ជប៉ុន​ គ្រោង​បន្ត​ជួយ​បណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​តាម​ស្តង់ដារ​ដល់​កម្ពុជា​

ជប៉ុន​ គ្រោង​បន្ត​ជួយ​បណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​តាម​ស្តង់ដារ​ដល់​កម្ពុជា​



ភ្នំពេញ​ ៖​ លោក ពេ​ជ សោភ័ណ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​ត្រឡប់​ពី​ប្រទេស​ជប៉ុន​នៅ​អាកាសយាន​អន្តរជាតិ កាលពី​យប់​ថ្ងៃ​ទី​០១​មេសា​ថា ​រដ្ឋាភិបាល​ជប៉ុន​ គ្រោង​នឹង​បន្ត​ជួយ​បណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​ស្រប​តាម​ស្តង់ដារ​ដល់​កម្ពុជា។ កាល​ពី​ពេល​ថ្មីៗ​នេះ ​លោក​ ពេ​ជ ​សោភ័ណ​ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​។​ ដំណើរ​ទស្សនកិច្ច​នេះ​ជា​ការ​អនុវត្ត​គម្រោង​របស់​ប្រទេស​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​គ្រូ​លើ​ផ្នែក​គ្រឿង​យន្ត គម្រោង​នេះ​មាន​រយៈពេល​២​ឆ្នាំ​ដែល​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ។

លោក ​ពេ​ជ​ សោភ័ណ​ បាន​មានប្រសាសន៍​បន្ត​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​បាន​ជួប​ជាមួយ​នឹង​តំណាង​ក្រសួង​ដែនដី​ជប៉ុន ក្រសួងការបរទេស ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​ព្រឹទ្ធសភា​របស់​ប្រទេស​ជប៉ុន និង​តំណាង​ក្រុមហ៊ុន​ផ្សេងៗ ​ដើម្បី​ស្វែងយល់​ពី​បច្ចេកទេស និង​ការ​គាំទ្រ​របស់​ប្រទេស​ជប៉ុន។

លោក​រដ្ឋលេខាធិការ​សង្ឃឹម​ថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នេះ ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​បន្ថែម​ទៀត ដោយសារ​តែ​កម្ពុជា​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន លើ​ផ្នែក​បច្ចេកទេស​យានយន្ត​។​ ឯកឧត្ដម​មាន​លើក​ឡើង​ថា ទាំង​ក្រុមហ៊ុន​ឯកជន និង​ក្រសួង ​សុទ្ធតែ​គាំទ្រ​ចំពោះ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​បច្ចេកទេស​យានយន្ត​នេះ។​

លោក​បាន​មានប្រសាសន៍​ទៀត​ថា បច្ចុប្បន្ន​នេះ ​កម្ពុជា​មាន​បញ្ហា​ប្រឈម​លើ​ផ្នែក​ធនធាន​មនុស្ស​គ្រូ​មាន​មែន​តែ មិនទាន់​ឆ្លើយតប​ចំពោះ​ចំណុច​ខ្វះខាត​បាន​នៅ​លើ​នោះ​ទេ ដោយសារតែ​បច្ចុប្បន្ន​មាន​រថយន្ត​ប្រភេទ​ថ្មីៗ​ជាច្រើន កំពុង​មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​កម្ពុជា ដូច្នេះ​បញ្ហា​ការ​ថែទាំ​និង​ការរៀបចំ បច្ចេកទេស​រថយន្ត​ថ្មី នៅតែ​ជា​បញ្ហា។​ យ៉ាងណាក៏ដោយ ភាគី​ជប៉ុន បាន​គាំទ្រ​កម្ពុជា ក្នុង​ការ​បញ្ជូន​សិក្ខាកម្ម​ទៅ​សិក្សា​បន្ថែម​ពី​ប្រទេស​ជប៉ុន ដើម្បី​រៀន​សូត្រ​ពី​ការថែទាំ​ និង​បច្ចេកទេស​រថយន្ត​ប្រកបដោយ​ស្តង់ដារ​ខ្ពស់។

លោក​បាន​បន្ថែម​ថា ​គម្រោង​ថ្មី​ដែល​ជប៉ុន គ្រោង​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​នេះ​មាន​លក្ខណៈ​ធំ​ជាង​គម្រោង​ចាស់​។ ​ធំ​ជាង​ ព្រោះ​គម្រោង​មួយ​នេះ មាន​ទាំង​កន្លែង​ឈាក និង​បច្ចេកទេស​រថយន្ត​ប្រកបដោយ​ស្តង់ដារ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​៕

ជប៉ុន​ គ្រោង​បន្ត​ជួយ​បណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​តាម​ស្តង់ដារ​ដល់​កម្ពុជា​