ព្រះរាជអាជ្ញា​សម្រេច​ចោទប្រកាន់​ប្រធាន​ការិយាល័យ​មួយ​រូប​ នៅ​នាយកដ្ឋាន​អាស៊ី​២​នៃ​ក្រសួងការបរទេស​ពី​បទ​នីតិក្រម​

ព្រះរាជអាជ្ញា​សម្រេច​ចោទប្រកាន់​ប្រធាន​ការិយាល័យ​មួយ​រូប​ នៅ​នាយកដ្ឋាន​អាស៊ី​២​នៃ​ក្រសួងការបរទេស​ពី​បទ​នីតិក្រម​



ភ្នំពេញ ៖ ប្រធាន​ការិយាល័យ​អូស្ត្រាលី ញូ​វ​ហ្សេ​ឡេ​ន នៃ​នាយកដ្ឋាន​អាស៊ី​២ របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ឈ្មោះ អ៊ា សែ ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ហើយ កាលពី​ល្ងាច​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែមីនា កន្លងទៅ។

លោក អ៊ា សែ ត្រូវ​បាន​អង្គ​ប្រឆាំង​អំពើពុករលួយ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​៥ និង​៣០ នាទី​ល្ងាច​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ការរត់​ឯកសារ​មិន​ប្រក្រតី និង​យក​លុយ​ពី​ក្រុមហ៊ុន​បរទេស ហើយ​ករណីនេះ លោក លី សុផាន់​ណា ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​អ្នក​កាន់​សំណុំរឿង និង​សាកសួរ​។

ទាក់ទង​បញ្ហា​នេះ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍​កាលពី​យប់​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ ថា “​លោក អ៊ា សែ ប្រធានការិយាល័យ​អូស្ត្រាលី ញូ​វ​ហ្សេ​ឡង់ នាយកដ្ឋាន​អាស៊ី​២ ត្រូវ​បាន​ព្រះរាជអាជ្ញា​បាន​ទទួល​ចោទប្រកាន់​ហើយ​ពី​បទ​នីតិក្រម ហើយ​មនុស្ស​ម្នាក់​ហ្នឹង​មាន​សំណុំរឿង​ច្រើន តែ​យើង​ធ្វើ​តែមួយ​ទេ ពាក់ព័ន្ធ​ទារ​លុយ​ពី​ក្រុមហ៊ុន​បរទេស​។ អង្គ​ប្រឆាំង​អំពើពុករលួយ បាន​ចាប់​នាំខ្លួន​មន្ត្រី​រូបនោះ កាលពី​វេលា​ម៉ោងជាង​១១ ព្រឹក ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ នៅក្នុង​ក្រសួងការបរទេស។

បន្ទាប់ពី​ការ​ចាប់ខ្លួន​មន្ត្រី​រូប​នោះ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រកាស​ប្រាប់​មន្ត្រី​របស់​ខ្លួន​នៅ​ក្នុង​ក្រសួង​ទាំងអស់​កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​បាន​បញ្ជាក់​ថា ការ​ចាប់ខ្លួន​មន្ត្រី​ក្រសួងការបរទេស ដោយសារ​មាន​ភស្តុតាង​ច្បាស់លាស់ អំពី​ការទទួល​លុយ​ពី​ក្រុមហ៊ុន​បរទេស ដើម្បី​ប្រថាប់ត្រា​លើ​ឯកសារ ដែល​មិន​ពាក់ព័ន្ធ​នឹង​ក្រសួងការបរទេស ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុង​តែធ្វើការ​ស៊ើបអង្កេត​បន្តទៀត​ទាក់ទង​នឹង​បញ្ហា​នេះ ដូច្នេះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំង​អស់​រក្សា​ភាព​ស្ងប់ស្ងាត់ និង​បន្ត​ការងារ​របស់​ខ្លួន​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អ​អន្តរជាតិ បាន​និយាយ​ថា ការ​នាំ​ខ្លួន​មន្ត្រី​ក្រសួងការបរទេស គឺជា​ការ​បំពេញ​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយមាន​ភត្តុតាង​ច្បាស់លាស់​។ លោក​បាន​បញ្ជាក់​ទៀតថា មន្ត្រី​រូបនោះ បាន​យក​ឯកសារ​របស់​ក្រុមហ៊ុន​ឯកជន​មក​រត់ការ ហើយ​យក​មក​ពាក់ព័ន្ធ​ជាមួយ​ក្រសួងការបរទេស ដែល​មិនមែន​ជា​ការទទួលខុសត្រូវ​របស់​ក្រសួងការបរទេស​។ ចំពោះ​ករណីនេះ នៅ​មិនទាន់​ដឹង​ថា តើ​មាន​ការ​ជាប់​ព័ន្ធ​ជាមួយ​មន្ត្រី​ណាខ្លះ​ទេ​៕