​អា​ការៈដែល​បញ្ជាក់ថា ថ្លើម​អ្នក​កំពុងតែ​ជួប​គ្រោះថ្នាក់​

​អា​ការៈដែល​បញ្ជាក់ថា ថ្លើម​អ្នក​កំពុងតែ​ជួប​គ្រោះថ្នាក់​

​ថ្លើម គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ ក្នុង​រាងកាយ ហើយក៏​មាន​តួនាទី ច្រើន​ណាស់​ដែរ ជាពិសេស ការ​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​តែម្តង​។ ដូច្នេះហើយ កាលណា​សរីរាង្គ​មួយ​នេះ រង​សម្ពាធ​ខ្ពស់​ពេក ពី​ការបង្ក​រោគ ឬ​ដោយ​សារជាតិ​ពុល​ច្រើន វា​ពិតជា​ផ្តល់​ហានិភ័យ ខ្លាំង​ណាស់​ដល់​សុខភាព​។ ដូច្នេះ ដើម្បី​បង្ការ​កុំឲ្យ​មាន​ជំងឺ​លើ​ថ្លើម យក​ល្អ គួរតែ​តាមដាន និង​យកចិត្តទុកដាក់​ទៅលើ មុខងារ​ថ្លើម​ផង​។ ការយល់ដឹង​អំពី​សញ្ញា​សំខាន់ៗ នៃ​ការ​ខូច​ថ្លើម​នោះ អាច​ជួយ​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ណាមួយ បាន​ទាន់ពេលវេលា និង​បង្ការ​បញ្ហា​ខ្សោយ​ថ្លើម​បាន​ទៀត​ផង​។

មិន​ឃ្លាន​អាហារ​
អាការៈ​ដំបូង​គេ​បំផុត​នៃ​បញ្ហា​ថ្លើម គឺ​ការ​មិន​ឃ្លាន​អាហារ​តែម្តង​។ រាល់​ការខូចខាត​ថ្លើម សុទ្ធតែ​បណ្តាល​ឲ្យ​កើនឡើង ជាតិពុល​ច្រើន​ក្នុង​រាងកាយ ដូច្នេះ វា​ក៏​ប៉ះពាល់​ដល់​ចំណង់​អាហា​រដែរ​។ ក្រៅពីនេះ វា​នឹង​កាត់បន្ថយ ការ​បឺត​ស្រូប​វីតាមីន និង​ជាតិ​រ៉ែ ដែល​នាំឲ្យ​អស់​កម្លាំងបាន​។ ដូច្នេះ បើសិន​ជា​អ្នក​មាន​អាការៈ មិន​ឃ្លាន​អាហារ ច្រើន​ជាង​មួយ​សប្តាហ៍ វា​គួរតែ​ដល់ពេល ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។

ចង្អោ​រ និង​ក្អួត​
ការ​ចង្អោរ និង​ក្អួត ដែល​បណ្តាល​មកពី ការ​ខូច​ថ្លើម​នោះ ច្រើន​តែ​បណ្តាលមកពី មាន​ជាតិពុល​ច្រើន​ជ្រុល​ក្នុង​ថ្លើម​។ ជាមួយគ្នានេះដែរ បើសិន​ជា​អ្នក​ធ្លាប់មាន​បញ្ហា​ក្អួត និង​ចង្អោរ​ភ្លាម ក្រោយ​ពី​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​រួច វា​ក៏​ដល់​ពេល​ត្រូវ​ជួប​ពេទ្យ​ដែរ​។​

ភ្នែក​ប្រែ​ពណ៌​
សញ្ញា​ដ៏​សំខាន់​មួយ នៃ​ជំងឺ​រលាក​ថ្លើម​នោះ​គឺ ភ្នែក និង​ស្បែក​ទៅ​ជា​លឿង​។ យ៉ាងណាមិញ បើសិនជា​ភ្នែក​ប្រែ​ពណ៌​តែម្តង ជាពិសេស នៅ​ពេល​ព្រឹក​ទៀត នោះ​វា​អាច​បញ្ជាក់​ថា ថ្លើម​កំពុងតែ​ខូចខាត​ហើយ​។ ដូច្នេះ យក​ល្អ គួរតែ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន ចំពោះ​ការប្រែប្រួល ពណ៌​ភ្នែក​របស់​អ្នកផង​។

ពណ៌ទឹកនោម​​ខា​ប់​
កាលណា​ថ្លើម​ធ្វើការ​មិន​បាន​ល្អ​ទេ វា​នឹង​មាន​ការផលិត ទឹកប្រមាត់​កាន់តែច្រើន កង្វះ​អង់ស៊ីម ដើម្បី​រំលាយ​វា ដូច្នេះ វា​នឹង​បណ្តាល​ឲ្យ​កើនឡើង ពណ៌​ទឹកប្រមាត់ កាន់តែ​ច្រើន​ក្នុង​រាងកាយ​។ ពណ៌​ទាំងនេះ ធ្លាប់តែ​មាន​បន្តិចបន្តួច តែ​ប៉ុណ្ណោះ​ក្នុង​ទឹកនោម ប៉ុន្តែ បើសិនជា​វា​មាន​ការប្រែប្រួល ពី​លឿង​តិចតួច​ទៅ​លឿង​ខ្លាំង ឬ​ខាប់​នោះ វា​ពិត​ជា​សញ្ញា​មួយ នៃ​ការ​ខូច​ថ្លើម​ហើយ​។ នៅពេល​ភ្នែក​ទៅ​ជា​លឿង​ដែរនោះ វា​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់ថា រលាក​ថ្លើម​ដែរ​។

ឈឺ​ពោះ និង​ហើមពោះ​
ថ្លើម​ស្ថិតនៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​ពោះ ហើយ​រាល់​ការឈឺចាប់ ឬ​មិន​ស្រួល​នៅ​កន្លែង​នេះ​ប្រហែល​ជា​សញ្ញា​ដ៏​ច្បាស់​មួយ នៃ​ការខូចខាត​ថ្លើម​ខ្លះ​ហើយ​។ ក្រៅពីនេះ ភាព​តឹង​ពោះ ក៏​អាច​បញ្ជាក់​ថា ថ្លើម​កំពុងតែ​ហើម និង​ត្រូវ​ការពិគ្រោះ ជាមួយ​គ្រូពេទ្យ ដើម្បី​ទាត់ចោល បញ្ហា​ថ្លើម​ធ្ងន់ធ្ងរ​ផ្សេងៗ​។

ហើម​ជើង​
មែន​ហើយ មិនមែន​មនុស្ស​គ្រប់គ្នា សុទ្ធតែ​ដឹង​ថា ការ​ខូច​ថ្លើម អាច​ចេញ​ជា​សញ្ញា ហើម​នៅ​ជើង​នោះ​ទេ​។ នេះ​ដោយសារ​តែ​ថ្លើម មិន​អាច​ច្រោះ​ជាតិពុល​បាន ដូច្នេះ វា​នឹង​បណ្តាល​ឲ្យ កើនឡើង​កាកសំណល់​ក្នុង​លំហូរ​ឈាម ហើយ​កាកសំណល់​ទាំងនេះ នឹង​កកកុញ​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ ជាពិសេស ប្រអប់ជើង​តែម្តង​។

បើសិន​ជា​អ្នក ចូលចិត្ត​ញ៉ាំ​គ្រឿង​ស្រវឹង ញ៉ាំ​អាហារ​គ្មាន​អនាម័យ ឬ​កំពុង​តែ​មាន​បញ្ហា ឡើង​លឿង​ស្បែក ឬ​មាន​ការបង្ក​រោគ​នៅ​ថ្លើម អ្នក​ក៏​ងាយ​រង​នឹង​បញ្ហា​ខូច​ថ្លើម ច្រើន​ជាង​មនុស្ស​មាន​សុខភាព​ល្អ​ដែរ​។ ដូច្នេះ បើសិន​ជា​អ្នក​ធ្លាប់មាន អាការៈ​ទាំងនេះ ចូរ​ធ្វើយ៉ាងណា ទាក់ទង​នឹង​គ្រូពេទ្យ​ភ្លាម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។