ផ្អើល​ទាំង​ព្រឹក​! ធ្លាយ​ធុង​ហ្គា​ស​គុយទាវ​ឆាបឆេះ​ម៉ូតូ​2​គ្រឿង

រាជធានី​ភ្នំពេញ ៖ ធុង​ហ្គា​ស​ផ្ទះ​លក់​គុយទាវ​មួយ​នៅ​ក្បែរ​ស្នាក់​ការ​គណបក្ស​អំណាច​ខ្មែរ បាន​ធ្លាយ​សាយភាយ​ហ្គា​ស​បង្ក​ឱ្យទៅ​ជា​ភ្លើង​ឆាបឆេះ​រាលដាល​ដល់​ម៉ូតូ​២​គ្រឿង ប៉ុន្តែ​សំណាងល្អ ពុំ​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់រង​របួស​ឡើយ គ្រាន់តែ​ភ័យ​ខ្លាច​រត់​ជាន់​គ្នា គេច​ចេញ​តែ​ប៉ុណ្ណោះ ។

កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​២៣៤ ផ្លូវ​១៩២ ភូមិ​១២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។
ម៉ូតូ​២​គ្រឿង​ដែល​រង​ការ​ខូចខាត​មួយ​គ្រឿង​ម៉ាក​ស្មា​ក់វី ស៊េរី​២០១៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ ១CN-៣៨៥១ និង​១​ទៀត ម៉ាក​ឃ្លី​ក ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១W-៥៣៥៨ ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ភ្ញៀវ​កំពុង​តែ​ជួបជុំ​គ្នា​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​នោះ ស្រាប់តែ​ធុង​ហ្គា​ស​ទម្ងន់​ប្រមាណ​១៥​គីឡូក្រាម បាន​ធ្លាយ​ហ្គា​ស​ចេញ​តាម​ទុយោ​ឆាបឆេះ​ភ្លើងចង្ក្រាន​ក្លាយជា​អណ្ដាតភ្លើង​ឡើង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ខណៈនោះ​ចុងភៅ​មាន​ស្មារតី​រឹង ក៏​បាន​រុញ​ធុង​ហ្គា​ស​ទម្លាក់​ទៅ​ក្រៅ​ផ្ទះ​ដើម្បី​បញ្ចៀស​ការ​ឆាបឆេះ​ផ្ទះ ប៉ុន្តែ​ភ្លើង​បាន​ឆេះ​រាលដាល​ដល់​ម៉ូតូ​ចំនួន​២​គ្រឿង ដែល​ចត​នៅ​មុខ​ហាង​គុយទាវ​នោះ​បង្ក​ការ​ភ្ញាក់ផ្អើល ។ ភ្លាម​ៗ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង និង​ជាង​ជួសជុល​រថយន្ត​នៅ​ក្បែរ​នោះ ក៏​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​ជួយ​បាញ់​ពន្លត់​ទាន់ គឺ​បណ្តាល​ឱ្យ​ឆេះ​ខូចខាត​ម៉ូតូ​២​គ្រឿង​តែ​ប៉ុណ្ណោះ ។

តាម​សាក្សី​បានឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ភ្លើង​បាន​រលត់​ជាតិ​ហ្គា​ស​នៅ​តែ​ចេញ​សាយភាយ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​ខ្សាច់​ទៅ​កប់​រហូត​ដល់​ហ្គា​ស​សាយភាយ​អស់ ។

នៅ​ព្រឹក​នោះ នគរបាល​បាន​ចុះ​ទៅ​ដល់ កន្លែង​កើតហេតុ និង​បាន​ណែនាំ​ដល់​ម្ចាស់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អគ្គី​ភ័យ និង​ណែនាំ​ឱ្យ​ទិញ​បំពង់​ទុក​សម្រាប់​ការពារ​អគ្គិភ័យ​ផង​ដែរ ៕