តើ​លោកអ្នក​ធ្លាប់​ស្គាល់​គម្រោង​សហគមន៍​ភូមិ​ញញឹម​ដែរ ឬទេ​?

តើ​លោកអ្នក​ធ្លាប់​ស្គាល់​គម្រោង​សហគមន៍​ភូមិ​ញញឹម​ដែរ ឬទេ​?



អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ហៅ​កាត់​ថា PSE ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៦​។

គោលបំណង​សំខាន់​របស់​អង្គការ គឺ​ដើម្បី​ជួយ​ដល់​កុមារ​ទីទាល់ក្រ និង​ងាយ​រងគ្រោះ ឲ្យ​ក្នុង​ការ​ទទួល​បានការ​អប់រំ​ដ៏​ប្រសើរ​តាំងពី​ថ្នាក់​មូលដ្ឋាន​រហូត​ទទួល​បាន​ការងារ​អាជីព​មួយ​។ ដូច្នេះ​កម្មវិធី​ជាច្រើន​ត្រូវ​បាន​បង្កើត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដើម្បី​គាំទ្រ និង​បំពេញ​តំរូវការ របស់​កុមារ​ក៏ដូចជា​គ្រូ​សារ​របស់​ពួកគេ​។

បច្ចុប្បន្ន​នេះ អង្គការ PSE បាន​បង្កើត និង​កំពុង​អនុវត្ត​គម្រោង​ជាច្រើន ហើយ គម្រោង​សហគម​ន៏​ភូមិ​ញញឹម ក៏​ជា​គម្រោង​មួយ​ដ៏​សំខាន់​ក្នុងចំណោម​គម្រោង​ទាំងនោះ​។ ការ​ផ្តល់​លំនៅដ្ឋាន​សមរម្យ និង​មាន​ស្ថិរភាព គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​គម្រោង ដើម្បី​គាំទ្រ​ដោយ​ប្រយោល​ដល់​ការអប់រំ​របស់​កុមារ និង​កាត់បន្ថយ​អត្រា​បោះបង់ ចោលការ​សិក្សា​របស់​ពួកគេ​។ ការ​ផ្តល់​នេះ​ក៏​ជាការ​លើកទឹកចិត្ត​ដល់​អាណាព្យាបាល ដើម្បី​ជួយ​ជំរុញ​កូន​របស់​ពួកគាត់​ឲ្យ​ទៅ​សាលារៀន​បាន​ទៀងទាត់​។​

វត្ថុបំណង​សំខាន់​របស់​គម្រោង​គឺ​៖ កាត់បន្ថយ​ការបោះបង់​ការសិក្សា​រប​ស់សិ​ស្ស តាមរយៈ​ការផ្តល់​លំនៅ​ស្ថាន​ថ្មី​ឲ្យ​គ្រួសារ​ពួកគេ​បាន​រស់នៅ​សមរម្យ ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​គ្រួសារ តាមរយៈ​ការ​ជួយ​សម្របសម្រួល ការបង្កើត​មុខរបរ និង​ផ្តល់នូវ​កម្មវិធី​បណ្តុះបណ្តាល​ក្នុង​សហគមន៍ ដើម្បី​ពង្រឹង​ផ្នែក​ស្មារតី និង​ធានា​ការរស់នៅ​ដោយ​សាមគ្គីភាព ភាព​អធ្យាស្រ័យ និង​ការ​ចែករំលែក​។​

​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​បាន​សហការ​ផ្ដួចផ្ដើម​គំនិត​បង្កើត​គម្រោង​នេះ​ឡើង​ជាមួយ​អង្គការ​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ភាព​ក្រីក្រ រហូត​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅ​ថ្ងៃទី​១៣ ខែឧសភា ២០១៣។

អនុស្សរណៈ​នេះ ផ្តោត​លើ​ការ​បណ្ដុះបណ្ដាល​សហគមន៍ ការ​កសាង​សាលា​មត្តេយ្យ ឬ មណ្ឌល​ថែទាំ​កុមារ ការ​បង្កើត​សហគ្រាស​សហគមន៍ ផ្ទះសំណាក់ និង​សួនច្បារ។

រហូតមកដល់​សព្ទ​ថ្ងៃនេះ សហគមន៍​ភូមិ​ញញឹម​មាន​ផ្ទះ​ចំនួន ៧១ ខ្នង ដែល​មាន​គ្រួសារ​រស់នៅ​សរុប​ចំនួន ៥៨ គ្រួសារ សាលា​មតេយ្យ​មួយ ផ្ទះ​សហគមន៍​៥ សម្រាប់​ភ្ញៀវ​ស្នាក់នៅ និង​សាល​សហគមន៍​មួយ ។ ទិសដៅ​ចម្បង​បន្ទាប់​របស់​យើង​ទាំង​អស់​គ្នា ​គឺ​ស្វែងរក​ដំណោះស្រាយ បន្តិច​ម្តងៗ​ដើម្បី​ឲ្យ​គ្រួសារ​ក្រីក្រ​មាន​ជីវភាព​រស់នៅ​សមរម្យ និង​ចាក​ផុត​ពី​ភាព​ក្រីក្រ៕

តើ​លោកអ្នក​ធ្លាប់​ស្គាល់​គម្រោង​សហគមន៍​ភូមិ​ញញឹម​ដែរ ឬទេ​?

តើ​លោកអ្នក​ធ្លាប់​ស្គាល់​គម្រោង​សហគមន៍​ភូមិ​ញញឹម​ដែរ ឬទេ​?