ស្ថានទូត​កម្ពុជា​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​៣​នាក់​ពី​ចិន​និង​ម៉ាឡេស៊ី

ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ចិន និង​ម៉ាឡេស៊ី បាន​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​បី​នាក់ ដែល​ជួប​វិបត្តិ​ឲ្យ​ត្រឡប់​ម​កម្ពុជា​វិញ។

ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឲ្យ​ដឹង​ថា ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ចិន  សហការ​ជាមួយ​ប៉ូលិស ក្រុង​ប៉េកាំង អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​មួយ១​រូប ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា វិញ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា។ ស្ត្រី​ពលការ​នី​រូប​នេះ មាន​អាយុ ៤៤​ឆ្នាំ បាន​ទៅ​ធ្វើ​ការងារ​ជា​មេផ្ទះ​នៅ​ប្រទេស​ចិន ដោយ​ស្ម័គ្រចិត្ត តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១២ មក។

ទន្ទឹម​គ្នា​នោះ​ដែរ ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ឯ​ណោះ​វិញ ក៏​បាន​ជួយ​អន្តរាគមន៍​ដល់​ស្ត្រី​ខ្មែរ​ចំនួន ២​រូប​ដែរ ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការងារ ឲ្យ​ពួកគេ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

ក្នុង​ចំណោម​ស្ដ្រី​ទាំង​ពីរ ២ ម្នាក់​មាន​អាយុ ២៣​ឆ្នាំ ម្នាក់​ទៀត​មាន​អាយុ ២៥​ឆ្នាំ ដែល​មក​ពី​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កណ្ដាល ត្រូវ​បាន​គេ​បោ​កញ្ឆោត​ឲ្យ​ទៅ​ធ្វើ​ការ​តាម​ផ្ទះ ដោយ​ជិះ​រថយន្ត​កាត់​តាម​ប្រទេស​ថៃ ចូល​ទៅ​ម៉ាឡេស៊ី តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៤។

ក្នុង​ចំណោម​អ្នក​ទាំង​ពីរ ពលការិនី​ម្នាក់​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា និង​ម្នាក់​ទៀត នឹង​មក​ដល់​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៦ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។