ពិធីបុណ្យសពដ៏ស្មុគស្មាញជាងគេ នៅលើពិភពលោក ដែលសាកសពត្រូវតម្កល់ នៅផ្ទះយ៉ាងតិចមួយសប្ដាហ៍ (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ កោះ Sulawesi ដែលស្ថិតនៅក្នុង ប្រទេសឥណ្ឌូនេស៊ី គឺជាកន្លែងដែលជនជាតិ Torajan រស់នៅ ហើយពួកគេមានជំនឿជឿជាក់ថា មនុស្សម្នាក់ (ដែលស្លាប់ហើយ) មិនទាន់ស្លាប់ពិតប្រាកដនោះទេ លុះត្រាតែធ្វើការបូជា (សម្លាប់) ក្របីទឹកនៅក្នុងពិធីបុណ្យសពនោះ ដោយយល់ថា ក្របីទឹក គឺជាយានជំនិះដឹកទៅរកជាតិថ្មី។

យ៉ាងណាមិញ បើតាមប្រភពវីដេអូពី National Geographic បានបង្ហាញឲ្យដឹងថា មកដល់ពេលបច្ចុប្បន្ន សាកសពត្រូវបានរក្សាទុក ដោយក្រុមគ្រួសាររបស់អ្នកស្លាប់ នៅឯផ្ទះ អាចពី ១ ទៅ ២ សប្ដាហ៍សម្រាប់វណ្ណៈក្រីក្រ ឬជាច្រើនខែឆ្នាំ សម្រាប់វណ្ណៈកណ្ដាល និងវណ្ណៈខ្ពស់ ហើយត្រូវបានយកចិត្ដទុកដាក់ និងផ្ដល់ចំណីអាហារ ដូចជា មនុស្សនៅរស់។ នេះបើតាមសម្ដីអ្នកភូមិបានឲ្យដឹងថា ពួកគេចាត់ទុកថា អ្នកដែលស្លាប់នោះគ្រាន់តែឈឺប៉ុណ្ណោះ ហើយដោយសារតែសេចក្ដីស្រឡាញ់ និងគោរពទើបពួកគេមិនមានអារម្មណ៍ ភ័យខ្លាចអ្វីនោះទេ។

នៅក្នុងនោះ​ បានឲ្យដឹងទៀតថា ជនជាតិ Torajan ខ្លះនៅតែបន្ដ ទំនាក់ទំនងជាមួយនឹងសាកសព តាមរយៈការធ្វើពិធីបុណ្យ ឈ្មោះថា ma'nene' ជាប្រភេទពិធីបុណ្យសពទី២ ដែលក្រុមគ្រួសារមួយចំនួន បានយកសាកសពអ្នកស្លាប់មកខាងក្រៅចេតិយ ដោយធ្វើការផ្លាស់ប្ដូរសំលៀកបំពាក់ឲ្យពួកគេ និងសំអាតខ្លួនប្រាណរបស់ពួកគេ រួមនឹងបោសសំអាតចេតិយផងដែរ ហើយពិធីនេះនឹងធ្វើជារៀងរាល់ឆ្នាំ ឬ២ឆ្នាំម្ដង។

គួរបញ្ជាក់ថា ទាក់ទងទៅនឹងការធ្វើពិធីបុណ្យសពរបស់ ប្រជាជន Torajan ត្រូវបានគេចាត់ទុកថា គឺជាពិធីបុណ្យដ៏ស្មុគស្មាញជាងគេបំផុត នៅក្នុងពិភពលោកនេះ ហើយអ្នកភូមិនៅទីនោះ មានមួយចំនួនបានជំពាក់បំណុល ឬសុខចិត្ដយកប្រាក់សន្សំរបស់ខ្លួន មកចាត់ចែងធ្វើពិធីបុណ្យឲ្យសាច់ញាតិ ធ្វើយ៉ាងណាឲ្យល្អបំផុត ដោយសារតែពិធីបុណ្យសព គឺជាពិធីដែលបង្ហាញពីកិត្តិយស និងកេរ្ដិ៍ឈ្មោះរបស់គ្រួសារ ដែលមិនមែនជាពិធីរៀបការអ្វីនោះទេ។

សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីសកម្មភាពអ្នកភូមិ នាំគ្នារក្សាសាកសព និងពិធីបុណ្យសព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត