លាន់​ដូច​រន្ទះ ! ឡិច​ស៊ី​ស​ បុក​ហ៊ី​យ៉ា​ន់​ដាយ ​ដាច់​កង់​ក្រោយ​ ក្រឡាប់​ផ្ងារជើង

ខេត្តកំពង់ចាម ៖ រថយន្ត​ឡិច​ស៊ី​ស RX300 បាន​បោះពួយ​យ៉ាង​លឿន​ទៅ​បុក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​របស់​ក្រុម​តន្ត្រីសម័យ​លាន់​ដូច​រន្ទះ​ខែប្រាំង ឡើង​ដាច់​កង់​ក្រោយ​រួច​ក្រឡាប់​ផ្ងារជើង​ឡើង​លើ និង​បណ្ដាល​ឲ្យ​រង​របួស​៧​នាក់​ដេក​រដូករណែល​លើ​ថ្នល់ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៦ ចំណុច​ផ្លូវបំបែក​ជា​បួន​សាលា​ទួល​ថ្ម ស្ថិត​ក្នុងភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ចំណែក​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​សបាន​រត់គេច​ខ្លួន​បាត់ ។

នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ក្រុម​តន្ត្រីសម័យ​​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាកលេខ យ-2337 ភព២ បាន​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​បើក​ឆ្លងផ្លូវ​បំបែក​ជា​បួន​មិន​ទាន់​ផុត​ផង ក៏​ត្រូវ​បាន​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2L-3983 ដែល​បាន​បើក​មក​ពី​កើត​ទៅ​លិច​បុក​ពេញទំហឹង​លាន់​ដូច​រន្ទះ​ដាច់​កង់​រថយន្ត​ហ៊ី​យ៉ា​ន​ដាយ​ខាងក្រោយ​ផ្នែកខាង​​ស្តាំ រួច​ក្រឡាប់​បះជើង​ច្រូង និង​បណ្ដាល​ឲ្យ​របួស​ក្រុម​តន្ត្រីសម័យ​ជា​ច្រើន​នាក់​ដេក​រដូករណែល​នៅ​លើ​ថ្នល់ ។

ប្រភព​ពី​ស្ត្រី​ម្នាក់​«​មិន​បាន​ប្រាប់​ឈ្មោះ​»​បាន​ឲ្យ​ដឹង​ថា រថយន្ត​សណ្តោង​របស់​គាត់​បាន​បើក​ចេញ​មក​ពី​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​៣១​មីនា ចៃដន្យ​បែក​កង់​រេ​ទៅ​កៀរ​បង្កាន់ដៃ​ស្ពានបេតុង​ក្នុងស្រុក​បា​ធា​យ ។

ពេល​នោះ​អ្នកបើកបរ​រថយន្ត​បាន​ទូរស័ព្ទ​មក​ប្រាប់​ប្តី​របស់​គាត់​ឲ្យ​ចេញ​ទៅ​មើល​រថយន្ត ដោយសារ​តែ​មិន​មាន​រថយន្ត​ជិះ​នោះ​ក៏​បាន​ទៅ​ខ្ចី​រថយន្ត​របស់​ប្អូនថ្លៃ​ប្រុស​ជិះ ។

ពេល​មក​ដល់​ត្រង់​ផ្លូវបំបែក​ជា​បួន​ម្ដុំ​សាលា​បឋម​សិក្សា​ទួល​ថ្ម ដោយ​មិន​បានឃើញ​មាន​អ្វី​នៅ​ពីមុខ​នោះ​ទេ គ្រាន់តែ​បើក​ឆ្លង​ចូល​ដល់​ផ្លូវបំបែក​ជា​បួន​ក៏​វាក់​​នឹង​រថយន្ត​ក្រុម​ភ្លេង ដែល​បើក​ពី​ត្បូង​មក​ជើងចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​រថយន្ត​នោះ​រហូត​ផ្ទុះ​ពោង​សុវត្ថិភាព​រថយន្ត​ឡិច​ស៊ី​ស តែ​អ្នកបើកបរ​មិន​បាន​រង​របួស​នោះ​ទេ ។

ក្នុង​ពេល​នោះ​ក្រុម​តន្ត្រីសម័យ​​៣​នាក់​បាន​ចាប់​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស​តែ​ចាប់​មិន​ជាប់​ក៏​ប្រឹង​រើ​រួច​ក៏​រត់​ឆ្ពោះ​មក​ផ្ទះ​សាច់ញាតិ​នៅ​ម្តុំ​ក្រោយ​សាលា​គ​ថ្លង់​ក្នុងភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ប្រាប់​ថា ក្រោយ​ពី​រថយន្ត​តន្ត្រីសម័យ​ក្រឡាប់​នោះ​បណ្តាល​ឲ្យ​របួស​តន្ត្រីករ​៧​នាក់​ផង​ដែរ ។

គរបាល​ចរាចរណ៍​អធិការដ្ឋាន​ក្រុង​កំពង់ចាម​បញ្ជាក់​ថា វត្ថុ​តាង​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​បញ្ជូន​មក​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ដោះស្រាយ​តាម​ច្បាប់ តែ​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត