង់​ឃើញ​កូន​របស់​ខ្លួន​​គ្មាន​សីលធម៌​ និង​មាន​អាកប្បកិរិយា​មិនល្អ​នោះ​​ឡើយ​ ។

១០-ប្រព្រឹត្ត​អំពើ​ល្អ​និង​មានចិត្ត​សប្បុរស

មនុស្ស​អាច​នឹង​អាត្មា​និយម​ ឬ​ក៏​កាច​សាហាវ​ ។ ប៉ុន្តែ​ឪពុក​ម្តាយ​ចង់​ឃើញ​កូន​ប្រព្រឹត្ត​អំពើ​ល្អ​នៅ​ក្នុង​សង្គម​។ ចូរ​កុំ​ច្រងេងច្រងាង​និង​កម្រោលចូល​។ ចូរ​ប្រកាន់​ភ្ជាប់​អាកប្បកិរិយា​ល្អ ​គួរ​ឱ្យ​​គោរព​ស្រឡាញ់​។

តើ​អ្នក​​អាន​កោះសន្តិភាព​វ័យក្មេង​មាន​ប៉ុន្មាន​ចំណុច​ហើយ​ ក្នុង​ចំណោម​១០​ចំណុច​ខាងលើ​នេះ?
ចូរ​​យើង​គ្រប់​គ្នា​​បំពេញ​តាម​បំណង​ល្អ​របស់​​ឪពុក​ម្តាយ ​។