មុខម្ហូប​ខ្មែរ​ណាខ្លះ នឹង​បង្ហាញ​ក្នុង​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ

ខេត្តសៀមរាប ៖ លោកស្រី ចម និម្មល ប្រធាន​ក្រុមការងារ​ផ្នែក​រៀបចំ​កម្មវិធី​ស្រុក​យើង​នៃ​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​ខាង​មុខ​នេះ បានឱ្យ​ដឹង​ថា ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​នេះ នឹង​មាន​បន្ថែម​កម្មវិធី​ថ្មី​មួយទៀត ដែល​ពី​ឆ្នាំ​មុន​មិន​ទាន់​មាន គឺជា​កម្មវិធី«​ស្រុក​យើង​» ។

កម្មវិធី​នេះ នឹង​ធ្វើការ​បង្ហាញ​អំពី​មុខម្ហូប​ខ្មែរ​សុទ្ធ ដែល​បាន​មក​ពី​១០​តំបន់​នៃ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​បង្ហាញ​ឱ្យ​ភ្ញៀវ​ទេសចរនិង​អន្តរជាតិ បានឃើញ​និង​ស្គាល់​មុខម្ហូប​ខ្មែរ​ប្រចាំ​តំបន់​នីមួយ​ៗ ជា​ពិ​សេ​សេ​ចង់​លើក​ស្ទួយ​មុខម្ហូប​ខ្មែរ ក្នុង​នោះ មាន​មក​ពី​តំបន់​មាត់សមុទ្រ តំបន់​ភ្នំក្រវាញ តំបន់​ទំនាប​ពាយ័ព្យ តំបន់​បឹង​ទន្លេសាប តំបន់​ភ្នំ​ដងរែក តំបន់​ទំនាប​ចតុមុខ តំបន់​មេគង្គ​លើ តំបន់​ទំនាប​កណ្តាល តំបន់​ដីក្រហម និង​តំបន់​ខ្ពង់រាប​ឦសាន ។

លោកស្រី ចម និម្មល ប្រធាន​ក្រុមការងារ​រៀបចំ​កម្មវិធី​ស្រុក​យើង​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​មុខម្ហូប​មក​ពី​តំបន់​នីមួយ​ៗ គឺ​ត្រូវ​ផ្សំ​គ្រឿង និង​បន្លែ​ធម្មជាតិ​សុទ្ធសាធ​នៅ​តំបន់​នោះ អ្នក​ទៅ​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​នេះ នឹង​បាន​ភ្លក់​រសជាតិ​ទាំងនេះ​ថា តើ​ឆ្ងាញ់​ប៉ុណ្ណា ។

លោកស្រី ចម និម្មល ប្រធាន​ក្រុមការងារ​ជឿជាក់​ថា កម្មវិធី​ស្រុក​យើង នា​ឱកាស​នោះ នឹង​មានការ​គាំទ្រ​ជា​ច្រើន ហើយ​ក៏​ធ្វើ​ឱ្យ​មុខម្ហូប​មក​ពី​តំបន់​ទាំង​១០​នេះ កាន់តែ​មាន​ភាព​ល្បីល្បាញ និង​ជា​មោនភាព​សម្រាប់​ទីក្រុង​ទេសចរណ៍​នៃ​ខេត្តសៀមរាប​ផង​ដែរ​៕