ពិព័រណ៍​សុខភាព​ និង​សម្ផស្ស​ឆ្នាំ​២០១៦​ បើក​ជា​ផ្លូវការ​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ​

ពិព័រណ៍​សុខភាព​ និង​សម្ផស្ស​ឆ្នាំ​២០១៦​ បើក​ជា​ផ្លូវការ​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ​



ភ្នំពេញ ​៖ ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ​ ក្រុមហ៊ុន ភី​ផល​អ៊ី​វិ​ន​ បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​សុខភាព ​និង​សម្ផស្ស ​ឆ្នាំ​២០១៦ ​រយៈពេល​៣​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​០១ ​ដល់​ថ្ងៃ​ទី​០៣​ ខែ​មេសា​ ឆ្នាំ​២០១៦​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

លោក ​ខៀវ​ ខែ​ន​នី​ អគ្គនាយក​ភី​ផល​អ៊ី​វិ​ន​ដែល​ជា​អ្នក​រៀបចំ​តាំង​ពិព័រណ៍​នេះ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ កាលពី​រសៀល​ថ្ងៃ​ទី​០១​មេសា​ថា ពិព័រណ៍​សុខភាព​ និង​សម្ផស្ស រយៈពេល​៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១ ​ដល់​ទី​៣ ​ខែ​មេសា ​ឆ្នាំ​២០១៦​ ដោយមាន​ក្រុមហ៊ុន​ចូលរួម​ប្រមាណ​ពី​៧០​ ទៅ​៨០​ ក្រុមហ៊ុន​ដោយមាន​ស្តង់​ចូលរួម​ដាក់​តាំង​ផលិតផល​ប្រមាណ​ជាង​១០០​ស្តង់​។

លោក​ ខៀវ​ ខែ​ន​នី​ បញ្ជាក់​ថា​ សម្រាប់​ឆ្នាំនេះ​ មាន​ក្រុមហ៊ុន​ចូលរួម​កើន​ឡើង​ជាង​ឆ្នាំមុន​ប្រមាណ​២០​ភាគរយ ​ហើយ​សង្ឃឹមថា​នឹង​មាន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំមុន​ ដែល​ឆ្នាំមុន​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង​៣​ម៉ឺន​នាក់។

លោក​ ខៀវ​ ខែ​ន​នី​ បាន​បន្ត​ថា​ ពិព័រណ៍​សុខភាព ​និង​សម្ផស្ស​លើក​ទី​៤​នេះ ​ធ្វើឡើង​ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទិញ​នូវ​ផលិតផល​នានា​ជូន​ដល់​ឪពុកម្ដាយ ញាតិមិត្ត​សាច់ញាតិ ឬ​សម្រាប់​ដំណើរ​កម្សាន្ត​តាម​បណ្ដា​ខេត្ត​នានា ​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​យើង​ដែល​នឹង​ខិតចូល​មកដល់​នៅ​ពេល​ខាងមុខនេះ។

លោក​បាន​បន្ថែម​ថា​ ចំពោះ​ផលិតផល​ដែល​ត្រូវ​ដាក់​តាំង​លក់​នៅ​ក្នុង​ពិធី​ពិព័រណ៍​រួមមាន​គ្រឿង​ឧបភោគបរិភោគ គ្រឿងសម្អាង​សំលៀកបំពាក់ គ្រឿង​អគ្គិសនី ស្ថាប័ន​ហិរញ្ញវត្ថុ​ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​មួយ​ចំនួន​ទៀត​។​ ផលិតផល​ទាំងនោះ ​ខ្លះ​នាំចូល​មកពី​ប្រទេស​មួយ​ចំនួន​ដូចជា​អាមេរិក កូរ៉េ បារាំង អ៊ីតាលី ​និង​នាំចូល​ពី​ប្រទេសជិតខាង​។​ ក្រៅពីនោះ​ក៏​មាន​ផលិតផល​ដែល​ផលិត​នៅ​ក្នុង​ស្រុក​ចូលរួម​តាំង​ពិព័រណ៍​ផង​ដែរ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ពិព័រណ៍​សុខភាព​ និង​សម្ផស្ស​នេះ​ឲ្យ​បាន​ច្រើន​កុះករ​ ដើម្បី​ជាវ​នូវ​ផលិតផល​នានា​ទៅតាម​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន​ពិសេស​ផលិតផល​ដែល​ផលិត​នៅ​ក្នុង​ស្រុក​យើង ​ដើម្បី​យក​ទៅ​ជួន​អ្នកមានគុណ​អ្នក​ដែល​ជា​ទី​ស្រឡាញ់​ និង​សម្រាប់​ដើរ​កម្សាន្ត​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិ​យើង​៕

ពិព័រណ៍​សុខភាព​ និង​សម្ផស្ស​ឆ្នាំ​២០១៦​ បើក​ជា​ផ្លូវការ​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ​