ផឹកស៊ី​ ទាស់​ពាក្យ​សម្ដី កាប់​២​ពូថៅ ជាប់​ខ្នោះ

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ពេល​ដែល​ជន​រង​គ្រោះ និង​ជនបង្ក​កំពុង​ស៊ីផឹក​ជាមួយ​គ្នា ក៏​ស្រាប់តែ​ទាស់​ពាក្យ​សម្ដី​នឹង​គ្នា​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​ជន​បង្ក​ទាញ​បាន​ពូថៅ​មក​កាប់​ប្រហារ​ចំ​ក្បាល​ជន​រង​គ្រោះ​ដេក​ដួល​នៅ​នឹង​កន្លែង ហូរ​ឈាម​ពេញ​មុខ និង​ខ្លួន ចំណែក​ជន​បង្ក​ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ម៉ុង​សក្តិ​៥ ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ព្រៃកប្បាស បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ដែល​រង​ការ​កាប់​ប្រហារ​ពី​ជន​បង្ក​មានឈ្មោះ គង់ ផ​ល្លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សំបួរ ឃុំ​តាំង​យ៉ាប់ ស្រុក​ព្រៃកប្បាស ត្រូវ​ជន​បង្ក​កាប់​ត្រូវ​ចំនួន​២​ពូថៅ ចំ​ក្បាល​១​ពូថៅ និង​ត្រូវ​ចំហៀង​ខ្លួន​១​ពូថៅ រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ចំណែក​ជន​បង្ក​មានឈ្មោះ រ៉ុ​ង ពេជ្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម មក​ស្នាក់​នៅ​នឹង​ធ្វើ​ម៉ុង​នៅ​ភូមិ​ខាងលើ ។

នគរបាល​ព្រហ្មទណ្ឌ​ស្រុក បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ជន​បង្ក​បាន​អង្គុយ​ផឹកស្រា​ជាមួយ​គ្នា ពេល​អង្គុយ​ផឹក​នោះ​ក៏​មាន​ទំនាស់​ពាក្យ​សម្ដី​យ៉ាង​ខ្លាំង ហើយ​ជនល្មើស​ក៏​បាន​ទាញ​ពូថៅ​កាប់​ចំ​ក្បាល​ជន​រង​គ្រោះ​តែ​ម្ដង ក្រោយ​ពេល​កើតហេតុ ជនល្មើស​មិន​បាន​គេចខ្លួន​ទេ បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ចាប់ខ្លួន​តែ​ម្ដង​។

ជន​បង្កហេតុ បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​២​ពូថៅ​ពិតប្រាកដ​មែន ដោយ​ជន​រង​គ្រោះ​និយាយ​ពាក្យ​សម្ដី​មិន​សមរម្យ​លើ​រូបគេ ។

លោក​វរសេនីយ៍ទោ សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បានឱ្យ​ដឹង​ថា នៅ​ពេល​នេះ​លោក​កំពុង​តែ​កសាង​សំណុំរឿង​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៦​នេះ បាន​បញ្ជូន​ជន​បង្ក និង​វត្ថុ​តាង ទៅ​សាលាដំបូង​ខេត្ត ដើម្បី​កាត់ទោស​ទៅ​តាម​ច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត