ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​បង្ហាញ​កិច្ចសន្យា​វិនិយោគ​ដី​សម្បទាន

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល នៅ​ខេត្ត​ត្បូងឃ្មុំ រក​ឃើញ​ថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​រំលោភ​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​ដី​ប្រជាពលរដ្ឋ។ ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បង្ហាញ​កិច្ចសន្យា​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល នៅ​ខេត្ត​ត្បូងឃ្មុំ រក​ឃើញ​ថា មាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្លះ​មិន​បាន​គោរព​តាម​គោលការណ៍​ច្បាប់ ដូចជា​រក្សាទុក​ដី​ទំនេរ​ចោល​ជា​ច្រើន​ឆ្នាំ ហើយ​ខ្លះ​យក​ដី​របស់​ខ្លួន​ទៅ​ជួល​ឱ្យ​ឯកជន ឬ​ជនបរទេស​បន្ត ហើយ​មាន​ខ្លះ​ទៀត​ជា​ក្រុមហ៊ុន​វិនិយោគ​ដែល​បាន​ដី​តាម​រយៈ​ទិញ​ដី​សហគមន៍​ពី​ប្រជាពលរដ្ឋ​ជាដើម។

ថ្លែង​ក្រោយ​ពេល​សម្រាក​កិច្ចប្រជុំ​បណ្ដាញ​សហគមន៍​ដីធ្លី​នៅ​ទីស្នាក់ការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម ពលរដ្ឋ​មក​ពី​ឃុំ​ទន្លូង ស្រុក​មេមត់ មួយ​រូប លោក ទេព បិះ ឱ្យ​ដឹង​ថា ដោយសារតែ​ទំហំ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​វិនិយោគ​នៅ​ស្រុក​មេមត់ មាន​ភាព​មិន​ច្បាស់លាស់ គឺ​បណ្ដាល​ដី​សហគមន៍ ឬ​ដី​សមូហភាព​របស់​ជ​ន​ជាតិ​ដើម​ភាគតិច​ស្ទៀង ត្រូវ​បាត់បង់។ បន្ថែម​ពី​នេះ គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​មាន​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​នៅ​តំបន់​នោះ។

លោក​បន្ត​ថា ក្រុមហ៊ុន​ដែល​មាន​ស្លាក​សម្គាល់​ច្បាស់លាស់ គឺ​មាន​តែ​ក្រុមហ៊ុន ម៉ែន សារុន មួយ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​ផ្ទៃដី​ប្រាកដ​ទេ។ ក្រៅ​ពី​នោះ គឺ​មាន​តែ​ឈ្មោះ និង​កាង​ដី​ទុក​ចោល ដោយ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ប៉ះពាល់​ឡើយ៖ «ខ្ញុំ​សូម​ឱ្យ​អាជ្ញាធរ​ខេត្ត និង​រដ្ឋាភិបាល បង្ហាញ​ពី​ក្រុមហ៊ុន​នៅ​តំបន់​ហ្នឹង​មាន​ប៉ុន្មាន ហើយ​មាន​ផ្ទៃដី​មាន​ប៉ុន្មាន?»

​ក្រៅ​ពី​ស្រុក​មេមត់ នៅ​ស្រុក​តំបែរ វិញ ក្រុមហ៊ុន​ចិន មួយ​ឈ្មោះ ហាមីនីវេន អ៊ីនវេសមេន (Hamenivent Investment) ដែល​កំពុង​ដំណើរការ​ដាំ​ដំណាំ​ផ្សេងៗ គឺ​ទទួល​បាន​ដី​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​ប្រមូល​ទិញ​ដី​សហគមន៍​ពី​ប្រជាពលរដ្ឋ​កាល​ពី​ឆ្នាំ​២០០៩ ដើម្បី​វិនិយោគ។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី លោក ហាក់ សុខមករា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ថា អាជ្ញាធរ​នឹង​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទាំង​នោះ ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​ពួកគាត់​ចំពោះ​ចំណុច​ដែល​មាន​ជម្លោះ ប៉ុន្តែ​ការ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​បង្ហាញ​លិខិត​កិច្ច​សន្យា​វិនិយោគ គឺ​មិន​អាច​ទៅ​រួច​ទេ។

លោក​ថា ប្រសិនបើ​ពលរដ្ឋ ឬ​សង្គម​ស៊ីវិល​ត្រូវ​ការ ពួកគេ​អាច​ស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ​តែម្ដង ពីព្រោះ​អាជ្ញាធរ​ខេត្ត​ជា​អ្នក​គ្រប់គ្រង​ប៉ុណ្ណោះ៖ «គាត់​ប្រជាពលរដ្ឋ ហើយ​គាត់​មក​សុំ​អាជ្ញាធរ​សើរើ​ឯកសារ អ៊ីចឹង​ដូចជា​មិន​ត្រូវ»

​លោក​បញ្ជាក់​ថា ក្រោយ​ពេល​រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ឱ្យ​អាជ្ញាធរ​ណែនាំ​ប្រជាពលរដ្ឋ ឬ​ក្រុមហ៊ុន​បញ្ឈប់​ការជួល​ដី​នៅ​តាម​ព្រំដែន ឱ្យ​ទៅ​ប្រទេស​ជិត​ខាង​នោះ សកម្មភាព​ជួល​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​មិន​មែន​ទៀត​ឡើយ។ លោក​ថា វិវាទ​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ អាជ្ញាធរ​ខេត្ត​នៅ​តែ​បន្ត​ដោះស្រាយ​ជូន​ពលរដ្ឋ​រហូត។

ទោះ​ជា​បែប​នេះ​ក្តី ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​អះអាង​ថា សកម្មភាព​ជួល​ដី​ឱ្យ​ទៅ​ជនជាតិ​វៀតណាម ពី​សំណាក់​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​តែ​កើត​មាន​ដដែល​ដូចជា​ក្រុមហ៊ុន ម៉ែន សារុន ហើយ​ជនជាតិ​វៀតណាម ទាំង​នោះ ថែមទាំង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​អ្នកភូមិ​ទៀត​ផង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត នៅ​តែ​ទទូច​ឱ្យ​អាជ្ញាធរ​ខេត្ត បង្ហាញ​ឯកសារ​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង​នោះ ពីព្រោះ​លោក​ថា ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​នៅ​ស្រុក​មេមត់ មិន​បាន​គោរព​តាម​ច្បាប់​ឡើយ ព្រម​ទាំង​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទៀត​ផង៖ «វា​អត់​មាន​អី​ប្រក្រតី​ទេ ព្រោះ ៧ ក្រុមហ៊ុន​នៅ​ឃុំ​ទន្លូង មិន​មាន​ក្រុមហ៊ុន​ណា​មួយ​ដាក់​ផ្លាក​ទេ ថា​ជា​ក្រុមហ៊ុន​អី​ទេ? ហើយ​អត់​មាន​ធ្វើ​អ្វី​ទេ ក្រុមហ៊ុន​មួយៗ​ទុក​ដី​ចោល ឬ​ជួល​ឱ្យ​យួន»

​លោក នាង សុវ៉ាត លើក​ឡើង​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​នៅ​តែ​មិន​បង្ហាញ​លិខិត​កិច្ចសន្យា​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង​នោះ ទំនាស់​ដីធ្លី​នឹង​មិន​អាច​ដោះស្រាយ​ចប់​ឡើយ ម្យ៉ាង​ធ្វើ​ឱ្យ​ពលរដ្ឋ​សង្ស័យ​ថា អាជ្ញាធរ​អាច​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ទាំង​នោះ ដើម្បី​ទទួល​បាន​ដី​រដ្ឋ​រាប់ពាន់​ហិកតារ​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។