ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ម្នាក់​4.700​ដុល្លារ កំពុង​ទឹកភ្នែក

ខេត្តកំពង់ចាម ៖ យុវជន​ជា​កូន​អ្នក​ភូមិ​កំពុង​ពេញវ័យ​ពលកម្ម​មិន​តិច​ជាង​៤០​នាក់​ទេ រស់នៅ​ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ បាន​បង់លុយ​ក្នុង​ម្នាក់​ៗ​ចំនួន​៤.០០០​ដុល្លារ​ឱ្យទៅ​ក្រុមហ៊ុន​CJC រួម​នឹង​ថ្លៃ​សេវា​ក្រៅផ្លូវការ​៧០០​ដុល្លារ​ទៀត សរុប​ទាំងអស់​ប្រហែល​ជិត​២០​ម៉ឺន​ដុល្លារ ដើម្បី​បាន​ទៅ​បម្រើ​ការ​ជា​ពលករ​ស្របច្បាប់​នៅ​ប្រទេស​ជប៉ុន​ដោយ​ក្នុង​១​ខែ​ទទួល​បាន​ប្រាក់​កម្រៃ​ពី​១.៥០០​ទៅ​២.០០០​ដុល្លារ ។ ប៉ុន្តែ​បែរជា​មិន​បាន​ទៅ​ទេ ក៏​កើតទុក្ខ​មិន​សុខចិត្ត នាំ​គ្នា​ទាមទារ​ប្រាក់​ទាំងនោះ​មក​វិញ​នា​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ២០១៦ ថែម​ទាំង​បាន​ប្តឹង​ទៅ​នគរបាល​ស្រុក​ចំការលើ​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ទៀត​ផង​។ នេះ​គ្រាន់តែ​មួយ​ឃុំ​ប៉ុណ្ណោះ មិនដឹង​ជា​មាន​ឃុំ​ប៉ុន្មាន​ទៀត​ទេ ដែល​ចាញ់បោក​គេ ដែល​យើង​កំពុង​ស្រាវជ្រាវ ។

អ្នកស្រី សំ យូ​រឿ​ន អាយុ​៥៩​ឆ្នាំ  បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ចុងខែ​វិច្ឆិកា ២០១៥  មាន​គេ​មក​ឃោសនា ឱ្យ​រៀន​ភាសា​ជប៉ុន​ក្នុង​រយៈពេល​៣​ខែ និង​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ។ ក្រោយ​ពី​បាន​ស្តាប់​ទៅ​ក៏​ឃើញ​ថា សម​ហេតុផល​និង​មាន​ជំនឿ​លើ​គេ ទើប​សម្រេចចិត្ត ខ្លះ​ចងការ​ប្រាក់​គេ ខ្លះ​លក់​ដីចម្ការ ខ្លះ​លក់​ដី​ផ្ទះ ។ ចំណែក​គាត់​បាន​ចងកា​ប្រាក់​គេ​ប្រមូល​ឱ្យ​កូនប្រុស​ឈ្មោះ អ៊ុ​ន តុលា អាយុ​២២​ឆ្នាំ ទៅ​រៀន​នៅ «​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ថែទាំ​កម្ពុជា​-​ជប៉ុន​(CJC)»​នៅ​រាជធានី​ភ្នំពេញ ដូច​គេ​ដែរ ។

អ្នកស្រី សំ យូ​រឿ​ន នៅ​ភូមិ​សូ​ជ័យ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ប្រាប់​បន្ត​ទៀត​ថា គេ​បាន​សន្យា​ថា រៀន​៣​ខែ​នឹង​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ហើយ តែ​វគ្គ​សិក្សា​ពិសេស​នោះ ត្រូវ​បង់លុយ​ចំនួន​៤.០០០​ដុល្លារ​រួម​នឹង​បង់​ឱ្យទៅ​ជំទាវ​ម្នាក់​ក្រៅផ្លូវការ​៧០០​ដុល្លារ​ទៀត​សរុប​៤.៧០០​ដុល្លារ  ។ លោក ស្រី​បាន​លើក​ហេតុផល​ថា ក្នុង​ពេល​ដែល​ប្រគល់​លុយ​ឱ្យទៅ​គេ​នោះ នៅ​ពេល​យប់​ទៀត   ហើយ​ថែម​ទាំង​មាន​មេធាវី​ដឹង​ឮ​ផង​ដែរ ។ គាត់​ថា រហូត​មក​ដល់​ជិត​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ លើស​ពី​៣​ខែ​ហើយ កូនប្រុស​គាត់​នៅ​តែ​មិន​បាន​ទៅ​ជប៉ុន​ដដែល​គួរ​ឱ្យ​ព្រួយចិត្ត​ណាស់ សង្ស័យ​ចាញ់បោក​គេ ។

យុវជន​ឈ្មោះ ឌ​ន សាក់ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​សូ​ជ័យ ឃុំ​ចំការអណ្តូង ប្រាប់​ឱ្យ​ដឹង​ថា មាន​លោក​ជំទាវ​ម្នាក់​បាន​នាំ​ក្រុមហ៊ុន​CJC​មក​ប្រកាស​នៅ​ក្នុងភូមិ​ថា ត្រូវការ​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ដោយ​ក្នុង​ម្នាក់​ត្រូវ​បង់​ចំនួន​៤.០០០​ដុល្លារ ដែល​វគ្គ​សិក្សា​នោះ​ត្រូវការ​តែ​២០០​នាក់​ទេ ។ លុះ​ពេល​ដែល​ស្តាប់​ការ​ឃោសនា​របស់​គេ​ក៏​បាន​ជឿ​ទុកចិត្ត ក៏​បាន​ចុះ​ឈ្មោះ​ទៅ​រៀន​នៅ​រាជធានី​ភ្នំពេញ​ដោយ​បង់លុយ​៤.០០០​ដុល្លារ​ទៅ​ក្រុមហ៊ុន និង​៧០០​ដុល្លារ​ទៀត ក្រៅ​សេវា​សម្រាប់​ជំទាវ​ម្នាក់​នេះ ។  ក្នុង​ពេល​ប្រគល់​ឱ្យ​នោះ​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៧ ធ្នូ ២០១៥ ហើយ​ក៏​បាន​ផ្តិត​មេដៃ​ទាំង​មិន​បាន​មើល​ឯកសារ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ។ នៅ​ក្នុង​លិខិត​ប្រគល់​លុយ​គឺ​គេ​បាន​សរសេរ​ដាក់​ថា ភាគី​បាន​ព្រមព្រៀង​ផ្តិត​មេដៃ​សង​ប្រាក់​នៅ​ចំពោះ​មុខ​មេធាវី​ទៀត ។ យុវជន​នេះ​និយាយ​ថា គ្រាន់តែ​សាច់ញាតិ​របស់​គេ​ផ្ទាល់​មាន​៧​នាក់  ដែល​បាន​បង់លុយ​ក្នុង​ម្នាក់​ៗ៤.០០០​ដុល្លារ​រួច​ហើយ​នោះ មាន​ពេល​មួយ​បាន​ទៅ​សួរនាំ​រឿង​ចប់​ដក​យក​ប្រាក់​វិញ ត្រូវ​បាន​គេ​ទះ​តុ​គំរាម ដោយ​លើក​ហេតុផល​ថា លុយ​បើ​បង់​ឱ្យ​សាលា​ហើយ​មិន​អាច​ដក​វិញ​បាន​ទេ បាន​ធ្វើ​ឱ្យ​អស់សង្ឃឹម​រលីង  ។

យុវជន​ម្នាក់​ទៀត​ឈ្មោះ ខាន់ សុខ​ខឿន  អាយុ​៣២​ឆ្នាំ នៅ​ភូមិ​សូ​ជ័យ ឃុំ​ចំការអណ្តូង ប្រាប់​ថា ដោយសារ​តែ​មានការ​ជឿ​ង​ទុកចិត្ត​លើ​លោក​ជំទាវ​ម្នាក់ ដែល​មានស្រុក​កំណើត​នៅ​តំបន់​នេះ បាន​មក​ឃោសនា​ដល់​អ្នក​ភូមិ​របស់​លោក​នោះ ទើប​មានការ​ជឿ​ទុកចិត្ត  ថែម​ទាំង​លើក​ហេតុផល​ថា បើ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ចាប់ពី​៥​ទៅ​១០​ឆ្នាំ គេ​នឹង​ឲ្យ​ចូលសញ្ជាតិ​ទៀត  ក៏​បាន​ទៅ​ចុះ​ឈ្មោះ​រៀន និង​បាន​បង់លុយ​អស់​៤.៧០០​ដុល្លារ ។

ពេល​នេះ​យុវជន​ដែល​បាន​បង់ប្រាក់ និង​បាន​ក្លាយជា​សិក្ខាកាម​នៅ​ក្នុងភូមិ​សូ​ជ័យ​និង​ភូមិ​ចំការអណ្តូង​សរុប​៤០​នាក់ សំណូមពរ​ដ៏​ទទូច​មេត្តា​សូម​ឱ្យ​ក្រុមហ៊ុន​ខាងលើ ជួយ​បង្វិល​លុយ​មក​ឱ្យ​ពួក​គាត់​វិញ​ផង ព្រោះ​ការ​រៀនសូត្រ​លើស​ពី​៣​ខែ​ហើយ មិន​បាន​ចេញ​ទៅ​តាម​ការ​សន្យា​ទេ ហើយ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ បញ្ជី​កំណើត​ដែល​ក្រុមហ៊ុន​CJC បាន​ដក​ទុក​នោះ​សូម​ប្រគល់​ឱ្យមក​សិក្ខាកាម​វិញ​ផង ដើម្បី​ងាយស្រួល​ទៅ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ  ។

នា​រសៀល​ថ្ងៃ​ទី​៣០ មីនា មាន​បុរស​ម្នាក់​អះអាង​ថា ជា​ជំនួយការ​របស់​លោក ឡា​ច សុ​ភិន នាយក​CJC​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា តាម​គោលការណ៍​របស់​សាលា គឺ​ត្រូវ​រៀន​ពី​៣​ខែ​ទៅ​៦​ខែ តែ​អ្នកខ្លះ​រៀន​បាន​ត្រឹម​១០​ថ្ងៃ​នោះ មិន​គ្រប់​នឹង​ផែនការ​របស់​គេ​ទេ ហើយ​ការ​បង់លុយ​តម្រូវ​ឱ្យ​បង់​តែ​២៧០​ដុល្លារ ក្នុង​ម្នាក់​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​នៅ​ពេល​សួរ​ថា សិក្ខាកាម​បង់លុយ​ក្នុង​ម្នាក់​៤.៧០០​ដុល្លារ  បែរជា​មិន​ឆ្លើយ​ទៅ​វិញ រួច​បិទ​ទូរស័ព្ទ​ទៅ ។
ពេល​ណា​មាន​ព័ត៌មាន​ប្លែក​បញ្ជូន​មក​ដល់ នឹង​ផ្សាយ​ជូន​បន្ត​ទៀត ៕