ចោទប្រកាន់​លោក សម រង្ស៊ី តាម​បណ្ដឹង​សម្ដេច​ ហេង សំរិន ជា​រឿងរ៉ាវ​សំខាន់​ក្នុង​ស្ថាប័ន​តុលាការ​ប្រចាំ​សប្ដាហ៍​នេះ​

ចោទប្រកាន់​លោក សម រង្ស៊ី តាម​បណ្ដឹង​សម្ដេច​ ហេង សំរិន ជា​រឿងរ៉ាវ​សំខាន់​ក្នុង​ស្ថាប័ន​តុលាការ​ប្រចាំ​សប្ដាហ៍​នេះ​



ភ្នំពេញ ៖ តុលាការ​ ចោទប្រកាន់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​បរិហារកេរ្តិ៍​តាម​បណ្ដឹង​មេធាវី​សម្ដេច​មហា​ពញា​ចក្រី​ ហេង សំរិន គឺជា​រឿងរ៉ាវ​សំខាន់​ក្នុង​ស្ថាប័ន​តុលាការ​ ប្រចាំ​សប្ដាហ៍​នេះ។ ក្រៅ​ពី​នេះ​ នៅ​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដូចជា ជនល្មើស​សម្លាប់​ រួច​រំលោភ​សព​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ ប្រឈម​ជាប់គុក​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​ជាដើម។ ខាងក្រោម​នេះ​គឺជា​រឿងរ៉ាវ​សំខាន់​ប្រចាំ​សប្ដាហ៍ ៖ ទី​១-លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​បរិហារកេរ្តិ៍​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ បច្ចុប្បន្ន​សំណុំរឿង ត្រូវ​បាន​បញ្ជូន​ទៅ​បើកសវនាការ​ជំនុំជម្រះ​ផ្ទាល់ ដោយមាន​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ជំនុំជម្រះ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ភ្ជាប់​ជាមួយ​វីដេអូ​មួយ​ ដោយ​សរសេរ​ថា “​យើង​ចងចាំ​ថា របប​កើត​ថ្ងៃ​៧ មករា​១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ​កាត់ទោស​ប្រហារជីវិត សម្ដេច​ព្រះ​នរោត្តម សីហនុ ដោយ​ចោទ​ព្រះអង្គ​ថា​ជា​ជន​ក្បត់ជាតិ​”។

សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក សម រង្ស៊ី ​វីដេអូ​ជាង​៣​នាទី ដែល​លោក សម រង្ស៊ី បង្ហោះ​នោះ​ជា​ឃ្លី​ប​វីដេអូ​ដែល​សម្ដេច​ព្រះ​សីហនុ រៀបរាប់​ពី​កងទ័ព​វៀតណាម​ចូល​មក​កម្ពុជា ​និង​ពាក់ព័ន្ធ​នឹង​សម្ដេច ហេង សំរិន។

ទី​២-ឃាតករ​ជនជាតិ​វៀតណាម​ដែល​ធ្វើ​សកម្មភាព​សម្លាប់​រួច​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ ត្រូវ​បាន​លោក ម៉េង តូ​នី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ ក្រោម​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ តាម​មាត្រា​២០២ នៃ​ក្រមព្រហ្មទណ្ឌ។ បទល្មើស​នេះ កំណត់​ការ​ផ្ដន្ទាទោស​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ។
ជន​ត្រូវ​ចោទ​មានឈ្មោះ ដាង យ៉ាំង​ដូ ហៅ​រី​ដូ ហៅ​ភ័​ក្រ ហៅ​ធា ជនជាតិ​វៀតណាម អាយុ​២១​ឆ្នាំ ត្រូវ​បាន​នគរបាល​ខណ្ឌ​មានជ័យ សហការ​ជាមួយ​នគរបាល​ស្រុក​គីរីវង់ ខេត្ត​តាកែវ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​ប្រព្រឹត្ត​បទល្មើស​ កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ច្រាំងទន្លេ​បាសាក់ ផ្លូវលំ ក្រុម​ទី​២៨ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ។

ទី​៣-លោក អ៊ឹម វ​ណ្ណះ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អតីត​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​២​នាក់​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​៣​ខែ​ ទៅ​២​ឆ្នាំ។

លោក​ចៅក្រម​ថ្លែង​ក្នុង​សវនាការ​ថា សម្រេច​ផ្ដន្ទាទោស​ឈ្មោះ ដាវ ទេ​ព្យ ដាក់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ ក្រោម​បទ​ចោទ​គំរាម​សម្លាប់ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​ធាតុ​ញៀន។ ចំណែក​ឈ្មោះ ជា វណ្ណដា ត្រូវ​ជាប់ទោស​៣​ខែ ក្រោម​បទ​ចោទ​គ្របដណ្ដប់​ស្បង់​ចីវរ​ខុសច្បាប់៕
ចោទប្រកាន់​លោក សម រង្ស៊ី តាម​បណ្ដឹង​សម្ដេច​ ហេង សំរិន ជា​រឿងរ៉ាវ​សំខាន់​ក្នុង​ស្ថាប័ន​តុលាការ​ប្រចាំ​សប្ដាហ៍​នេះ​
ចោទប្រកាន់​លោក សម រង្ស៊ី តាម​បណ្ដឹង​សម្ដេច​ ហេង សំរិន ជា​រឿងរ៉ាវ​សំខាន់​ក្នុង​ស្ថាប័ន​តុលាការ​ប្រចាំ​សប្ដាហ៍​នេះ​