ក្រសួងយុត្តិធម៌​កំពុង​សិក្សា​សំណើ​លើកលែងទោស​និង​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

រាជធានី​ភ្នំពេញ ៖ លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ការ​លើកលែងទោស​ទណ្ឌិត​សម្រាប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ខាង​មុខ​នេះ ក្រុមការងារ​បច្ចេកទេស​ក្រសួងយុត្តិធម៌ កំពុង​តែ​ពិនិត្យ​សំណើ​ពី​ប្រធាន​ពន្ធនាគារ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វ​ង្គ វ​ឌ្ឍា​នា ជាមួយ​គណៈប្រតិភូ​សភា​សហគមន៍​អឺរ៉ុប ដឹកនាំ​ដោយ​លោក Josef  Weiddenholzer អនុ​គណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នា​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា នៅ​ទីស្តីការក្រសួង លោក គឹ​ម សន្តិភាព បានបញ្ជាក់​ថា «​ការ​លើកលែងទោស និង​បន្ធូរបន្ថយទោស​ទណ្ឌិត នៅ​ថ្ងៃ​ចូល​ឆ្នាំ ក្រុមការងារ​បច្ចេកទេស​កំពុង​ពិភាក្សា ខ្ញុំ​មិន​អាច​ជម្រាប​ជូន​បាន​យ៉ាងម៉េច​ទេ ។ ដោយសារ​យើង​ទទួល​បាន​សំណើ​ពី​ប្រធាន​ពន្ធនាគារ​រាជធានី​-​ខេត្ត ហើយ​យើង​ទទួល​បាន​សំណើ​ពី​ពន្ធនាគា​១២​ខេត្ត និង​កំពុង​ពិភាក្សា ។ ខ្ញុំ​មិន​អាច​ជម្រាប​ជូន​ពី​ចំនួន​ទណ្ឌិត​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ក្រោយ​ពី​ក្រុមការងារ​បច្ចេកទេស​ពិនិត្យ​រួច អាច​ជម្រាប​ជូន​បាន​នៅ​ពេល​ក្រោយ​» ។

ទោះជា​មានការ​សាកសួរ​ពី​អ្នក​សារព័ត៌មាន យ៉ាងណា​ក្តី ក៏​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ មិន​បាន​បង្ហាញ​ពី​ចំនួន​ទណ្ឌិត​ដែល​ត្រូវ​លើកលែងទោស​និង​បន្ធូរ​បន្ថយទោស​នោះ​ទេ ។ ជាង​នេះ​ទៀត ថ្ងៃ់​កំណត់​សម្រាប់​ប្រជុំ​សម្រេច​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​ក៏​មិន​ទាន់​ដឹង​ដែរ ។

ចំណែក​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​មួយ​រូប​ទៀត គឺ​លោក ជិន ម៉ា​លី​ន ធ្លាប់​បាន​លើក​ឡើង​ថា ការ​សម្រេច​លើកលែងទោស​ឬ​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត គឺ​ធ្វើ​ឡើង​ដោយ​យុត្តិធម៌ ព្រោះ​ទណ្ឌិត​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការ​វាយតម្លៃ​ពី​ថ្នាក់​ក្រោម​ជាតិ​រហូត​ដល់​ថ្នាក់​ក្រសួងយុត្តិធម៌ ដែល​មាន​លោក​រដ្ឋមន្ត្រី​ជា​ប្រធាន​គណៈកម្មការ ។
ទណ្ឌិត​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​លើកលែងទោស​និង​បន្ធូរ​បន្ថយទោស ចំនួន​៣​ដង​ក្នុង​មួយ​ឆ្នាំ គឺ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ពិធីបុណ្យ​មាឃបូជា និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ។

បើ​ទោះបីជា​មានការ​អះអាង​ពី​មន្ត្រី​ក្រសួងយុត្តិធម៌ ចំពោះ​ការ​លើកលែងទោស​និង​បន្ធូរ​បន្ថយទោស​យ៉ាងណា​ក្តី ក៏​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ងារ​លើ​ពន្ធនាគារ បាន​ស្នើ​ឱ្យ​ក្រសួងយុត្តិធម៌​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការ​លើកលែងទោស​ប្រកបដោយ​យុត្តិធម៌ ដោយ​អ្នកទោស​ទាំងអស់​ទទួល​បាន​សិ​ទិ្ធ​ស្មើគ្នា ។

គួរ​បញ្ជាក់​ថា ទណ្ឌិត​ដែល​ត្រូវ​បាន​លើកលែងទោស គឺ​បន្ទាប់​ពី​បាន​អនុវត្ត​ទោសចំនួន​២​ភាគ​៣ ដោយឡែក​ដែល​ត្រូវ​បាន​បន្ធូរបន្ថយទោស គឺ​បន្ទាប់​ពី​បាន​អនុវត្ត​ទោស​១​ភាគ​៣ និង​ការ​អនុវត្ត​បាន​ត្រឹមត្រូវ​នៅ​ក្នុងពន្ធនាគារ ។ ការ​លើកលែងទោស​ដល់​ជនឧក្រិដ្ឋ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ៕