វិធី​ធ្វើ​៖ ញាំ​ដើម​ឈូ​ក​រ័ត្ន​ខ្ចីៗ​

6 Videos


​ដំបូង​យើង​ចង់​ជម្រាប​ពី​គន្លឹះ​ឆ្ងាញ់ៗ​ជាមុនសិន​គឺ​ត្រូវ​ជ្រើសរើស​ដើម​ឈូករ័ត្ន​ណា​ខ្ចីៗ​ដែល​ស្រស់​ថ្មីស្លឹក​ពណ៌​បៃតងខ្ចីដើម​ថ្លោសគ្មាន​ស្នាម​ជាំខ្មៅ​ទើប​អាច​យកមក​ធ្វើ​ញាំ​បាន​ឆ្ងាញ់​ត្រូវចិត្ត​ដិតអារម្មណ៍ ។ បន្ទាប់ មក​ផ្សំ​រសជាតិ​ឱ្យ​ជូរ​ជ្រះ ផ្អែមនិងហឹរ​បន្តិច ក៏​ជា​មុខម្ហូប​បំប៉ន​សុខភាព​ដ៏​ប្រសើរ​ដោយបាន​ពី​គុណ​ប្រ​យោជន៍​ នៃ​ដើម​ឈូករ័ត្ន​ខ្ចីៗ​មាន​ចំណែក​ជួយ​ការពារ​រោគ​ភ្លេចភ្លាំង​និង​ជំនួយ​ស្បែកព្រមទាំង​ទឹកក្រូច​ឆ្មារ​រសជាតិ​ជូរ​ជួយ​ឱ្យ​ឈាម​រត់​ស្រួល ។​
​ញ៉ាំ​ទៅ​ឆ្ងាញ់​ជក់មាត់ ថែមទាំង​ជួយ​បង្អង់​វ័យ​ឱ្យនៅ​ក្មេងខ្ចី ឃ្លាតឆ្ងាយ​ពី​ជំងឺ​តម្កាត់​បាន​យ៉ាងនេះ​ត្រូវ​ចាប់ផ្តើម​ធ្វើ​ញ៉ាំ​ហើយ ។​

វិធី​ធ្វើ​៖ ញាំ​ដើម​ឈូ​ក​រ័ត្ន​ខ្ចីៗ​

– ដើម​ឈូករ័ត្ន​ខ្ចី ៣ ខាំ​
– បង្គា​វះ​ខ្នង​យក​សរសៃ​ខ្មៅ​ចេញ ៥-៦ ក្បាល​
– ម្ទេសដៃនាង ២ ផ្លែ ( ហាន់​ជា​សរសៃ​វែង​តូចៗ )
– សណ្តែកដី​លីង កន្លះ​កូនចាន​
– បង្គា​ក្រៀម​បុក​ម៉ដ្ឋ កន្លះ​កូនចាន​
– ទឹកក្រូច​ឆ្មារ ៣ ស្លាបព្រា​បាយ​
– ទឹកត្រី ២ ស្លាបព្រា​បាយ​
– ស្ករត្នោត ១ ស្លាបព្រា​បាយ​
– ម្ទេសខ្មាំង ( ហាន់ ) ១ ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម ( ហាន់ ) ៥ មើម​
– អំបិល​ម៉ដ្ឋ​បន្តិច​
– ប្រេង​រុក្ខជាតិ​បន្តិច​

វិធី​ធ្វើ​
១ – ផ្អាប់​បង្គា​ជាមួយ​អំបិល​ទុកចោល​មួយសន្ទុះ​ចាក់​ប្រេង​ចូលក្នុង​ខ្ទះ​យក​បង្គា​ដាក់ចូល​បំពង​ទាល់តែ​ឆ្អិន​ដួស​ទុក ។​
២ – ធ្វើ​ទឹក​ញ៉ាំ​ដោយ​លាយ​ទឹក​ក្រូចឆ្មារ ទឹកត្រី ស្ករត្នោត កូរ​ឱ្យ​ចូលគ្នា​ដាក់​ម្ទេសខ្មាំង​ចូល​ទុក​មួយអន្លើ​សិន ។​
៣ – ចាក់​ដើម​ឈូករ័ត្ន​ខ្ចី​ចូលក្នុង​ចាន​រួច​ដាក់​ម្ទេសដៃនាង បង្គា​ក្រៀម និង សណ្តែកដី ។​
៤ – ចាក់ទឹក​ញ៉ាំ​ដែល​លាយ​ស្រេច​ហើយ​ចូល​ដោយ​យក​សម​ច្របល់​ទឹក​ញ៉ាំ​និង​គ្រឿងផ្សំ​ឱ្យចូល​គ្នា ។​
៥ – រោយ​ខ្ទឹមក្រហម​ចូល​ដួស​ដាក់​ចាន​រៀប​បង្គា​តុបតែង​ផ្នែក​លើ​រួច​អ្នកនឹង​ទទួលបាន​មុខម្ហូប​ដ៏​ឆ្ងាញ់​មាត់​ហើយ ។​

​បញ្ជាក់ ៖ អ្នក​អាច​ប្រើ​បន្លែ​ផ្សេងៗ​ជំនួស​ដើម​ឈូករ័ត្ន​បាន​ដូចជា ប្រពាយ ផ្កា​ស្រឡិត (Cowslip) ជាដើម ៕