អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​មន្ត្រី​ក្រសួងការបរទេស​ម្នាក់

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​លិខិតផ្លូវការ​បញ្ជាក់​ជា​សាធារណៈ​ថា សូម​អស់លោក លោក​ជំទាវ លោក លោកស្រី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ កុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ករណី <<​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​>> ចាប់ខ្លួន​មន្ត្រី​ក្រសួងការបរទេស​មួយ​រូប​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ដោយសារ​មាន​ភស្តុ​តាង​ច្បាស់លាស់ អំពី​ការ​ទទួល​លុយ​ពី​ក្រុមហ៊ុន​បរទេស ​ដើម្បី​ប្រថាប់ត្រា​បញ្ជាក់​លើ​ឯកសារ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ក្រសួងការបរទេស​នោះ​ទេ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំពុង​ស៊ើបអង្កេត​បន្ត​ទៀត​ ទាក់ទង​នឹង​ករណី​នេះ តែ​លោក​ឧបនាយករដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ឬ​ភេទ​របស់​ជនសង្ស័យ​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា មន្ត្រី​ក្រសួងការបរទេស និង​សូម​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្តការងារ​របស់​ខ្លួន​ដោយ​ទទួលខុសត្រូវ​ខ្ពស់ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៅ​ក្រសួងការបរទេស បាន​បង្ហើប​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឃាត់ខ្លួន​មន្ត្រី​ក្រសួងការបរទេស​ម្នាក់ នាំ​ចេញ​តាម​រថយន្ត​យក​ទៅបាត់ ដោយ​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​ច្បាស់លាស់​នៅឡើយ​នោះ​ទេ ។

មន្ត្រី​ដដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា មន្ត្រី​ក្រសួងការបរទេស​ដែល​ត្រូវ​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចូល​មក​នាំ​ខ្លួន​ដល់​ក្នុង​ក្រសួង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា នោះ មិន​ទាន់​ត្រូវ​បាន​គេ​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​នៅឡើយ​ទេ គ្រាន់តែ​គេ​ដឹង​ថា មាន​ឋានៈ​ជា​ប្រធាន​ការិយាល័យ ។

ដោយឡែក​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នា​ល្ងាច​ថ្ងៃ​ទី​៣១ មីនា មិន​អាច​ទាក់ទង​សាកសួរ​ព័ត៌មាន​បាន​ឡើយ ពាក់ព័ន្ធ​ករណី​ឃាត់ខ្លួន​មន្ត្រី​ក្រសួងការបរទេស​ខាងលើ​នេះ ។

គេ​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​នៅឡើយ​ទេ តែ​ប្រភព​ស្និទ្ធ​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បង្ហើប​ឲ្យ​ដឹង​ក្រៅផ្លូវការ​ថា ជនសង្ស័យ​គ្រោង​នឹង​បញ្ជូន​ទៅ​តុលាការ​ក្នុង​រយៈពេល​៤៨​ម៉ោង អាច​ក្នុងស​ប្តា​ហ៍​នេះ តែ​គេ​នៅ​តែ​លាក់​ឈ្មោះ​ជនសង្ស័យ​ដដែល ៕