ក្រសួងពាណិជ្ជកម្ម​កម្ពុជា ​ជួប​សមាជិក​នៃ​ក្រុមប្រឹក្សា​សមាហរណកម្ម និង​ម៉ាក្រូសេដ្ឋកិច្ច​​

ក្រសួងពាណិជ្ជកម្ម​កម្ពុជា ​ជួប​សមាជិក​នៃ​ក្រុមប្រឹក្សា​សមាហរណកម្ម និង​ម៉ាក្រូសេដ្ឋកិច្ច​​



ភ្នំពេញ​ ៖ លោក​ ប៉ាន សូរ​ស័ក្តិ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០​១​៦ នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី Tatyana Valov​a​y​a សមាជិក​ក្រុមប្រឹក្សា​សមាហរណកម្ម និង​ម៉ាក្រូសេដ្ឋកិច្ច​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ដែល​អមដំណើរ​ដោយ លោក Dmitry TSVETKOV ឯកអគ្គរដ្ឋទូត​នៃ​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​កម្ពុជា និង​សហ​ការី​។​

​នា​ឱកាស​នោះ លោក ​ប៉ាន សូរ​ស័ក្តិ បាន​សម្ដែង​ការ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ដល់​លោកជំទាវ និង​សហការី​ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា ជាពិសេស​ឆ្លៀតឱកាស​មក​ជួប​ពិភាក្សា​ការ​ងារ​ នៅ​ក្រសួងពាណិជ្ជកម្ម​។​

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ បាន​ផ្ដោត​សំខាន់​លើ​ការពិភាក្សា​អំ​ពី​វឌ្ឍនភាព​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​(Eurasian Economic Union, EEU) និង​ការ​ត្រៀម​លក្ខណៈ​របស់​កម្ពុជា ដើម្បី​ចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី ​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​(EEU)​ជា​សំខាន់​ពិភាក្សា​អំពី​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សហព័ន្ធ​រុស្ស៊ី នា​ខែឧសភា​ខាងមុខនេះ​។​

លោក​រដ្ឋលេខាធិការ​បាន​ជម្រាប​ជូន​លោកស្រី​ថា កម្ពុជា​មានបំណង​ស្នើសុំ​ចរចា​បង្កើត​តំបន់​ពាណិជ្ជ​កម្ម​សេរី​ ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​(EEU) នា​ពេល​ឆាប់ៗ​ខាងមុខ​។ លោកជំទាវ​បាន​ស​ម្ដែង​ចំណាប់អារម្មណ៍​ចំពោះ​វិស័យ​សក្ដានុពល​របស់​កម្ពុជា​រួមមាន​ វិស័យ​កសិកម្ម និង​កាត់ដេរ​ស​ម្លៀក​បំពាក់ និង​គាំទ្រ​ចំពោះ​សំណើ​របស់​កម្ពុជា​។​

លោក​រដ្ឋលេខាធិការ បាន​ស្នើ​ឲ្យ​មាន​អនុស្សរណៈ​ទ្វេភាគី​លើ​វិស័យ​ទេសចរណ៍ សំដៅ​ជំរុញ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​។ ឆ្លើយតប​នឹង​សំណើ​នេះ លោកស្រី​បាន​បញ្ជាក់​ជូន​ថា គួរ​អនុញ្ញាត​ឲ្យ​ក្រុម​ការ​ងារ​បច្ចេកទេស​របស់​ភាគី​ទាំងពីរ ពិនិត្យមើល​លទ្ធភាព និង​ពិគ្រោះ​យោបល់​ជា​មុន​សិន មុន​ឈាន​ដ​ល់​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​។

​ជា​ចុងក្រោយ លោកស្រី បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម​រដ្ឋលេខាធិការ និង​សហការី​ ដែល​ឆ្លៀ​ត ឱកាស​ដ៏​មមាញឹក​ពី​ការងារ​ទទួល​ជួបពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម​៕

ក្រសួងពាណិជ្ជកម្ម​កម្ពុជា ​ជួប​សមាជិក​នៃ​ក្រុមប្រឹក្សា​សមាហរណកម្ម និង​ម៉ាក្រូសេដ្ឋកិច្ច​​

ក្រសួងពាណិជ្ជកម្ម​កម្ពុជា ​ជួប​សមាជិក​នៃ​ក្រុមប្រឹក្សា​សមាហរណកម្ម និង​ម៉ាក្រូសេដ្ឋកិច្ច​​