របប​អាហារ ដែល​អាច​ជួយ​គ្រប់គ្រង ជំងឺ​ទឹកនោម​ផ្អែម​បាន​

របប​អាហារ ដែល​អាច​ជួយ​គ្រប់គ្រង ជំងឺ​ទឹកនោម​ផ្អែម​បាន​

​ជំងឺ​ទឹកនោម​ផ្អែម គឺ​ជា​ជំងឺ​បណ្តាលមកពី ការរំលាយ​អាហារ​មិនបាន​ល្អ ឬ​ហៅ​ថា Metabolic Disease ដែល​ភាគច្រើន​បង្កឡើង​ដោយ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​។ ជំងឺ​នេះ​ដែរ ក៏​កើត​លើ​មនុស្ស​ច្រើនណាស់ នៅ​ប្រទេស​កម្ពុជា​យើង ជាពិសេស អ្នក​ដែល​ញ៉ាំ​ច្រើន តែ​មិនសូវ​ធ្វើ សកម្មភាព​រាងកាយ​តែម្តង​។ យ៉ាងណាមិញ យើង​ក៏​ជួប​ជំងឺ​នេះ​ច្រើន​បំផុត លើ​មនុស្ស​ដែល​ធាត់​ជ្រុល​។ សំណាង​ដែរ យើង​មាន​វិធីសាស្ត្រ​រៀបចំ របប​អាហារ​មួយចំនួន ដែល​អាច​ជួយ​គ្រប់គ្រង ជំងឺ​ទឹកនោម​ផ្អែម​បាន​។

កុំតម​អាហារ​
បើសិន​ជា​អ្នក មាន​គម្រោង​តម​អាហារ​ពេលព្រឹក ឬ​មិន​ញ៉ាំ​អាហារ ដើម្បី​បញ្ចុះ​កាឡូរី​នោះ វា​ពិតជា​មិនល្អ​ឡើយ ព្រោះ​អ្នកនឹង​ឃ្លាន​កាន់តែខ្លាំង នៅពេល​ញ៉ាំ​អាហារ​ថ្ងៃត្រង់​វិញ​។ ដូច្នេះ អ្នក​គួរតែ​រក្សា​ទម្លាប់ ញ៉ាំ​អាហារ​ឲ្យបាន​ល្អ ធម្មតា​វិញ​ទៅ​។ ករណី​មិន​សូវ​ឃ្លាន​អាហារ​ពេលយប់ អ្នក​ក៏​អាច​ញ៉ាំ​អាហារ​តិចៗ ឬ​ញ៉ាំ​ផ្លែឈើ ដើម្បី​កុំឲ្យ​ឃ្លាន​អាហារ ពេល​យប់​បាន​ដែរ​។ ចូរ​ចាំ​ថា ការ​តម​អាហារ មិន​ត្រឹមតែ​នាំ​ឲ្យ​ជាតិ​ស្ករ ក្នុង​ឈាម​ចុះ​ទាប​ទេ តែ​ក៏​បណ្តាល​ឲ្យ​មិន​ស្រួល ក្នុង​ខ្លួន​ធ្ងន់ធ្ងរ​ដែរ ដូចជា វិលមុខ បេះដូង​ដើរ​ញាប់ និង​បែកញើស​ត្រជាក់​ខ្លួន​។

ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ច្រើន​នៅ​ពេល​ថ្ងៃ​
ការចាប់ផ្តើម​ថ្ងៃ​ថ្មី ជាមួយនឹង​អាហារ​ជាតិ​សរសៃ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត​ទេ តែ​ក៏​មិន​ងាយ​ធ្វើឲ្យ​អ្នក ឃ្លាន​អី​ច្រើន​ដែរ​។ អាហារ​ពេលព្រឹក សម្បូរ​ជាតិ​សរសៃ អ្នក​អាច​ជ្រើសរើស​ការ​ញ៉ាំ​នំ​បុ័ង ផ្លែឈើ និង​បន្លែ ព្រោះ​វា​អាច​ជួយ​រក្សា ភាព​ធម្មតា​របស់​ជាតិ​ស្ករ​ក្នុង​ឈាម​ទៀត​។

ចៀសវាង​ភេសជ្ជៈ មាន​ជាតិ​ផ្អែម​ច្រើន​
គន្លឹះ​ដ៏​សំខាន់ ដែល​អ្នក​ត្រូវ​ចាំ​នោះ គឺ​កាត់​បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ មាន​ជាតិ​ផ្អែម ឬ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​តែម្តង​នៅពេល​ស្រេកទឹក​។ ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ខ្ពស់ អាច​បណ្តាល​ឲ្យ លើស​ជាតិ​ស្ករ​ក្នុង​ឈាម  ដែល​ជាហេតុ​នាំឲ្យ ស្រេកទឹក​កាន់តែខ្លាំង និង​នោម​ញឹក​។ យក​ល្អ គួរតែ​ញ៉ាំ​ទឹក​ធម្មតា ឲ្យបាន​គ្រប់គ្រាន់​នៅ​ពេល​ថ្ងៃ​វិញ ហើយ​អ្នក​ក៏​អាច​ញ៉ាំ​ទឹកដូង​បានដែរ​។

ជ្រើសរើស​របស់​ផ្អែម​បែប​ធម្មជាតិ​
ជាតិ​ផ្អែម​របស់​ផ្លែឈើ និង​ជាតិ​សរសៃ​របស់ វា​ពិតជា​ល្អ​ជាង​ជាតិ​ផ្អែម បែប​សិប្បនិមិ្មត​ឆ្ងាយ​ណាស់ ហើយ​វា​មិនសូវ​ធ្វើឲ្យ​ឃ្លាន​ខ្លាំង ព្រោះ​វា​មានការ​បឺត​ស្រូប ចូលទៅ​ក្នុង​ឈាម​រយៈពេល​យូរ ដូច្នេះ ជាតិ​ស្ករ ក៏​នៅ​ហ្នឹង​នរ​បាន​យូរ​ដែរ​។ លើសពីនេះទៅទៀត អាហារ​ទាំងនេះ ត្រូវបាន​រំលាយ​យឺតៗ ទើប​ចូល​ទៅក្នុង​ចរន្ត​ឈាម​។

កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ អាច​បន្ថយ​សកម្មភាព ងាយ​ទទួល​យក​របស់​អាំង​ស៊ុយ​លីន​ក្នុង​ខ្លួន ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​ជាតិ​ស្ករ ក្នុង​ឈាម​ឡើង​ខ្ពស់​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ទៀងទាត់ អាច​ប្រឈម​ខ្លាំង​នឹង​ការឡើង​ទម្ងន់ ដូច្នេះ ជំងឺ​ទឹកនោម​ផ្អែម ពិតជា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ជាមិនខាន​។ ដូច្នេះ អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​លើសពី ៣០ មី​លី​លីត្រ​ក្នុង​មួយ​ថ្ងៃ​ឲ្យសោះ​។

មិន​ហាត់ប្រាណ​
បើសិន​ជា​អ្នក មិន​អាច​ហាត់ប្រាណ ដោយ​ការ​លើស​ទម្ងន់​បានទេ អ្នក​គួរតែ​ជ្រើសរើស របៀប​ហាត់​បែប​ធម្មតា​វិញ​ដូចជា ការ​ថែ​សួន ការ​ឡើងជណ្តើរ ឬ​ដើរ​រយៈពេល ២០ នាទី​វិញ ព្រោះ​វា​ក៏​ជួយ​បង្កើន​ការរំលាយ​ជាតិ​ខ្លាញ់ ក្នុង​ខ្លួន​បានដែរ​។ ក្នុង​ពិធីបុណ្យ ច្រើន​តែ​មាន​ការលេង​ហ្គេម​កម្សាន្ត ស្តាប់​ចម្រៀង និង​រាំ​សប្បាយ ដូច្នេះ អ្នក​គួរតែ​ចូលរួម​កម្មវិធី​ទាំង​នេះ​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។