ក្រសួងពាណិជ្ជកម្ម បង្ហាញ​អំពី​ផែនការ​កែទម្រង់ សេវា​សាធារណៈ​មួយចំនួន ​

ក្រសួងពាណិជ្ជកម្ម បង្ហាញ​អំពី​ផែនការ​កែទម្រង់ សេវា​សាធារណៈ​មួយចំនួន ​



ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី​កាលពី​ថ្ងៃទី​០១ ខែមេសា​នេះ នៅ​ទីស្ដីការ​ក្រសួងពា​ណិ​ជ្ជកម្ម លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ក្រ​សួង​បាន​ចាប់​អនុវត្ដ​​លើ​ការកែទម្រង់​អំពី​នីតិវិធី​នៃ​ការចុះបញ្ជី​ក្រុមហ៊ុន​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការ​សម្រួល ឯកសារ សម្រាប់​ការនាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស បាន​យ៉ាង​ឆាប់រហ័ស កែសម្រួល​រចនា​សម្ព័ន្ធ​ថ្មី​នៃ​ការគ្រប់គ្រង​ផ្ទៃក្នុង ដើម្បី​ជួយ​សម្រួល​ការងារ​ដល់​បាន​លឿន និង​កាត់បន្ថយ​ជំនួប​រវាង​មន្ត្រី និង​ផ្នែក​ឯកជន ​ដែល​នាំ​ឲ្យ​មានការ​ចំណាយ​ក្រៅផ្លូវការ​។​

លោក​បន្ត​ថា ការសម្រេច​ធ្វើការ​កែទម្រង់​នេះ ដោយ​យល់​ឃើញ​ថា ក្រសួងពាណិជ្ជកម្ម​គឺជា​ស្ថាប័ន​មួយ​ក្នុង​ការ​ជួយ​សម្រួល និង​ដោះស្រាយ​ការងារ​ទីផ្សារ​ពាណិជ្ជកម្ម ហើយ​សម្រួល​លើ​ផលិតផល និង​ទំនិញ​នាំចេញ នាំចូល​នៅ​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​។​

លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា លទ្ធផល​នៃ​ការ​កែ​តម្រង់​នេះ នឹង​ផ្ដល់​នូវ​ទំនុក​ចិត្ដ​លើ​ស្ថិរភាព​នយោ​បា​យ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច សុវត្ថិភាព សុខ​សន្តិភាព​នៅក្នុង​សង្គម ហើយ​ក្រសួង​នៅតែ​បន្ត​ធ្វើ​ការ​កែ​ទម្រង់​បន្ថែម​លើ​ផ្នែក​ផ្សេងៗ​ទៀត ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ឲ្យ​មក​បណ្ដា​ក់​ទុន​វិនិយោគ កាន់​តែ​ច្រើន​ថែមទៀត​។​

លោក​បាន​ចាត់ទុកថា ការកែទម្រង់​នេះ គឺ​បាន​ផ្ដល់​នូវ​ផលប្រយោជន៍​យ៉ាងច្រើន សម្រាប់​ប្រជា​ពល​រដ្ឋ ក្នុង​ការ​ទទួល​បាន​នូវ​សេវា​សាធារណៈ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​វិ​និ​យោគ​ក្នុងស្រុក និង​ក្រៅប្រទេស ពិសេស​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុង​ក្រសួង​ឲ្យ​កាន់តែ​មានការ​ទទួ​ល​ស្គាល់​ក្នុង​ថ្នាក់​ជាតិ និង​អន្តរជាតិ​។

លោក​រដ្ឋមន្ត្រី​បាន​កត់​សម្គាល់​ថា ក្រោយពី​ក្រសួងពាណិជ្ជកម្ម បាន​ធ្វើ​ការ​កែទម្រង់​លើ​ផ្នែក​គ្រប់​គ្រង និង​សេវា​សាធារណៈ​នៅ​ក្រសួងពាណិជ្ជកម្ម​រួចមក គឺ​ទទួលជោគជ័យ និង​មានការ​គាំទ្រ​ពី​អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន និង​ស្ថាប័ន​ពាក់​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ចំពោះ​ការកែទម្រង់​នេះ ដែល​អាច​ធ្វើ​ឲ្យ​ការនាំចេញ​ទំនិញ ឬ​ផលិតផល​ពី​កម្ពុជា​បាន​លឿន​ឆាប់រហ័ស និង​ទាក់ទាញ​អ្នក​វិនិយោគ​ថែម​ទៀត​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ផ្តល់​ជា​មតិ​សំណេះសំណាល ជាមួយ​ថ្នាក់​ដឹក​នាំ និង​មន្ត្រីរាជការ​នៃ​ក្រសួងពាណិជ្ជកម្ម ព្រមទាំង​បាន​ជំរុញ​លើកទឹកចិត្ត មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ឲ្យ​ខិតខំ​បំពេញភារកិច្ច​របស់​ខ្លួន​ ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ប្រទេសជាតិ និង​ប្រកាន់ខ្ជាប់​នូវ​ស្មា​រតី​សាមគ្គី​គ្នា ជា​ធ្លុង​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា ដើម្បី​ដឹកនាំ​ក្រសួង​ឲ្យ​កាន់តែ​មានការ​រីក​ច​ម្រើន​ថែមទៀត​៕

ក្រសួងពាណិជ្ជកម្ម បង្ហាញ​អំពី​ផែនការ​កែទម្រង់ សេវា​សាធារណៈ​មួយចំនួន ​

ក្រសួងពាណិជ្ជកម្ម បង្ហាញ​អំពី​ផែនការ​កែទម្រង់ សេវា​សាធារណៈ​មួយចំនួន ​

ក្រសួងពាណិជ្ជកម្ម បង្ហាញ​អំពី​ផែនការ​កែទម្រង់ សេវា​សាធារណៈ​មួយចំនួន ​