កាស៊ីណូ​អត់​ច្បាប់​នៅ​តែ​បើក ទាល់តែ​ចុះ​ទៅ​បិទ​ទើប​ឈប់

ខេត្តមណ្ឌលគិរី ៖ កាស៊ីណូ​ហួស​សុពលភាព​មួយ ដែល​គេ​ចោទ​ថា ថ្លើមពាសមេឃ មា​នទី​តាំងនៅ​ជិត​ច្រក​ទ្វារ​ឡា​ប៉ា​ខេ ស្ថិត​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​-​ស្រុក និង​អាវុធហត្ថ​ស្នាក់​ការ​សន្តិ សុខ ចុះ​ទៅ​ត្រួតពិនិត្យ​និង​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​៣១ មីនា តាំងពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​ថ្ងៃត្រង់ រហូត​ដល់​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់​ថ្ងៃ​ដដែល ទើប​បញ្ចប់ ។

លោក ចេ​ង សូ​រិ​យា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ដែល​ចុះ​ប្រតិបត្តិការ​លើ​ករណី​លើ​ខាងលើ​បានឱ្យ​ដឹង​ថា  កាស៊ីណូ​នេះ​បាន​ហួស​ច្បាប់​អនុញ្ញាត​តាំងពី​ខែធ្នូ ២០១៥ មក​ម្ល៉េះ ប៉ុន្តែ​ថៅកែ​កាស៊ីណូ​នៅ​តែ​បន្ត​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ចូល​លេង​ដដែល ។

លោក​បន្ត​ថា នៅ​ពេល​សមត្ថកិច្ច​សុំ​ត្រួតពិនិត្យ​ច្បាប់​អនុញ្ញាត តំណាង​របស់​កាស៊ីណូ​បាន​យក​ច្បាប់​ដែល​ហួស​សុពលភាព​មក​បង្ហាញ រួម​ជាមួយនឹង​លិខិតស្នើ​សុំ​ច្បាប់​ថ្មី​មួយ​ច្បាប់​ដែល​ចុះ​ថ្ងៃខែ​កាលពី​ខែមករា ២០១៦ មក​ឱ្យ​សមត្ថកិច្ច​មើល ខណៈ​ច្បាប់​អនុញ្ញាត​ថ្មី​មិន​ទាន់​ធ្លាក់​មក ។ អ៊ីចឹង​កាស៊ីណូ​នេះ មិន​ខុស​ពី​កាស៊ីណូ​ខុសច្បាប់​ឡើយ ។ លោក​ថា ព្រោះ​មិន​ទាន់​មានច្បាប់​អនុញ្ញាត​ថ្មី​ធ្លាក់​មក​ផង តែ​ម្ចាស់​កាស៊ីណូ​នោះ​ហ៊ាន​ឱ្យ​ភ្ញៀវ​ចូល​លេង​ពេញ​ៗ នេះ​ជា​ការ​បញ្ជាក់​បន្ថែម របស់​លោក​មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្ត ។

លោក សាន សុភៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​ពេល​នេះ​យើង​គ្រាន់តែ​ចុះ​មក​ពិនិត្យ​និង​ធ្វើ​ស្ថិតិ​ចំពោះ​ជនបរទេស​ដែល​ចូល​មក​លេង​ក្នុង​កាស៊ីណូ​ខាងលើ​ថា តើ​មានច្បាប់​ត្រឹមត្រូវ​ដែរ​ឬ​អត់? ចំពោះ​ចំណាត់ការ​យ៉ាងណា​នោះ មិន​ត្រូវ​បាន​លោក សាន សុភៈ បញ្ជាក់​ឱ្យ​ដឹង​នោះ​ទេ ព្រោះ​សមត្ថកិច្ច​កំពុងធ្វើការ​បន្ត ។ ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ច្បាប់​របស់​កាស៊ីណូ​ដែល​មានឈ្មោះ HOANG DIEU គេ​សង្កេត​ឃើញ​មាន​ជន​វៀតណាម​ទាំងស្រី​ប្រុស ក្មេង​ចាស់​ប្រមាណ​ជិត​៣០០​នាក់ កំពុង​សម្ងំ​លេងល្បែង​រាប់​សិប​មុខ​ក្នុង​កាស៊ីណូ ។  មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​ឃើញ​មាន​វត្តមាន​ជនជាតិ​ខ្មែរ​ចូល​ទៅ​លេងល្បែង​ក្នុង​កាស៊ីណូ​ខាងលើ​ដែរ តែ​អ្នកខ្លះ​រត់​ចេញ​ក្រៅ​អស់​មួយ​ចំនួន​ធំ ។

ប្រភព​ដែល​កោះសន្តិភាព​ទទួល​បាន​នឹង​ទុកចិត្ត​ចំ​ផុត​បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ជនជាតិ​វៀតណាម​ប្រមាណ​៣០០​នាក់​នោះ ភាគច្រើន​ពួក​គេ​ចូល​មក​លេងល្បែង​ដោយ​ខុសច្បាប់ គឺ​មាន​ចំនួន​តិចតួច​ណាស់​ដែល​ចូល​មក​លេង​ស្របច្បាប់ ព្រោះ​ជនជាតិ​វៀតណាម​ទាំងនោះ មិន​មាន​លិខិតឆ្លងដែន ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កាស៊ីណូ​និង​ច្រកព្រំដែន​ខាងលើ​បាន​និយាយ​ថា ជា​រៀងរាល់ថ្ងៃ​គេ​តែង​ឃើញ មាន​រថយន្ត​ប្រភេទ​កូរ៉េ​ពីរ​គ្រឿង​បាន​ដឹក​ជញ្ជូន​ជនជាតិ​វៀតណាម តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ​ឆ្ពោះទៅ​កាស៊ីណូ HOANG DIEU ដែល​មាន​ចម្ងាយ​ប្រមាណ​តែ​២០០​ម៉ែត្រ​ពី​ដង​ប៉ា​រាស់​ព្រំដែន ។ ប្រជាពលរដ្ឋ​បាន​បន្ត​ថា មិនមែន​មាន​តែ​ជនជាតិ​វៀតណាម​ទេ ដែល​ចូល​មក​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​នេះ សូ​ម្បី​ជនជាតិ​ខ្មែរ​ទាំងប្រុស​ទាំងស្រី ក៏​និយម​ចូល​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​ហ្នឹង​ដែរ ហើយ​ភាគច្រើន​ជនជាតិ​ខ្មែរ​ប្រុស​ៗ​ចូល​ទៅ​លេងល្បែង​បញ្ជល់មាន់​ស្ទើរ​ភ្លូក​ទឹក ភ្លូក​ដី​រាល់ថ្ងៃ ។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​បាន​លើក​ឡើង​ថា ការ​អនុញ្ញាត​ឱ្យ​ជនជាតិ​ដទៃ​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​សេរី​មិន​មានច្បាប់​ទម្លាប់​បែប​នេះ គឺ​កំពុង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា​៖
១-​ខាតបង់​ថវិកា​បង់​ចូលជាតិ ព្រោះ​នៅ​ពេល​មាន​ជនជាតិ​បរទេស​ណា​ម្នាក់ ត្រូវការ​ចូល​មក​លេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ទិញ​សំបុត្រ​ចូល ដើម្បី​សម្គាល់​អត្តសញ្ញាណ ។
២-​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​អសន្តិសុខ និង​ស​ណ្នា​ប់​ធ្នាប់ ព្រោះ​សមត្ថកិច្ច​មិន​អាច​កំណត់​អត្តសញ្ញាណ​របស់​ជនបរទេស​ទាំងនោះ​ថា ពួក​គេ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​អំពើ​ខុសច្បាប់​ដែរ​ឬ​យ៉ាងណា ? ការ​ចេញចូល​ដោយ​សេរី​របស់​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​មួយ​ចំនួន ត្បិត​អាច​មាន​ជន​ឱកាសនិយម​មួយ​ចំនួន​បន្លំ​ចូល​មក​ប្រព្រឹត្ត​បទល្មើស​នានា​លើ​ទឹកដី​ខ្មែរ ព្រោះតែ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​សមត្ថកិច្ច ។

មហាជន​ដែល​តាមដាន​សកម្មភាព​ចេញ​-​ចូល​របស់​ជនជាតិ​វៀតណាម​ដែល​ចូល​មក​លេងល្បែង​នៅ​កាស៊ីណូ HOANG DIEU បាន​រិះគន់​នគរ​ប៉ុស្តិ៍ ច្រក​ទ្វេភាគី​ព្រំដែន​ឡា​ប៉ា​ខេ នឹង​មន្ត្រី​ជំនាញ​នានា ដែល​មាន​តួនាទី​យាមកាម​នៅ​ច្រកព្រំដែន​នោះ​ថា ព្រោះតែ​ប្រយោជន៍​បុគ្គល​អស់លោក​បែរជា​ភ្លេច​គិត​ពី​បញ្ជា​ដែល​អាច​កើត​មាន​ជាយថាហេតុ ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី គួរ​ចាត់វិធានការ​ចំពោះ​មន្ត្រី​របស់​លោក​ផង ព្រោះ​ភាព​អសកម្ម​របស់​មន្ត្រី​ក្រោម​ឱវាទ​របស់​លោកស្នងការ​មិនមែន ទើបតែ​កើត​មាន​នោះ​ទេ គឺ​មាន​រាប់​ខែ​ឆ្នាំ​មក​ហើយ​តាំងពី​កាស៊ីណូ HOANG DIEU បើក​ដំណើរការ​មក​ម្ល៉េះ ៕